កញ្ញា ឈឿន ដារ៉ាវី ត្រូវបាន​ដោះលែង​បន្ទាប់​ពី​ជាប់​ពន្ធនាគារ​រយៈពេល​១៥ខែ

អ្នកនាង ឈឿន ដារ៉ាវី សកម្មជនសង្គមមួយរូប ផ្ដល់បទសម្ភាសដល់អ្នកកាសែត ក្រោយចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សកម្មជនសង្គមម្នាក់ទៀត កញ្ញា ឈឿន ដារ៉ាវី ត្រូវ​បាន​ដោះលែងចេញ​ពីពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កញ្ញា ឈឿន ដារ៉ាវី យុវជនខ្មែរថាវរៈ ត្រូវបានតុលាការក្រុងភ្នំពេញ​កាត់​ទោសកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគារចំនួន២០ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល (២ ០០០ ០០០រៀល) ពីបទ «ញុះញង់» តាម​បញ្ញត្តិ​មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប៉ុន្តែតុលាការបានបង្គាប់ឱ្យអនុវត្តទោសចំនួន១៥ខែ ខណៈទោស​ដែល​នៅសល់​ត្រូវបាន​ព្យួរ​សាកល្បងរយៈពេល២ឆ្នាំ។

ម្ដាយរបស់កញ្ញា ឈឿន ដារ៉ាវី គឺអ្នកស្រី ថាច់ ធីតា បានប្រាប់ វីអូឌី ថាអ្នកស្រីសប្បាយចិត្តជាខ្លាំងនៅពេលបានជួបមុខកូនស្រីឡើងវិញ និងបន្ទាប់ពីទន្ទឹងរង់ចាំការដោះលែងកូនស្រីអស់រយៈពេល១៥ខែមកនេះ។

អ្នកស្រីបន្តថា បន្ទាប់ពីរង់ចាំការដោះលែងកូនស្រីពីពន្ធនាគាររាជធានីភ្នំពេញរួចហើយ អ្នកស្រី រួមជាមួយកូនស្រី នឹងធ្វើដំណើរទៅកាន់ពន្ធនាគារ​ព្រៃស ដើម្បីរង់ចាំស្វាគមន៍ការដោះលែងលោក រ៉ុង ឈុន និងសកម្មជនសង្គម និងសកម្មជននយោបាយមួយចំនួនទៀត បន្ទាប់ពីអ្នកស្រីបានទទួលដំណឹងថា ពួកគេនឹងត្រូវដោះលែងនៅល្ងាចនេះ។

គួរជម្រាបជូនថា នៅព្រឹកមិញនេះ មន្ត្រីពន្ធនាគារក៏បានដោះលែងយុវជនខ្មែរថាវរៈម្នាក់ គឺលោក ហ៊ុន វណ្ណៈ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ពីពន្ធនាគារព្រៃសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ