សាលា​ឧទ្ធរណ៍​កាត់​តម្រឹម​ទោស​លោក រ៉ុង ឈុន និង​សកម្មជន​២នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ជាង​១ឆ្នាំ

ក្រុម​ស្ត្រីជា​សាច់ញាតិ​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ចៅក្រម​សាលាឧទ្ធរណ៍ នៅព្រឹកមិញនេះ បានកាត់​តម្រឹម​ទោសលោក រ៉ុង ឈុន និង​​សកម្មជន​សង្គម២នាក់​ទៀត ឱ្យ​អនុវត្ត​ទោស​ក្នុងពន្ធនាគារម្នាក់ៗជាង១ឆ្នាំ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងក្នុងរយៈពេល​៣ឆ្នាំ។

ចៅក្រមសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង បានប្រកាសសាលក្រម​នៅថ្ងៃទី​១២ ខែវិច្ឆិកានេះ បង្គាប់ឱ្យលោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែន​និងជាប្រធានសហជីព ឱ្យអនុវត្តទោសជាប់ពន្ធនាគារចំនួន ១ឆ្នាំ ៣ខែ និង១១ថ្ងៃ ខណៈ​សកម្មជនសង្គម កញ្ញា ស កណិកា ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ១ឆ្នាំ ៣ខែ និង៥ថ្ងៃ ខណៈលោក តុន និមល អនុវត្តទោសក្នុងពន្ធនាគារចំនួន ១ឆ្នាំ ២ខែ និង២៤ថ្ងៃ។ ចំណែកទោសដែលនៅសល់ ត្រូវបានព្យួរ​សាកល្បង​ក្នុងរយៈពេល៣ឆ្នាំ។

ចំណែក​ប្រាក់ពិន័យ​ម្នាក់ៗចំនួន២លាន​រៀល និងប្រាក់​សំណង​រួម​គ្នា​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ចំនួន៤០០លាន​រៀល ឬ​ប្រហែល១០ម៉ឺន​ដុល្លារ​អាមេរិក តុលាការនៅរក្សាទុកដដែល។

តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ២០២១ បានកាត់ទោសលោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ២ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពីលោកបានចុះទៅពិនិត្យព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋ។

ចំណែក​សកម្មជន​២​នាក់​ទៀត ​កញ្ញា ស កណិកា និង​លោក តុន និមល ត្រូវបានតុលាការ​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​ម្នាក់ៗចំនួន២០ខែ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​​ភាព​​វឹកវរ​ធ្ងន់ធ្ងរ​ដល់​​សន្តិសុខ​​សង្គម» ដូចគ្នា បន្ទាប់ពីពួកគេបានចូលរួមតវ៉ាទាមទារ​ឱ្យដោះលែងលោក រ៉ុង ឈុន។ ជាមួយ​គ្នា​នេះ តុលាការ​បាន​ពិន័យ​ប្រាក់អ្នក​ទាំង​​៣ ក្នុងម្នាក់ៗចំនួន​២​លាន​​រៀល និង​បង្គាប់​ឱ្យ​បង់​សំណង​រួម​គ្នា​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន ជា​ទឹក​ប្រាក់​ចំនួន៤០០លាន​រៀល ឬ​ប្រហែល១០ម៉ឺន​ដុល្លារ​អាមេរិក។

បើគិតពីថ្ងៃចាប់ខ្លួន សកម្មជនព្រំដែន និងសង្គមទាំង៣នាក់ អាចនឹងត្រូវតុលាការដោះលែងឆាប់ៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ