សាលា​ឧទ្ធរណ៍​ព្យួរទោស​ប្រធាន​គណបក្ស​ខ្មែរឈ្នះ តែ​តម្កល់​សំណុំ​រឿង អាឡិច នៅ​ដដែល

លោក សួង សុភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ថ្លែងអំឡុងពេលចូលរួមតវ៉ាដោយសន្តិវិធីទៅតុលាការឱ្យដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃនេះ បានសម្រេចព្យួរទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ដោយកាត់បន្ថយទោសជាប់ពន្ធនាគារពី២០ខែ មកនៅត្រឹម១៤ខែនិង២៧ថ្ងៃវិញ ហើយ​ទោសដែលនៅសល់ត្រូវបានព្យួរ ខណៈសំណុំរឿងស្ថាបនិកក្រុមចលនា​មាតាធម្មជាតិ ត្រូវសាលាឧទ្ធរណ៍តម្កល់​សេចក្ដីសម្រេចរបស់សាលាដំបូងឱ្យ​​នៅ​ដដែល។

ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោស​កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគារ២០ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

នៅថ្ងៃនេះដែរ ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចតម្កល់ទោសស្ថាបនិកក្រុមចលនាមាតាធម្មជាតិ លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស-ដាវិតសុន (Alejandro Gonzalez-Davidson) របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។

ស្ថាបនិកក្រុមចលនាមាតាធម្មជាតិ លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស-ដាវិតសុន ត្រូវបានសា​លាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ពីបទ «ញុះញង់» តែត្រូវប្តូរទៅជាបទ «សមគំនិត» វិញ។

សាលាឧទ្ធរណ៍ បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដីលោក អាឡិច កាលពីថ្ងែទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងអំឡុងពេលសវនាការកំបាំងមុខនៃសាលាឧទ្ធរណ៍ មេធាវីការពារ​ក្ដីឱ្យ លោក អាឡិច បានស្នើសុំឱ្យតុលាការពិចារណាពិនិត្យលើអង្គហេតុនិងភស្ដុតាងដែលប្រឆាំងនឹងកូនក្ដីរបស់លោកឡើងវិញ ដោយសង្កត់ធ្ងន់ថា មិនមានភស្ដុតាងគ្រប់គ្រាន់ដើម្បីផ្ដន្ទាទោសលោក អាឡិច នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ