ពលរដ្ឋ​៩នាក់​មាន​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់ ត្រូវ​តុលាការ​ខេត្តកោះកុង​កោះហៅ​ចូល​សវនាការ​នៅ​ចុងខែនេះ

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានសាលាដំបូងខេត្តកោះកុងចេញដីកាកោះហៅចូលសវនាការកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

សាលាដំបូងខេត្តកោះកុង កោះហៅ​តំណាងពលរដ្ឋចំនួន៩នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ស្ថិតក្នុងស្រុកស្រែអំបិល ចូលសវនាការ​នៅចុង​ខែនេះ ទៅតាមបណ្ដឹងរបស់​ម្ចាស់ក្រុម​ហ៊ុន។

កាលពីឆ្នាំ២០១៩ ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ និងជាមន្ត្រីនគរបាលខេត្តកោះកុង លោក ហេង ហ៊ុយ បានប្ដឹងតំណាងពលរដ្ឋ១០នាក់ ដោយចោទប្រកាន់ពីបទ «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពលរដ្ឋទាំងនោះនាំគ្នាតវ៉ា និងចោទលោក ហេង ហ៊ុយ ថាបានរំលោភយកដីធ្លីរបស់ពួកគេ។

ក្នុងដីកា​ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១​ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃសុក្រនេះ តំណាង​អយ្យ​ការ​អម​សាលាដំបូង​ខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានកោះហៅតំណាងពលរដ្ឋ៩នាក់ រួមមាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន និងតំណាងពលរដ្ឋផ្សេងទៀត ឱ្យចូលសវនាការនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីឆ្លើយបំភ្លឺក្រោមបទចោទ «បរិហារកេរ្តិ៍ និងញុះញង់​ឱ្យប្រ​ព្រឹត្តអំពើ​បង្ក​ឱ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខសង្គម»

អ្នកស្រី ដេត ហួរ ដែលអះអាងថាជាតំណាងពលរដ្ឋ១៩៧គ្រួសារ ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះ​ថា តុលាការបាន​កោះហៅពួកគាត់​ឱ្យចូលបំភ្លឺចំនួន៣ដងហើយ។ អ្នកស្រីចាត់ទុក​ការ​កោះហៅរបស់​តុលាការ​ឱ្យ​ពួក​គាត់​​ចូល​សវនាការនេះ ថា​ជារឿងអយុត្តិធម៌មួយ ដោយថា ពួកគាត់ត្រូវបានលោក ហេង ហ៊ុយ រំលោភ​ដីធ្លីអស់​ហើយ ​បែរជាត្រូវ​​ភាគីជម្លោះប្ដឹងទៅតុលាការ ហើយ​តុលាការបានចាត់ការ​កោះហៅ​ពួកគាត់​ចូល​សវនាការ​​​តាម​បណ្ដឹងនោះទៀត។

តំណាងពលរដ្ឋរូបនេះបន្តថា ពួកគាត់នឹងចូលទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយមិនបារម្ភ​ពីការចាប់ខ្លួននោះទេ ប្រសិនបើតុលាការកាត់ក្ដីដោយឈរលើគោលការណ៍​ច្បាប់និងឯករាជ្យ។

អ្នកស្រីបន្ថែមថា៖ «ពួកយើងមានការបារម្ភដូចគ្នា បារម្ភត្រង់ថា ខ្លាចតុលាការគាត់កាត់ក្ដីដោយអត់​ឯករាជ្យ។ ប្រសិនបើតុលាការគាត់កាត់ក្ដីដោយឯករាជ្យ ខ្ញុំគិតថា វាមិនជាបញ្ហារហូតដល់ថ្នាក់​ចាប់ខ្លួននោះទេ​ ពីព្រោះ​ពួកខ្ញុំជា​អ្នក​បាត់បង់ដីពិតប្រាកដ។ យើងមិនបានធ្វើអីខុស ហើយបែរជាតុលាការចោទប្រកាន់មកលើ​ពួក​យើង​យ៉ាងអយុត្តិធម៌យ៉ាងដូច្នេះ ខណៈពួកយើងជាជនរងគ្រោះបាត់បង់ដីជាក់ស្ដែង។ សម្ដេច [ហ៊ុន សែន]​ គាត់មានប្រសាសន៍ថា អ្នកមានជម្លោះដីធ្លីមិនត្រូវជាប់នៅប្រព័ន្ធតុលាការនោះទេ»

បើតាមអ្នកស្រី ដេត ហួរ កន្លងមក គឺមានតំណាងពលរដ្ឋ១០នាក់ដែលជាប់បណ្ដឹងនៅតុលាការ ក្រោម​បណ្ដឹង​របស់​លោក ហេង ហ៊ុយ ប៉ុន្តែលើកនេះ តុលាការកោះហៅ​តែតំណាង៩នាក់ប៉ុណ្ណោះឱ្យចូលសវនាការ។

មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព ដែលតាមដានករណីនេះ យល់ថា ការ​ចោទប្រកាន់​តាមផ្លូវតុលាការ​ទៅលើ​តំណាង​ពលរដ្ឋទាំង​៩នាក់ក្នុងវិវាទដីធ្លីនេះ ​ជារឿងមិនសមស្របនិងមិនត្រឹមត្រូ​វ​ទៅតាមស្ថានភាពជាក់ស្ដែង​ឡើយ។ លោកចាត់ទុកការចោទប្រកាន់នេះថា ជាការបំបិទសិទ្ធសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ ដែល​កំពុង​បាត់បង់ដីធ្លី និងកំពុងរងការរំលោភបំពានសិទ្ធិ។

មន្ត្រីសមាគមរូបនេះមើលឃើញថា កន្លងមក អាជ្ញាធរនិងរដ្ឋា​ភិបាល​តែងប្រើប្រាស់ប​ទចោទនេះទៅ​យាយីនិង​ធ្វើទុក្ខ​បុកម្នេញ​​លើសកម្មជនដីធ្លី សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ជាដើម ដោយគ្រាន់​តែពួកគេប្រើប្រាស់សិទ្ធិសម្ដែងមតិស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីទាមទារ​ឱ្យមានការដោះស្រាយ​បញ្ហារបស់ពួកគេនោះ។

លោកបន្ថែមថា៖ «បញ្ហានេះបង្ហាញថា ​ប្រទេសយើងគ្មាននីតិរដ្ឋ គ្មានការគោរពសិទ្ធិមនុស្ស គ្មានប្រជាធិបតេយ្យពិតប្រាកដ ដោយសារអ្នកដែលប្រើប្រាស់សិទ្ធិខ្លួនឯងស្របទៅតាមច្បាប់ ដើម្បីការពារផលប្រយោជន៍​ស្របច្បាប់​របស់គាត់ហ្នឹង ត្រូវបានគេយាយី ត្រូវបានគេចោទប្រកាន់ ត្រូវបានចាប់ដាក់ពន្ធនាគារ​ជាហូរហែមក​ហើយ»

លោក ញ៉ិល ភាព បានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលពិចារណាដោះស្រាយផលប៉ះពាល់ដីធ្លី​ជូន​ពលរដ្ឋ១៩៧​គ្រួសារ និង​បានស្នើដល់តុលាការខេត្តកោះកុងកាត់ក្ដីដោយឈើគោលការណ៍ឯករាជ្យ ដើម្បីផ្ដល់យុត្តិធម៌​ដល់​ពលរដ្ឋដែលជួប​បញ្ហា​វិវាទដីធ្លី។

ពាក់ព័ន្ធជម្លោះដីធ្លីនេះ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ គឺលោក ហេង ហ៊ុយ ​​ធ្លាប់​មាន​ប្រសាសន៍​ថា ដី​​ដែ​ល​​ក្រុមហ៊ុន​របស់លោកកំពុង​កាន់​កាប់​នោះ ជា​ដី​មាន​​​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​​ស្របទៅតាម​ច្បាប់ ដែលលោក​បានប្រមូលទិញពីពលរដ្ឋជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​​ថា ករណីពលរដ្ឋនាំគ្នាតវ៉ានិងប្ដឹងលោក​ថារំលោភ​យកដីធ្លីនោះ គឺធ្វើឡើងតាម​​ការញុះញង់​របស់មេខ្យល់តែប៉ុណ្ណោះ ដោយលោកមិនបានទៅរំលោភយកដីធ្លីពលរដ្ឋដូចការចោទប្រកាន់ឡើយ។

ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ២០១៩មក ពលរដ្ឋ១៩៧គ្រួសារ​ មក​ពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជាបន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់ ដោយ​ចោទ​ថា ក្រុមហ៊ុន ហេង ហ៊ុយ រំលោភ​យក​តាំងពី​ឆ្នាំ២០០៧។ ប៉ុន្តែត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ បដិសេធ​​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ទាំងនោះ​ចំនួន៣ដង​ហើយ និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ក្រសួង​ថា បាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​នោះ​ឡើង​មក​តវ៉ា​ទៀតផង។

រដ្ឋបាលខេត្តកោះកុង បានចុះផ្សាយកាលពីចុងឆ្នាំ២០២០ ថាករណីវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន ហេង ហ៊ុយ ត្រូវបានដោះស្រាយចប់ជាស្ថាពរតាំងពីឆ្នាំ២០០៩ តាមរយៈសាលដីកា​ស្ថាពរ​របស់​តុលាការកំពូល និង​អនុក្រឹត្យលេខ​៣៦ របស់​រាជរដ្ឋាភិបាល កាលពីឆ្នាំ២០០៩​ ​ផង​ដែរ។

រដ្ឋបាល​ខេត្ត​កោះកុង អះអាង​ថា លោក ហេង ហ៊ុយ ទទួលបានកម្មសិទ្ធិដីធ្លីនោះ​នៅឆ្នាំ២០១១ ខណៈពលរដ្ឋ១៩៧គ្រួសារទើបតែប្រមូលផ្ដុំតវ៉ាជាថ្មីទៀតនៅឆ្នាំ២០១៩ ក្រោយតុលាការ និងក្រសួងរៀបចំដែនដី បានបិទបញ្ចប់​បណ្ដឹងតវ៉ារួចទៅហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ