អង្គការសង្គមស៊ីវិលជាង១០០ ស្នើ​ថៃ​​​ដោះលែងតំណាងពលករខ្មែរ៧នាក់

តំណាងពលករខ្មែរ និងក្រុមមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ ប្រមូលផ្ដុំគ្នាដាក់ញត្តិស្នើសុំបណ្ណការងារស្របច្បាប់ នៅពីមុខក្រសួងការងារថៃ ក្នុងទីក្រុងបាងកក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ​ចំនួន១០១​ ស្នើទៅរដ្ឋាភិបាលថៃ ដោះលែង​ពលករចំណាកស្រុ​​ក​មកពីកម្ពុជា ៧នាក់ ដែលអាជ្ញាធរថៃបានចាប់ខ្លួន​ ខណៈពួកគេ​ដាក់ញត្តិ​ទៅ​​ក្រ​សួ​​ងការងារថៃ ទា​មទារឱ្យមានភាព​ប្រសើរឡើងនូវកិច្ចគាំ​ពារសុខុមាលភាព និងសិទ្ធិពលករអន្តោប្រវេសន៍ដែលធ្វើ​ការនៅក្នុងប្រទេសនេះ​អំ​ឡុងវិបត្តិ​​កូវីដ-១៩។

ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិទាំងនោះមានដូចជា អង្គការសង់ត្រាល់ លីកាដូ បណ្តាញពលករតំបន់មេគង្គ មូលនិធិ​ធនធាន​អាស៊ី មូលនិធិសម្រាប់សិទ្ធិជំនួយប្រចាំប្រទេសថៃ និងមជ្ឈ​មណ្ឌល​ជំនួយ​ការ​សម្រាប់​កម្មករ​ប្រចាំ​ប្រទេសហ្វី​លីពីន ជាដើម។

ក្នុងសេចក្តីថ្លែងការណ៍​រួម​មួយ​ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១​ ស្ថាប័ន​ទាំង​នោះបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​បាងក​ក ដោះលែងពលករអ​ន្តោ​​ប្រវេសន៍កម្ពុជាទាំង៧នាក់នោះ​ជាបន្ទាន់ និងចាត់ទុកថា ការចាប់ខ្លួនពួកគេថា «ជាការរំលោភបំពានសិទ្ធិមនុស្ស បន្ទាប់ពីកា​រសម្រេចរបស់រដ្ឋាភិបាលក្រុងបាងកកផ្តល់ការលើកលែងចំពោះពលករអន្តោប្រវេសន៍​ដែលគ្មានឯកសារ​គ្រប់គ្រា​ន់​»

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបាន​អំពាវនាវទៀតថា៖ «ក្រសួងមហាផ្ទៃ និង/ឬក្រសួងការងារថៃ ត្រូវ​គោរពសេចក្តីសម្រេចរបស់រដ្ឋាភិបាល និងសភាថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឱ្យបញ្ឈប់ការពន្យារពេល និងចាប់ផ្តើមអនុវត្ត​ជាបន្ទាន់ចំ​ពោះ​ការផ្តល់ភាពស្រ​បច្បាប់​ដល់ពលករអន្តោប្រវេសន៍ ហើយ​អនុម័ត​ជំហាន​នីតិបញ្ញត្តិ រដ្ឋបាល និងជំហានផ្សេងទៀត​តាមការចាំបាច់ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពចំពោះសិទ្ធិនិងសេរីភាពរបស់ពលករអន្តោប្រវេសន៍»

បើតាមប្រភពដដែល ពលករខ្មែរ​ទាំង៧នាក់ដែលជាប្រតិភូតំណាងក្រុមអង្គការការពារសិទ្ធិពលករអន្តោប្រវេសន៍ក្នុងប្រទេសថៃនោះ​ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា នៅពេលពួកគេ​​យកញត្តិទៅដាក់នៅក្រសួងការងារថៃ​ ដើម្បីស្នើឱ្យស្ថាប័នរដ្ឋាភិបាលមួយនេះធានាផ្តល់លក្ខខ​ណ្ឌសុខុមាលភាព និងសិទ្ធិមនុស្សដែលល្អប្រសើរសម្រាប់ពលករបរទេសអំឡុងវិបត្តិកូវីដ-១៩។ 

ក្នុងលិខិតនោះបន្ថែម​ថា​ ក្នុង​ចំណោមពួកគេទាំង៧នាក់ មាន​ស្រ្តីម្នាក់​មានកូនតូច២នាក់នៅផ្ទះ​កំពុង​​រង់ចាំម្តាយ​​ត្រលប់​​មក​ផ្ទះ​វិញ​​​​នៅ​ពេល​ល្ងាច។

យោងតាមសេចក្តីថ្លែងការណ៍​នោះ ពួកគេទាមទារ៣ចំណុច រួមមាន ស្នើឱ្យមានការណាត់ជួបរវាង​គណៈកម្មាធិការការងារទទួលបន្ទុ​កគ្រប់គ្រងកម្មករបរទេសមកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា និង​តំណាង​ពលករ សង្គមស៊ីវិល និងរដ្ឋ, កាត់បន្ថ​យថ្លៃឈ្នួ​ល និងការចំណាយផ្សេងៗសម្រាប់ការដាក់​ពាក្យស្នើសុំការអនុញ្ញាត​​​បន្ត​ធ្វើការក្នុងប្រទេស និងផ្តល់ការធានារ៉ាប់រងសុខភាពនិងអត្ថប្រយោជន៍​ផ្សេងៗ​ដល់ពលករ ឱ្យស្របតាមលក្ខខណ្ឌដែលក្រសួងសុខាភិបាលថៃ ឬបេឡារបរសន្តិសុខស​ង្គមបានដាក់ចេញ។

វីអូឌី មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីស្ថានទូតថៃ​ប្រចាំនៅប្រទេសកម្ពុជា បានភ្លាមៗនោះទេ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បញ្ជាក់ប្រាប់ វីអូឌី តាមសារ Telegram នៅថ្ងៃនេះថា ពិតជាមានការចាប់ខ្លួនពលករខ្មែរ៧នាក់ កាលពីថ្ងៃទី២៩ ខែតុលា សប្ដាហ៍មុន ពិតមែន ដោយពួកគេបានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅមុខក្រសួងការងារថៃ។ 

លោកបន្ថែមថា៖ «ការឃាត់ខ្លួនមានសរុបទាំងអស់៨នាក់ ក្នុងនោះមានពលករម្នាក់ដែលមានឯកសារត្រឹមត្រូវ ក៏ត្រូ​វ​បានដោះលែងវិញ! រីឯ៧នាក់ទៀតដែលពុំមានឯកសារត្រឹមត្រូវ កំពុងស្ថិតនៅស្នាក់ការនគរបាល ដើម្បីរង់ចាំបញ្ជូនមកកាន់ប្រ​ទេសកម្ពុជាវិញ។ ស្ថានទូតកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីនេះ»៕

សេចក្ដីកែតម្រូវ៖ «ក្នុងសេចក្តីថ្លែងការណ៍​រួម​មួយ​ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១​ […]» ទៅជា «ក្នុងសេចក្តីថ្លែងការណ៍​រួម​មួយ​ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ