សាលាឧទ្ធរណ៍​ឱ្យ​អតីត​សកម្មជន​បក្សប្រឆាំង​ម្នាក់​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​១០ខែ​២០ថ្ងៃ​និង​ព្យួរទោស​សាកល្បង​៣ឆ្នាំ

អាជ្ញារដាក់កម្លាំងត្រួតពិនិត្យនៅទីតាំងក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។ (ជន ចាន់រ៉ែន)

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចកាត់សេចក្ដីឱ្យអតីតសកម្មជនបក្សប្រឆាំងមួយរូបអនុវត្ត​ទោសនៅពន្ធនាគារចំនួន១០ខែ២០ថ្ងៃ និងព្យួរទោសសាកល្បងចំនួន៣ឆ្នាំ ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន​។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសអតីតសកម្មជន​គណ​បក្សសង្រ្គោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ឱ្យ​ជាប់​​ព​ន្ធនាគារ​១ឆ្នាំ​៦ខែ ក្រោមបទចោទប្រកាន់ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» បន្ទាប់​ពី​លោក​ចូលរួម​តវ៉ា​ទាម​ទារ​​ឱ្យ​​ដោះ​លែង​​លោក រ៉ុង ឈុន និង​ការ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​អំពី​បញ្ហា​ព្រំដែន និងបញ្ហាសង្គមមួយចំនួនទៀត។

ដោយមិនសុខចិត្តនឹងការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មេធាវីការពារក្ដីឱ្យលោក ប៉ែន ច័ន្ទសង្គ្រាម បានប្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា នៅថ្ងៃពុធនេះ បានប្រកាសសាលដីកា ដោយសម្រេចឱ្យអតីតសកម្មជនបក្សសង្រ្គោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម អនុវត្តទោសក្នុងពន្ធនាគារចំនួន១០ខែ២០ថ្ងៃ ពីបទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ប៉ុន្តែត្រូវព្យួរទោសសាកល្បង៣ឆ្នាំ ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន ដូចជាពេលផ្លាស់ប្ដូរលំនៅ និងចេញទៅក្រៅប្រទេស ជាដើម ត្រូវជូនដំណឹងទៅតុលាការ។

ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីស្ដាប់ចៅក្រមប្រកាសសាលដីការួច លោក ប៉ែន ច័ន្ទសង្គ្រាម បានចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍នាថ្ងៃនេះថា មិនទាន់ផ្ដល់យុត្តិធម៌ដល់រូបលោកនៅឡើយ ដោយសារលោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការឡើយ។

លោកថា៖ «ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញធម្មតា គ្មានឥទ្ធិពលណាទៅញុះញង់គេទេ! គាត់នឹងពិភាក្សាជាមួយមេធាវីទៀត នឹងបណ្ដឹងសាទុក្ខ។ ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍នេះនៅមិនទាន់ផ្ដល់យុត្តិធម៌ទេ»។

មេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម គឺលោក សំ សុគង់ មានប្រសាសន៍ថា គិតចាប់តាំងពីថ្ងៃដែលសមត្ថកិច្ចចាប់ឃុំខ្លួន មកដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ កូនក្ដីរបស់លោកបានជាប់ពន្ធនាគារ១០ខែ១៦ថ្ងៃហើយ ដោយនៅសល់តែ៤ថ្ងៃទៀតកូនក្ដីរបស់លោកនឹងត្រូវដោះលែង។

លោកបន្តថា ទោះបីជាសាលាឧទ្ធរណ៍សម្រេចឱ្យកូនក្ដីអនុវត្តទោសតែ១០ខែ២០ថ្ងៃ ហើយនឹងត្រូវបានដោះលែងឆាប់ៗក៏ពិតមែន ប៉ុន្តែលោកថា ការសម្រេចនេះមិនបានផ្ដល់យុត្តិធម៌ឱ្យកូនក្ដីគាត់នៅឡើយ។

លោកថា​៖ «ប៉ុន្តែអ្វីដែលយើងឃើញថា មេធាវីខកចិត្តចំពោះការសម្រេចដាក់លក្ខខណ្ឌទាក់ទងនឹងការផ្ដន្ទាទោស ហើយនិងមានការ​ព្យួរទោសនេះ ដោយសារនៅពេលសវនាការ មេធាវី និងកូនក្ដី បានស្នើសុំឱ្យរួចផុតពីបទចោទប្រកាន់ ដោយសារកូនក្ដីបង្ហាញថា គាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង ករុណា មានប្រសាសន៍ថា ការចាប់ខ្លួននិងចោទប្រកាន់សកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស និងយុវជននាពេលកន្លងមក វាជារឿងនយោ​បាយច្រើនជាងការអនុវត្តច្បាប់។

លោកចាត់ទុកការកាត់តម្រឹមទោសអ្នកជាប់ឃុំនាពេលថ្មីៗនេះថា គ្រាន់តែជាការបន្ធូរទោសដើម្បីឱ្យពួកគាត់បាននៅក្រៅឃុំតែប៉ុណ្ណោះ ប៉ុន្តែការសម្រេចបែបនេះ លោកថា នៅមិនទាន់ផ្ដល់យុត្តិធម៌សម្រាប់ពួក​គាត់ដែលមិនបានធ្វើខុសនោះទេ។

លោកថា៖ «អ្វីដែលយើងឃ្លាំមើល ទាំងសហគមន៍អន្តរជាតិ យើងទទូចឱ្យមានការដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់​អ្នកទាំងអស់ហ្នឹង ដើម្បីផ្ដល់សិទ្ធិសេរីភាពដល់ពួកគាត់ ​ឱ្យចូលរួមក្នុងសកម្មភាពផ្នែកនយោបាយរបស់ពួកគាត់ជាដើមតទៅអីអ៊ីចឹងទៅ។ អ៊ីចឹងចំណុចនេះ ​យើងឃើញថា ​នៅក្នុងបញ្ហា​ពាក់ព័ន្ធទៅនឹងសំណុំរឿងនយោបាយ យើងឃើញថា ​ដល់ពេលមានស្ថានភាពនយោបាយធូរស្រាល យើង​តែងតែឃើញមានការលើកលើងទោស ​​មានការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងជាបន្តបន្ទាប់អ៊ីចឹងទៅ។ ​​អ៊ីចឹងវាជារឿងមួយវប្បធម៌ទៅហើយសម្រាប់កម្ពុជា»។

លោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» បន្ទាប់ពីលោកចូលរួម​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​មេដឹកនាំ​សហជីព ​លោក រ៉ុង ឈុន និង​បាន​សម្ភាសជាមួយ​អ្នកសារព័ត៌មាន​អំពី​បញ្ហា​ព្រំដែនកម្ពុជា-វៀតណាម និង​បញ្ហា​សង្គម​មួយ​ចំនួន​ទៀត កាលពី​អំឡុងខែសីហា ឆ្នាំ២០២០ ​នៅខាងមុខ​ផ្សារ​ស៊ីធីម៉ល (City Mall) ដែលស្ថិតនៅ​ជិត​សាលាដំបូងរាជធានី​ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ