លោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ និងសកម្មជន២នាក់ទៀត ត្រូវបានដោះលែងនៅរសៀលនេះ

លោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែនកម្ពុជា និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក្រោយត្រូវបានដោះលែងពីពន្ធនាគារព្រៃស ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អាជ្ញាធរកម្ពុជាបានដោះលែងលោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែនកម្ពុជា និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ រួមជាមួយសកម្មជនសង្គម កញ្ញា ស កណិកា និងលោក តុន និមល ចេញពីពន្ធនាគារព្រៃសហើយ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក រ៉ុង ឈុន និង​​សកម្មជន​សង្គម២នាក់​ទៀត គឺកញ្ញា ស កណិកា និងលោក តុន និមល ត្រូវបានចៅក្រម​សាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង កាត់​តម្រឹម​ទោសឱ្យ​អនុវត្ត​ទោស​ក្នុងពន្ធនាគារម្នាក់ៗជាង១ឆ្នាំ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងក្នុងរយៈពេល​៣ឆ្នាំ។

តាមសេចក្ដីប្រកាសរបស់ចៅក្រមសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង បានបង្គាប់ឱ្យលោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែន​និងជាប្រធានសហជីព ឱ្យអនុវត្តទោសជាប់ពន្ធនាគារចំនួន១ឆ្នាំ៣ខែនិង១១ថ្ងៃ ក្នុងចំណោមទោស២៤ខែ ខណៈ​សកម្មជនសង្គម កញ្ញា ស កណិកា ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ១ឆ្នាំ៣ខែនិង៥ថ្ងៃ ក្នុងចំណោមទោស២០ខែ ខណៈលោក តុន និមល ឱ្យអនុវត្តទោសក្នុងពន្ធនាគារចំនួន១ឆ្នាំ២ខែនិង២៤ថ្ងៃ ក្នុងចំណោមទោស២០ខែ។ ចំណែកទោសដែលនៅសល់ ត្រូវបានព្យួរ​សាកល្បង​ក្នុងរយៈពេល៣ឆ្នាំ។ ពួកគេត្រូវបានដោះលែងចេញពីពន្ធនាគារជាបន្តបន្ទាប់នៅថ្ងៃនេះ។

ក្រៅពីលោក រ៉ុង ឈុន អាជ្ញាធរកម្ពុជាក៏បានដោះលែងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ កញ្ញា ស កណិកា និងលោក តុន និមល ផងដែរ។ លោក សួង សុភណ្ឌ ត្រូវបានចៅក្រមសាលាឧទ្ធរណ៍សម្រេចព្យួរទោសនៅថ្ងៃនេះ ដោយកាត់បន្ថយទោសជាប់ពន្ធនាគារពី២០ខែ មកនៅត្រឹម១៤ខែនិង២៧ថ្ងៃវិញ ហើយ​ទោសដែលនៅសល់ត្រូវបានព្យួរ។

នៅមុននេះ មន្ត្រីពន្ធនាគារក៏បានដោះលែងយុវជនខ្មែរថាវរៈ កញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ រួមទាំងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ