លោក ហ៊ុន សែន ព្រមាន​វាយខ្នោះ​អ្នករិះគន់​ការ​កែ​រដ្ឋធម្មនុញ្ញ​ពី២ភាគ៣​ទៅ​៥០+១

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងពិធីសម្ពោធទីស្ដីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយខ្នោះអ្នកដែលរិះគន់ថា ការកែរដ្ឋធម្មនុញ្ញពី «២ភាគ៣» ទៅ «៥០+១» ជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយលោក​ថា ការលើកឡើងបែបនេះជាការ​ប្រ​មា​ថ​ស្ថាប័ន​ជាតិ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ​ក្រសួងរៀបចំ​ដែនដីថ្មី នាថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ​វា​ជារឿងគួរឱ្យអស់សំណើចដែលអ្នកអត្ថាធិប្បាយជាច្រើន​លើកឡើង​ថា ការ​កែរដ្ឋធម្មនុញ្ញពី ២​ភាគ៣ ​ទៅ ៥០+១ ខុសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយ​ចង់​យក​កិច្ចព្រមព្រៀងនេះទៅដោះស្រាយបញ្ហានៅភូមា។

លោក​បាន​រម្លឹក​ថា នៅពេលនោះ បើរដ្ឋកម្ពុជាមិនព្រមអនុម័ត​រដ្ឋធម្មនុញ្ញ​ទេ កម្លាំង​អ៊ុន​តាក់នឹង​ជាប់​គាំងនៅកម្ពុជា​រហូត​ដល់​បច្ចុប្បន្ន ហើយថា អ្នកដែលចង់សើរើកិច្ចព្រមព្រៀងនេះគឺជាអ្នកចង់ឱ្យបរទេសមកត្រួតត្រា​កម្ពុជា ដែលការនេះ លោកថា ជាការប្រឈមនឹងផ្លូវច្បាប់។

លោកថា៖ «ផ្ដាំផ្ញើទៅផង ល្មមៗបានហើយ! ហើយតិចថា ហ៊ុន សែន មិនហ៊ាន! និយាយគ្នាឱ្យច្បាស់! ហ៊ុ​ន សែន ហ៊ានវាយខ្នោះអ្នកនយោបាយម៉ោង១២យប់ រឿងអីមិនមានវាយខ្នោះត្រឹមប៉ុណ្ណេះ! ឱ្យមកប​កស្រាយជាមួយតុលាការ ហេតុអីបានជាចោទសភា[ថា]ខុស កែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥0+១»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ការអត្ថាធិប្បាយបែបនេះក៏ជាការប្រមាថស្ថាប័នកំពូលរបស់ជាតិផងដែរ។

លោកថា៖ «ព្រោះវាជាការប្រមាថហួស ប្រមាថស្ថាប័នជាតិមួយដែលធ្វើការកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ ម​ក ​៥0+១ ខុសរដ្ឋធម្មនុញ្ញ […] បន្តិចទៀត​បានប៉ុណ្ណឹងយកទៅដាក់ហើយ វិទ្យុដំបូងចេញពីអា VOD ចេញ​​ពី​នៅភ្នំពេញ បន្ទាប់ទៅ​អានៅក្រៅប្រទេសសម្ភាសហើយ ពេញហ្នឹង! សម្ភាសចុះ វាបាន​ផល ​វានិ​យា​​យ​ដែរ ចាត់​ទុក​ថាឱ្យមុខរបរនិយាយចុះ! ប៉ុន្តែយើងក៏បាននិយាយពន្យល់ពលរដ្ឋមួយប្រទេសដែរ»។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនអាចទាក់ទងបានដើម្បីបញ្ជាក់ថាតើសារព្រមានរបស់រដ្ឋាភិបាលនេះសំដៅទៅក្រុមណាមួយពិតប្រាកដនោះទេ​ ខណៈអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោក​មិនបានដឹង។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលចេញមកបង្កើតគណបក្សកំណែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា «ប្រព័ន្ធ​២ភាគ៣​» បានការពារប្រយោជន៍ជាតិ ច្រើនជាង «ប្រព័ន្ធ៥០បូក​១» ក្នុង​ការ​ទប់​ស្កាត់កុំឱ្យ​កម្ពុជារអិលធ្លាក់ទៅ​ក្រោមអំណាចផ្ដាច់​ការ​ដូចពី​អតីតកាល។

លោកថា៖ «ប្រទេសយើងឆ្លងកាត់ យើងដឹងហើយ ទាំងរបបកុម្មុយនីស្ត ទាំងរបបផ្ដាច់​ការ របបស្អីៗកន្លងមកហ្នឹង! ដូច្នេះអាចរន្តត្រលប់ទៅវិញហ្នឹង វាអាចមានច្រើន! អ៊ីចឹងបានអា២ភាគ៣ហ្នឹង វាចង់កុំឱ្យត្រលប់ទៅរកអាហ្នឹងវិញ»។

មួយវិញទៀត លោកថា អ៊ុកតាក់ នៅពេលនោះ មិនបានបញ្ចប់សង្គ្រាម​ស៊ីវិល​នៅកម្ពុជាទាំងស្រុង​មែន ប៉ុន្តែ​លោកថា ជាចំណុច​ចេញ​ដំណើរ​មួយដែលធ្វើឱ្យកម្ពុជាមានថ្ងៃនេះ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បារម្ភថា សារគំរាមរបស់មេដឹកនាំនេះនឹងធ្វើឱ្យសេរីភាពបញ្ចេញមតិដែលត្រូវបានធានាដោយច្បាប់បានធ្លាក់ចុះបន្ថែមទៀត ដោយថា ក្នុងសង្គម​ប្រជាធិបតេយ្យ មេដឹកនាំប្រទេស​គួរប្រើ​យន្តការឆ្លើយតបតាមរយៈការពន្យល់ជាជាងប្រើវិធានចាប់ចង។

លោកថា៖ «អ្នកវិភាគក៏ដោយ អ្នកបញ្ចេញមតិក៏ដោយ កាលណាគាត់ទទួលបានការព្រមាន អាហ្នឹងគឺគាត់តែងតែបារម្ភ ហើយរឹតត្បិតសេរីភាពក្នុងការវិភាគ បញ្ចេញមតិដោយខ្លួនឯង […] ខ្ញុំគិតថា ការពន្យល់និងការបកស្រាយ វាជារឿងសំខាន់ ដើម្បីឱ្យយុវជនឬអ្នកទាំងអស់គ្នាហ្នឹងគាត់បានយល់»។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន រម្លឹកដែរថា អ៊ុនតាក់ បានបរាជ័យក្នុងការដកអាវុធ និងនាំខ្មែរក្រហម​ឱ្យចូលបោះឆ្នោត​។

មួយវិញទៀត លោកថា អ៊ុនតាក់ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលនោះមិនបានប្រាប់ឧត្ដមក្រុមប្រឹក្សាជាតិនៃកម្ពុជា ដែលហៅថា (SNC) នោះទេ ធ្វើឱ្យលទ្ធផលបោះឆ្នោតលើកដំបូងនៅកម្ពុជាមានភាពមិនប្រក្រតី ខណៈលទ្ធផលបោះឆ្នោតពេលនោះ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយរូប​លោក ចាញ់គណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ