អ្នកសារព័ត៌មាន​ពលរដ្ឋ ប្ដេជ្ញា​បន្ត​រាយការណ៍​បញ្ហា​ប្រឈម​របស់​សហគមន៍​ទោះ​មាន​ការគំរាម

វាគ្មិននិងអ្នកចូលរួមផ្សេងៗមកពីស្ថាប័នសារព័ត៌មានផ្សេងៗ ចូលរួមក្នុងវេទិកាប្រចាំឆ្នាំស្ដីពី «ការពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធរវាងពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (CCIM)

អ្នកសារព័ត៌មានពលរដ្ឋ បង្ហាញ​ការតាំងចិត្តថា នៅតែបន្តធ្វើសេចក្ដីរាយការណ៍ពី​​បញ្ហាប្រឈម​របស់​សហគមន៍ ដើម្បីជំរុញឱ្យមានដំណោះស្រាយប្រកបដោយតម្លាភាព បើទោះបីរងការគំរាមកំហែងពីអាជ្ញាធរ​ក៏ដោយ។

ការអះអាង​នេះធ្វើឡើងក្នុងវេទិកាប្រចាំ​ឆ្នាំ ស្ដីពី «ការ​ពង្រឹង​កិច្ច​សហការកាន់តែជិតស្និទ្ធរវាងពលរដ្ឋអ្នកសារ​ព័ត៌​មាន និងអ្នកសារព័ត៌មានអាជីព» ដែល​ធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែ​វិច្ឆិកា​នេះ តាមប្រព័ន្ធ​បណ្ដាញ​សង្គម ZOOM និងខ្លះទៀតចូលរួមផ្ទាល់ ដែលរៀបចំដោយមជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM)។

អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិចនៅខេត្តរតនគិរី កញ្ញា រម៉ាម លៀប ឱ្យ វីអូឌី​ ដឹង​តាម ZOOM​ ថាពួក​គេ​កំពុងជួបការលំបាកក្នុងការ​រាយ​ការណ៍​ព័ត៌​មានឱ្យបានគ្រប់ជ្រុងជ្រោយ ពីបញ្ហាប្រឈមរបស់​សហគមន៍ ដោយសារអាជ្ញាធរមិនសហការ និង​ថា សំណួរនោះជារឿងរសើប ខណៈ​ពេលខ្លះ​ អាជ្ញាធរ​ចោទ​​ពួកគេថា ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើសពីការពិត​ជាដើម។

កញ្ញាថា៖ «ខ្ញុំយល់យើញថា ដោយសារយើងជាពលរដ្ឋ ហើយពលរដ្ឋមានបញ្ហា យើងគួរជួយរកដំ​ណោះ​​​​ស្រាយ តាមរយៈការលើកកម្ពស់នូវការបញ្ចេញមតិរបស់ពួកគាត់»។

អ្នកសារ​ព័ត៌មាន​ប្រជាពលរដ្ឋ​មួយ​រូប​ទៀត នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល លោក ឃាង សុខ​មាន មាន​ប្រសាសន៍​ថា ពេល​ខ្លះ​គាត់​​រង​​ការ​គំរាម​កំហែង​ពីអាជ្ញាធរ ពេល​ចុះយកព័ត៌មាននិង​ផ្តិត​យក​រូបភាព​តវ៉ា​ក្នុងរឿង​​ជម្លោះដីធ្លី។

លោកថា៖ «កាលណាខ្ញុំបោះបង់រឿងហ្នឹង វាធ្វើឱ្យព័ត៌មាននៅក្នុងសហគមន៍ឬក៏បញ្ហានៅក្នុងតំបន់របស់ខ្ញុំ​ អត់ដឹងទៅដល់ថ្នាក់ដឹកនាំឬក៏អាជ្ញាធរដែលពាក់ព័ន្ធ អ៊ីចឹងមាន​ន័យថា ដំណោះស្រាយវាកាន់តែយឺត។ ជារឿង​សំខាន់! ខ្ញុំសុំ​ឱ្យគាត់ [អាជ្ញាធរ] បញ្ឈប់ការគំរាមកំហែង ទាំងពលរដ្ឋសារព័ត៌មាន ទាំងអ្នកសារព័ត៌មាន ព្រោះកា​លណាពួកគាត់មានការភ័យខ្លាចអ៊ីចឹង បើព័ត៌មានដែលត្រូវឱ្យសាធារណជននិងថ្នាក់ដឹកនាំដឹង វាត្រូវអត់ដឹង! ដល់អ៊ីចឹងវាខាតប្រយោជន៍ពីណា? វាមិនខាតប្រយោជន៍ជាតិយើង!»

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅ ខេមបូចា លោក ណុប វី ដែលជាវាគ្មិនក្នុងកម្មវិធីនេះ មានប្រសាសន៍​ថា ប្រជាពលរដ្ឋអ្នកសារព័ត៌មាន ពេលនេះបានដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួមជំរុញ​តម្លាភាពសង្គម ខណៈអ្នកសារព័ត៌មានអាជីព​មួយ​ចំនួនត្រូវ​បានគេ​ជួយ​ឱ្យ​បម្រើការងារ​នៅស្ថានីយទូរ​ទស្សន៍ឬវិទ្យុដែលមានទំនាក់ទងស្និទ្ធនឹងរដ្ឋាភិបាល។

មួយវិញទៀត លោកមើលឃើញថា សេរីភាពសារព័ត៌មានបាន​ធ្លាក់​ចុះមួយ​កម្រិតទៀត​ចាប់​ពី​ឆ្នាំ​២០១៧មក ដែលការនេះ លោកថា ស្ថាប័នពាក់ព័ន្ធត្រូវចូលរួមលើកកម្ពស់សេរីភាពនេះឡើងវិញ។

លោកថា៖ «អ៊ីចឹងចំណុចនេះ យើងមើលឃើញ​ពីភាពខុសគ្នា​អំពី​និន្នាការនៃភាពប្រសើរឡើង ហើយនិងតួនា​ទីកាន់តែសំខាន់របស់ប្រជាពលរដ្ឋអ្នកសារព័ត៌មាន។ ហើយយើងមើលឃើញថា […] ជាការថយជាងមុននៃអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ»។

អ្នកសម្របសម្រួលគម្រោង​នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហួន ផន ដែល​ចូលរួមជាវាគ្មិនដែរ យល់​ថា ការ​គំរាមកំហែង​សេរីភាព​អ្នកសារព័ត៌មាននឹង​ប៉ះពា​ល់​ដល់​ការ​ទទួល​បានព័ត៌មានគ្រប់ជ្រុងជ្រោយ និងប៉ះ​ពាល់ដល់ការសម្រេចចិត្តរបស់ពលរដ្ឋ ដែលការនេះ លោកថា ​គួរ​រួម​គ្នាដោះស្រាយ។

យ៉ាងណា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ដែលចូលរួម​ក្នុង​កម្មវិធីនោះដែរ បានច្រានចោលការលើកឡើងនេះ ដោយថា រដ្ឋាភិបាលបានបង្កើតឱ្យមានអ្នកនាំពាក្យទាំង​នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំង​មន្ត្រីព័ត៌មាន​សម្រាប់​ធ្វើការ​ជាមួយ​អ្នក​សារព័ត៌មាន។

មួយវិញទៀត បើបញ្ហានេះកើតមា​នដូចការលើកឡើងពិតមែន លោកថា ទំនងជាសហគមន៍អន្តរជាតិ មិននៅស្ងៀម​ដូច​បច្ចុប្បន្នទេ។

លោកថា៖ «អ៊ីចឹងវាបង្ហាញថា ប្រទេសកម្ពុជាយើង​នៅតែអនុវត្ត ដែលគេហៅថា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស បានន័យថា យើងគោរពសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។

ក្រៅពីនេះ លោកថា អ្នកសារព័ត៌មានប្រជាពលរដ្ឋមិនមានស្ថាប័នជាក់លាក់ដូចអ្នកសារព័ត៌មានអាជីពទេ ខណៈបច្ចុប្បន្នជា​​សម័យបច្ចេកវិទ្យានេះ ដូច្នេះអាចមានបុគ្គលខ្លះ​ក្លែងបន្លំធ្វើជាអ្នកសារព័ត៌មាន​ពលរដ្ឋ ដោយពួកគេគ្រាន់តែបង្ហាញក្រដាសថតចម្លងមួយនោះ។ ករណីនេះ លោក​បាន​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​គួរ​ទំនាក់ទំនងជាមួយ​មន្ទីរព័ត៌មានខេត្ត ដើម្បីបញ្ជាក់ថា ពួកគេ​ពិតជាសមាជិក​អ្នកសារព័ត៌មាន​នៅ​ស្ថាប័ន​ណាមួយ​នោះ។

យ៉ាងណា លោកមេធាវី​ សេក សោភ័ណ្ឌ ពន្យល់​ថា អ្នកសារព័ត៌មានប្រជាពលរដ្ឋ​​ក៏ត្រូវបានការពារដោ​យ​ច្បាប់ដែរ បើពួកគេជាសមាជិកសហគមន៍​ឬជាសមាជិកនៃអង្គការ​សារព័ត៌មាន​ដែល​បានចុះបញ្ជី​ស្រ​ប​ច្បាប់​​​​​។ លោកបន្តថា អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ មានភាពដូចគ្នាទៅនឹងអ្នកសារព័ត៌មានអាជីពដែរ ប្រសិន​​បើ​​ពួកគេរាយការណ៍​ខុស អាចឱ្យ​ពួកគេ​​ផ្សាយ​កែ​តម្រូវ ដោយ​​មិនគួរមាន​ការបកស្រាយណាមួយផ្សេងពីនេះ ហើយមិនសហការផ្ដល់ព័ត៌មានដល់ពួកគាត់នោះទេ។

បើតាមអ្នកសម្របសម្រួលគម្រោង មកដល់ពេលនេះ មជ្ឈមណ្ឌល​កម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មានសមាជិកអ្នកសារព័ត៌មានប្រជាពលរដ្ឋចំនួន៤០០នាក់ នៅក្នុង​​​២៤រាជធានី-ខេត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ