មនុស្ស​៧នាក់​ស្លាប់​និង​ជាង​១០​នាក់​កំពុង​សង្គ្រោះ ក្រោយ​ពួកគេ​ផឹក​អាល់កុល​លាយ​ទឹក​ភេសជ្ជៈ

អគារមណ្ឌលចត្តាឡីស័កមួយកន្លែងស្ថិតនៅខេត្តបន្ទាយមានជ័យ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

មនុស្ស៧នាក់បានស្លាប់ និងជាង១០នាក់ទៀតកំពុងជួយសង្គ្រោះនៅតាមមន្ទីរពេទ្យ ក្រោយ​ពួក​គេយកអាល់កុល​លាយ​ជាមួយទឹកភេសជ្ជៈ​ផឹក នៅ​ក្នុងមណ្ឌល​ធ្វើចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះ​ថា អ្ន​កដែលស្លាប់និងជនរងគ្រោះ ​ជាព​លករខ្មែរ​ដែលបានជាប់ធ្វើចត្តាឡីស័កនៅមណ្ឌល​ចត្តាឡីស័ក​កូបធំ ស្ថិតនៅក្រុងប៉ោយប៉ែត។ លោក​បន្តថា កាលពីថ្ងៃទី១១ ខែវិច្ឆិកានេះ ពលករខ្មែរ​ដែលចូលមកធ្វើចត្តាឡីស័ក បានយកទឹកអាល់កុលលាយជាមួយទឹកភេជ្ជៈផឹក ដោយបណ្ដាលឱ្យពុលចំនួន២៣នាក់ ក្នុងនោះ ​​ស្លាប់៧នាក់ (៣នាក់ស្លាប់នៅនឹងកន្លែង) គិតត្រឹមម៉ោង១១ព្រឹកថ្ងៃសុក្រនេះ។

លោក គាត ហ៊ុល បន្តថា ក្រោយកើតហេតុ អ្នកដែលពុលត្រូវ​បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុង​ប៉ោយប៉ែត មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី និងមួយចំនួនទៀត​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។

លោកបន្ថែមថា៖ «អ្នកដែលពុលទាំងអស់មាន២៣នាក់ និងអ្នកស្លាប់៧នាក់ហើយ រហូតមកដល់ម៉ោងនេះ។ នេះជាព័ត៌មានបឋមដែលយើងទើបទទួលបាន បើមានថ្មី យើង​នឹងផ្ដល់បន្ថែមទៀតពេលក្រោយទៀត»

កាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០២១ ពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់បាន​ស្លាប់ និង​មួយ​ចំនួនទៀត​បញ្ជូនទៅសង្គ្រោះ ដោយសារពុលស្រាស ខណៈពលរដ្ឋ​២៣នាក់រស់នៅស្រុកល្វាឯម ខេត្តកណ្ដាល និងស្រុកកំពង់ត្រាច ខេត្តកំពត ក៏បានស្លាប់ផងដែរ ដោយសារ​ពុលស្រាសដែលមានលាយជាតិមេតាណុលខ្ពស់​៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ