រដ្ឋាភិបាល​កាត់​ផ្ទៃដី​បឹងតាមោក​ជាង​១៥០​ហិកតា​ឱ្យ​ក្រសួង​សុខាភិបាល​និង​សាលារាជធានី​ភ្នំពេញ

ទិដ្ឋភាព​ផ្ទៃ​បឹង​តា​មោក ដែល​ជា​បឹង​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​ស្អុយ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ដី​បំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុន សិរី​វឌ្ឍន៍​)

រដ្ឋាភិបាលបានសម្រេច​កាត់​ផ្ទៃដីបឹង​តាមោក​ជាង១៥០​ហិកតា ប្រគល់​ឱ្យ​ក្រសួង​សុខា​ភិបាល និង​សាលារាជធានីភ្នំពេញ ដើម្បី​ធ្វើជាកម្មសិទ្ធិបន្ថែមទៀត ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់ថានឹងត្រូវយកទៅសាងសង់អ្វីប្រាកដនោះឡើយ។

ក្នុងអនុក្រឹត្យចុះថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីបឹងតាមោក​ចំនួន៥៥​ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រគល់ទៅឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើជាកម្មសិទ្ធិចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ចំណែកអនុក្រឹត្យមួយទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីបឹងតាមោក​ចំនួន១០០​ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រគល់ទៅឱ្យក្រសួងសុខាភិបាល ដើម្បីធ្វើជាកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១តទៅ។

ទាក់ទងរឿងនេះ វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង និង​អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ និងលោកស្រី ឱ វណ្ណឌីន បានទេ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ។

យ៉ាងណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការកាត់ផ្ទៃបឹងតាមោកប្រគល់ទៅឱ្យក្រសួងសុខាភិបាល ដើម្បីឱ្យស្ថាប័នមួយនេះយកទៅបម្រើផលប្រយោជន៍របស់ក្រសួង។

លោកថា៖ «អាហ្នឹងយកទៅធ្វើផលប្រយោជន៍របស់ក្រសួង បែរជាយកទៅ​សង់​អគារ​ ដើម្បីផលប្រយោជន៍ក្រសួង អាហ្នឹងអ៊ីចឹង»។

បឹងតាមោក មានផ្ទៃដីសរុប៣ ២៣៩ហិកតា ជាអាងស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាល​ចេញអនុក្រឹត្យមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់បឹងធម្មជាតិមួយនេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

ប៉ុន្តែយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់​ខែចុង​ខែ​កញ្ញា ឆ្នាំ២០២១ ផ្ទៃបឹងតាមោកជាង១ ០០០ហិកតាហើយត្រូវបានរដ្ឋាភិបាល​កាត់​និង​ដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ទៅឱ្យបុគ្គលឯកជន ដែលគេដឹងថាជាអ្នកមានប្រាក់និងមានអំណាច សម្រាប់សាងសង់អគារ​និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង បង្ហាញការសោកស្ដាយដែលផ្ទៃបឹងតាមោកត្រូវកាត់ជាបន្តបន្ទាប់។ លោកបន្តថា ការកាត់ផ្ទៃបឹងតាមោកដែលជាបឹងធម្មជាតិ អាចនឹងធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងការជន់លិចដោយសារជំនន់ទឹកភ្លៀងនាពេលខាងមុខ ខណៈបឹង​ធម្មជាតិធំៗនៅជុំវិញត្រូវបានលុបអស់ ដើម្បីសាងសង់អគារនិងស្ថាប័នរដ្ឋជាដើម។

លោកថា៖ «ចង់ឃើញមានដំណោះស្រាយនិងការពន្យល់អំពីមូលហេតុផ្សេងៗសម្រាប់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីដំណោះស្រាយផ្សេងទៀតដែលអាចមាន ឬជម្រើសផ្សេងទៀតដែលរដ្ឋាភិបាលអាចមាន។ បឹងតាមោក មិន​សំខាន់យ៉ាង​ម៉េច? មានអីសំខាន់ជាងហ្នឹង? ដែលអាចបញ្ចៀសការលិចលង់ដល់រាជធានីភ្នំពេញ និងជួយទប់ទឹកជាហូរហែអ៊ីចឹង។ អ៊ីចឹងទាំងអស់ហ្នឹងដែលយើងចង់ដឹងនិងចង់ឮ»។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងថា បញ្ហាទឹក​ជំនន់ ដែល​បង្កឱ្យលិច​រាជធានីភ្នំពេញ មិនមែនបណ្ដាលមកពីការលុបបឹងធម្មជាតិនោះទេ ដោយថា កន្លងមក ទោះបីជាមិនលុបបឹង រាជធានីភ្នំពេញក៏មានទឹកជំនន់ដែរ ដែល​​ករណីនេះ លោកថា គួរតែឈប់រិះគន់ពីបញ្ហានេះ។

ប៉ុន្តែកាល​ពី​​ខែ​​ឧសភា​ ​ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម លោក ​លឹម គាន​ហោ បាន​ចេញ​លិខិត​មួយ​ដោយ​​ព្រមាន​​អំពី​​គ្រោះ​​មហន្តរាយ​ដោយ​សារ​ទឹក​ជំនន់​ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថាមាន​ការ​​ចាក់​ដី​លុបនិង​​ការ​​សាង​សង់សំណង់ផ្សេងៗ​​បិទ​​ផ្លូវ​ទឹ​ក​​នានា​ជា​បន្តបន្ទាប់។

ទោះបីជាមានលិខិតព្រមានរបស់ក្រសួងយ៉ាងនេះក៏ដោយ ប៉ុន្តែសេចក្ដីព្រមាននោះត្រូវបានគេមើលឃើញថាមិនមានប្រសិទ្ធភាពឡើយ ត្បិតការចាក់ដីលុបបិទផ្លូវទឹក ការរំលោភច្រាំងទន្លេ អូរ ប្រឡាយ និងបឹងធម្មជាតិនានា នៅតែបន្តកើតមានឡើងឥតស្រាកស្រាន្ត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ