ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ ខណៈ​ម្ដាយ​ស្នើ​សុំ​ទម្លាក់​បទចោទ​ទាំងស្រុង

កូនអតីតសកម្មជនបក្សសង្គ្រោះជាតិ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីរូបគេជាប់ពន្ធនាគារអស់រយៈពេល៤ខែនិង១៥ថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ (គួយ ឡង់ឌី)

ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលជាកូនអតីតសកម្មជន​បក្ស​សង្គ្រោះជាតិ​ ត្រូវបានតុលាការសម្រេចដោះលែងចេញពីពន្ធនាគារនៅព្រឹកថ្ងៃពុធនេះ​ ក្រោយអនុវត្តទោសជាង៤ខែ ខណៈម្តាយកុមារារូបនោះស្នើតុលាការទម្លាក់ចោល​បទចោទទាំងអស់ ដោយសារកូនគាត់មានជំងឺ​អូទីហ្សឹម។

អ្នកស្រី ព្រំ ចាន់ថា ដែលជាម្ដាយបង្កើតរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីកូនចេញ​ពី​ពន្ធនាគារព្រៃស នាព្រឹកថ្ងៃពុធនេះថា ដំបូងគាត់​មានអារម្មណ៍រំភើបនិងរីករាយនៅពេលឃើញកូនដើរចេញ​ពីខ្លោង​ទ្វារ​ច្រក​ចេញនៃមណ្ឌលអប់​រំកែប្រែទី២ ហៅថា «ព្រៃស»។

ប៉ុន្តែក្រោយពេលដែលឃើញកូនរបស់គាត់​កើតកន្ទួលរមាស់និងដំបៅពេញជើង រួមទាំង​មានអារម្មណ៍ភ្លឹកៗនោះ ធ្វើឱ្យគាត់មានអារម្មណ៍ក្ដុកក្ដួលរហូតស្រក់ទឹកភ្នែក ដោយសារអាណិតកូន។ ករណីនេះ អ្នកស្រីស្នើទៅតុលាការទម្លាក់ចោលការចោទប្រកាន់លើកូនគាត់ កុំឱ្យគាត់រស់នៅក្នុងស្ថានភាពភ័យខ្លាចបន្តទៀត។

អ្នកស្រីស្នើដូច្នេះថា៖ «សូមឱ្យតុលាការទម្លាក់ចោលការចោទចំពោះកូនខ្ញុំទៅ កុំធ្វើទុក្ខបុកម្នេញលើកូនខ្ញុំតទៅមុខទៀត ជាពិសេសកុំគំរាមកំហែងក្រុមគ្រួសារខ្ញុំដល់ណាទៀត នេះរស់នៅក្នុងការភ័យខ្លាច​មែន​ទែន»។

អ្នកស្រីបន្ថែមថា៖ «សរុបទាំងអស់ ​សុំឱ្យតុលាការទម្លាក់ចោទទាំងអស់ គ្មានការតាមដាន គ្មានការឃ្លាំមើល គឺអត់មានត្រូវជាប់ទោស។ បើសិនក្មេង គេមិនដែលជាប់ទោស៤ខែឬ៥ខែអ៊ីចឹងទេ អត់ត្រូវទេ! នេះកាត់ទោសកូនខ្ញុំដល់៨ខែ អយុត្តិធម៌ខ្លាំងណាស់។ ជាទូទៅ ភ្នែកជាតិនិងអន្តរជាតិ គាត់ដឹងច្បាស់ណាស់អំពើអយុត្តិធម៌សម្រាប់ក្រុមគ្រួសារអ្នកមនសិការទាំងអស់ ជាពិសេសក្រុមគ្រួសារខ្ញុំ»។

ចំណែកក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ថ្លែងប្រាក់អ្នកសារព័ត៌មាននៅខ្លោងទ្វារពន្ធនាគារ នាព្រឹកថ្ងៃនេះ​ថា គាត់រស់នៅក្នុងពន្ធនាគារមានការលំបាក និងមានដំបៅរមាស់លើជើង ជាដើម។

កាក់ សុវណ្ណច្ឆ័យ បង្ហាញស្នាមរបួសដំបៅលើជើងរបស់ខ្លួន ក្រោយពេលចេញពីពន្ធនាគារព្រៃស ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
កាក់ សុវណ្ណច្ឆ័យ បង្ហាញស្នាមរបួសដំបៅលើជើងរបស់ខ្លួន ក្រោយពេលចេញពីពន្ធនាគារព្រៃស ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

អ្វីដែលគួរឱ្យកត់សម្គាល់ ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ឆ្លើយនឹងទៅកាន់សំណួរអ្នកសារព័ត៌មាន ​ដោយអារម្មណ៍ភ្លឹកៗ មិននឹងនរ ឆ្លើយទៅមុខទៅក្រោយ ជាដើម។ ករណីនេះ សុវណ្ណច្ឆ័យ សង្ឃឹមថា តុលាការនឹងទម្លាក់ការចោទប្រកាន់លើរូបគាត់ ដើម្បីឱ្យគាត់មានសេរីភាពដូចដើមវិញ។

ក្មេងប្រុសរូបនេះនិយាយថា៖ «និយាយទៅ ខ្ញុំសង្ឃឹមថា នឹងមានអ្វី ឱ្យមានសេរីភាពឡើងវិញ ហើយក៏សង្ឃឹមថានឹងឈានទៅមុខបន្តទៅទៀត»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍យ៉ាងខ្លីនៅរសៀលថ្ងៃពុធនេះថា សាលាដំបូងបានសម្រេចសេចក្ដី និងប្រកាសសាលក្រមរួចហើយ។ លោក​បន្តថា​ ករណីម្តាយ កាក់ សុវណ្ណច្ឆ័យ គាត់មិនសុខចិត្តនឹងសាលក្រមនោះ គាត់មានសិទ្ធិប្ដឹងជំទាស់តាមនីតិវិធីច្បាប់​ទៅសាលាឧទ្ធរណ៍បន្តទៀតបាន។

យ៉ាងណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែន​ករុណា យល់ថា តុលាការគួរតែទទួលយក​សំណើរបស់ម្ដាយបង្កើត កាក់ សុវណ្ណច្ឆ័យ ដែលស្នើសុំឱ្យតុលាការទម្លាក់បទ​ចោទ​លើកូន​គាត់ទាំង​ស្រុង ដើម្បីស្ដារ​នូវប្រព័ន្ធយុត្តិធម៌​ឡើង​វិញ ខណៈមជ្ឈដ្ឋានជាតិនិងអន្តរជាតិតែងតែរិះគន់​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែល​ថា ការកាត់សេចក្ដីទំនោរទៅនិន្នាការនយោបាយបក្សកាន់អំណាចទៅវិញ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមានការសម្រេចតាមការស្នើសុំឱ្យ [ទម្លាក់ចោលបទចោទទាំងអស់] វាអាចជម្រះនូវមន្ទិលសង្ស័យមួយចំនួនដែលគេតែងតែមានមន្ទិលសង្ស័យកន្លងមក​ ទៅលើប្រព័ន្ធតុលាការកម្ពុជាជាតុលាការដែលមាននិន្នាការនយោបាយ ដោយប្រើប្រាស់ប្រព័​ន្ធតុលាការ ដែលធ្វើទុក្ខបុកម្នេញកន្លងមកហ្នឹងឯង។ វាការសម្រេចបន្ធូរបន្ថយនូវការរិះគន់ និងបង្កើននូវជំនឿចិត្តពីប្រជាពលរដ្ឋឡើងវិញផងដែរ»។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានកាត់ទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ដាក់ពន្ធនាគាររយៈពេល៨ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» ប៉ុន្តែតុលាការបានបង្គាប់ឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល៤ខែនិង១៥ថ្ងៃ ចំណែកទោស​ដែលនៅសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៣រូប បានថ្កោលទោសចំពោះការកាត់ទោសអនីតិជន​វ័យ១៦​ឆ្នាំរូបនេះ ដោយបានចាត់ទុកថា ការផ្តន្ទាទោសលើ​អនីតិជន​ដែលមាន​បញ្ហា​ស្មារតី​មិន​ប្រក្រតីដោយជំងឺអូទីហ្សឹមនេះ គឺជារូបភាពដ៏អាក្រក់នៃយុទ្ធនាការជាបន្តបន្ទាប់របស់អាជ្ញាធរ ក្នុងការបំភិតបំភ័យនិងការ​ប្រើ​ប្រាស់​​ហិង្សាប្រឆាំងនឹងសង្គមស៊ីវិល និងសកម្មជនបក្សជំទាស់ ព្រមទាំងសមាជិករបស់ក្រុមទាំងនេះ។

អ្នកជំនាញផ្នែកសិទ្ធិមនុស្ស បាន​អំពាវ​នាវ​​ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការកាត់ទោសលើអ្នកហ៊ានក្រោកឈរ ដើម្បីសិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ