ម្ដាយ​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ខកចិត្ត​ដែល​មន្ត្រី​ពន្ធនាគារ​មិន​ទាន់​ដោះលែង​កូន​គាត់​តាម​ការ​កំណត់

លោកស្រី ព្រំ ចាន់ថា ម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ឈរនៅមុខមណ្ឌលអប់រំកែប្រែទី២ រង់ចាំទទួលកូនប្រុសចេញពីពន្ធនាគារ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ម្ដាយ​របស់​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បង្ហាញ​ការខកចិត្តចំពោះមន្ត្រីពន្ធនាគារដែលមិនទាន់​ដោះលែងកូន​របស់គាត់ឱ្យមានសេរីភាពវិញ នៅថ្ងៃទី៨ ខែវិច្ឆិកានេះ តាមសេចក្ដីសម្រេចរបស់តុលាការ។

លោកស្រី ព្រំ ចាន់ថា ម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខពន្ធនាគារ នៅព្រឹកថ្ងៃ​ចន្ទនេះ​ថា កាល​ពីថ្ងៃទី​៥ ខែវិច្ឆិកា សាលាដំ​បូង​​រាជធានី​ភ្នំពេញ ​បានចេញសេចក្ដីប្រកាសព័ត៌មានប្រកាស​ដោះលែងកូនរបស់គាត់​​នៅថ្ងៃទី៨ ខែវិច្ឆិកានេះ បន្ទាប់ពីបានជាប់ឃុំក្នុងពន្ធនាគាររយៈពេល៤ខែ១៥ថ្ងៃ ក្នុងចំណោមទោស៨ខែ ប៉ុន្តែ​ត្រូវស្ថិតក្រោមការ​ព្យួរទោស​សាកល្បង​រយៈពេល​២ឆ្នាំ។

លោកស្រី​បន្តថា នៅថ្ងៃ​នេះ ដល់​ថ្ងៃកំណត់​ដែល​ត្រូវ​​ដោះលែងកូនរបស់គាត់ឱ្យមានសេរីភាពវិញហើយ​​ ប៉ុន្តែខាងមន្ត្រីពន្ធនាគារមិនព្រមដោះលែងកូនគាត់ទេ ដោយពន្យារពេល​ដល់ថ្ងៃទី​១០ ខែវិច្ឆិកា​វិញ។

លោកស្រីថ្លែងថា៖ «អ៊ីចឹងតុលាការមិនគ្រប់ទឹកឬយ៉ាងម៉េច? បានជាចាប់ក្មេងមិនគ្រប់ទឹកដាក់ពន្ធនាគារហើយ ឥលូវវាទៅជាមិនព្រមលែងកូនខ្ញុំទៀត? ហើយប្រហែលជាគាត់ខ្លាចអ្នកគាំទ្រដែលលគេស្រឡាញ់កូនខ្ញុំមិនគ្រប់ទឹកហើយ ដែលគេមកគាំទ្រគាត់ច្រើន។ រឿងអីបានគាត់មកធ្វើបែបហ្នឹង ខ្ញុំខកចិត្តណាស់! កូនខ្ញុំ ឃុំគាត់ដល់ណាទៀត»។

លោក សំ សុគង់ មេធាវីការពារក្ដីឱ្យ​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខពន្ធនាគារនាព្រឹកថ្ងៃនេះថា គាត់មកដល់ពន្ធនាគារ ដើម្បីមកទទួលកូនក្ដីតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការ ប៉ុន្តែ​បែរជា​មន្ត្រីពន្ធនាគារនិងមន្ត្រីតុលាការ​​អះ​អាង​ដូច​គ្នា​ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ទើបដល់ថ្ងៃកំណត់​ដោះលែងកូនក្ដីរបស់​គាត់​​ទៅវិញ។ លោក សំ សុគង់ ចាត់ទុកការប្រកាសព័ត៌មានរបស់តុលាការធ្វើឡើងខុសបច្ចេកទេស។

លោកមានប្រសាសន៍ថា៖ «យើងមកទីនេះ [ពន្ធនាគារ] ដោយសារតែការប្រកាសព័ត៌មានរបស់សាលាដំបូង​បញ្ជាក់ច្បាស់ហើយ យើងក៏មានការភ័ន្តច្រឡំទាំងអស់គ្នា ហើយវាធ្វើឱ្យការធ្វើការរបស់តុលាការហាក់ដូចជា​មិនមានអ្វីច្បាស់លាស់ទេ ប្រកាសផ្សេង ពេលអនុវត្តផ្សេង»។

វីអូឌី មិនអាចសុំការបំភ្លឺពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿ ឡង់ឌី បានទេ នៅថ្ងៃនេះ។

នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ លោក​ អំ សំអាត មានប្រសាសន៍ថា ការសម្រេចដោះលែងអ្នកទោស​ផ្សេងៗ ជាពិសេសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គួរតែដោះលែងមុនថ្ងៃបុណ្យជាតិ​១ថ្ងៃ ឬបើ​ចំថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ត្រូវដោះលែងមុន១ថ្ងៃដែរ ពោលអាចដោះលែងថ្ងៃសុក្រជាដើម ។

យ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនោះលើកទឹកចិត្តដល់សាច់ញាតិឬ​មេធាវីការពារក្ដីឱ្យក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីទាមទារឱ្យតុលាការទម្លាក់ចោល​ការចោទប្រកាន់ទាំងស្រុងលើក្មេងប្រុសរូប​នោះ ព្រោះសំណុំរឿងនេះ​ពាក់ព័ន្ធនឹងរឿងនយោបាយ និងប៉ះពាល់ដល់សេរីភាពអនីតិជន ជាដើម។

លោកមានប្រសាសន៍ថា៖ «កុមារ កាក់ សុវណ្ណច្ឆ័យ និងមេធាវីគាត់ មានសិទ្ធិប្ដឹងទៅសាលាឧទ្ធរណ៍ ក្នុងការទាមទារឱ្យមានការទម្លាក់ចោលពីបទចោទប្រកាន់ទាំងអស់។ អ៊ីចឹងសាលាឧទ្ធរណ៍គាត់អាចមានសិទ្ធិក្នុងការពិចារណា បើសិនជាទៅលើករណីនេះ បើសិនជាមានបណ្ដឹងឧទ្ធរណ៍ គឺសាលាឧទ្ធរណ៍គួរតែទម្លាក់បទចោទប្រកាន់សម្រាប់គាត់ កុំឱ្យមានការប៉ះពាល់ទៅដល់អនាគតរបស់កុមារ ព្រោះឥលូវគាត់ត្រូវបានដោះលែង តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បានន័យថា ផ្លាស់ទីលំនៅ ត្រូវជូនដំណឹង ត្រូវសហការជាមួយតុលាការ ហើយ​បើចង់ចេញក្រៅប្រទេស សុំការអនុញ្ញាត វាជារៀងរឹតត្បិតសេរីភាពហើយ»។

កាលពី​ថ្ងៃទី១ ខែវិច្ឆិកា តុលាការ​បានកាត់ទោស​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ដែលជាកូន​របស់​អតីត​សកម្មជន​គណបក្សសង្គ្រោះជាតិ​ ដាក់​ពន្ធនាគារ​៨ខែ ពីបទ «ញុះញង់​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» និង​បទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៣រូប បានចេញសេចក្ដីថ្លែងការណ៍ដោយចាត់ទុកថា ការផ្តន្ទាទោសលើ​អនីតិជន​ដែលមាន​បញ្ហា​ស្មារតី​មិន​ប្រក្រតីដោយជំងឺអូទីហ្សឹមនេះ ថាជារូបភាពដ៏អាក្រក់​នៃយុទ្ធនាការជាបន្តបន្ទាប់របស់អាជ្ញាធរ ក្នុងការបំភិតបំភ័យនិងការ​ប្រើ​ប្រាស់​​ហិង្សាប្រឆាំងនឹងសង្គមស៊ីវិល និងសកម្មជនអតីត​​បក្សជំទាស់ ព្រមទាំងសមាជិករបស់ក្រុមទាំងនេះ។

អ្នកជំនាញផ្នែកសិទ្ធិមនុស្សបាន​អំពាវ​នាវ​​ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការកាត់ទោសលើអ្នកហ៊ានក្រោកឈរ ដើម្បីសិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិនៅកម្ពុជា។ តែយ៉ាងណា មន្ត្រីរដ្ឋាភិបាលកម្ពុជាច្រានចោលការលើកឡើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ