លោក រ៉ុង ឈុន និងសកម្មជនសង្គមនយោបាយជិត១០នាក់ត្រូវបានដោះលែងជាបន្តបន្ទាប់

លោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែនកម្ពុជា ក្រោយត្រូវបានដោះលែងពីពន្ធនាគារព្រៃស ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោក រ៉ុង ឈុន និងសកម្មជននយោបាយ​ រួមជាមួយស​កម្មជនសង្គម ជិត១០នាក់ ត្រូវ​បានដោះលែងចេញពីពន្ធនាគារជាបន្តបន្ទាប់នៅថ្ងៃសុក្រនេះ បន្ទាប់ពីសាលាឧទ្ធរណ៍បានកាត់តម្រឹមទោសនិងព្យួរទោសដែលនៅសល់ជាបន្តបន្ទាប់។

អ្នកដែលត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃនេះ រួមមាន លោក រ៉ុង ឈុន ប្រធានសហជីព និងជាអ្នកឃ្លាំមើលរឿងព្រំដែន, លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ, សកម្មជនអតីតគណបក្សប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម, យុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ, អ្នកនាង ឈឿន ដារ៉ាវី លោក តុន និមល និងកញ្ញា ស កណិកា ជាដើម។

កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យលោក រ៉ុង ឈុន ​ជាប់​ពន្ធនាគារ២ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​​សន្តិសុខ​​សង្គម» បន្ទាប់ពីលោកចុះទៅពិនិត្យព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលខែកក្កដា ឆ្នាំ២០២០។

ប៉ុន្តែនៅថ្ងៃនេះ ប្រធានក្រុមប្រឹក្សានៃសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង បានប្រកាសសាលដីកាដោយសម្រេចកាត់តម្រឹមទោសឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ១ឆ្នាំ៣ខែ១១ថ្ងៃ ខណៈ​​កញ្ញា ស កណិកា ជាប់ពន្ធនាគារ១ឆ្នាំ៣ខែ៥​ថ្ងៃ និង​លោក តុន និមល ត្រូវជាប់ពន្ធនាគារ១ឆ្នាំ២​ខែ២៤​ថ្ងៃ ក្រោមបទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ចំណែក ទោសដែលនៅសល់ត្រូវព្យួរ​ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេល៣ឆ្នាំ ដោយអំឡុងពេល៣​ឆ្នាំនេះ​ បើសិនជាពួកគាត់ត្រូវផ្លាស់ប្ដូរលំនៅ ចេញទៅក្រៅប្រទេស ត្រូវជូនដំណឹង ដោយមានការឯកភាពពីតុលាការ ជាដើម។

យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីស្ដាប់ចៅក្រមសាលាឧទ្ធរណ៍ប្រកាសសាលដីកាថា រូបលោកមិនអាចទទួលយកបាននៅឡើយទេចំពោះការសម្រេច​រ​ប​ស់សាលាឧទ្ធរណ៍ ដោយថា ការសម្រេចនេះស្ថិតនៅក្រោមឥទ្ធិពលនយោបាយច្រើនជាងការអនុវត្តច្បាប់លើរូបគាត់។

លោកថា៖ «ខ្ញុំមិនអាចទទួលបានទេ ការសម្រេចនេះនៅក្រោមឥទ្ធិពលនយោបាយ»

ក្រៅពីលោក រ៉ុង ឈុន និងសកម្មជនសង្គមទាំង២នាក់នោះ នៅថ្ងៃសុក្រ​នេះ ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ក៏ត្រូវបានសាលាឧទ្ធរណ៍កាត់តម្រឹមទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ២ខែនិង២៧ថ្ងៃ ក្រោមបទចោទប្រកាន់ «ញុះញង់​បង្កឱ្យ​មាន​ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ខណៈសកម្មជនអតីតគណបក្សប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម, យុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ អ្នកនាង​ ឈឿន ដារ៉ាវី ក៏ត្រូវបានដោះលែង បន្ទាប់ពីតុលាការបានកាត់តម្រឹមទោសនិងព្យួរទោសដែលនៅសល់ជាបន្តបន្ទាប់។

លោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែនកម្ពុជា និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក្រោយត្រូវបានដោះលែងពីពន្ធនាគារព្រៃស ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែនកម្ពុជា និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក្រោយត្រូវបានដោះលែងពីពន្ធនាគារព្រៃស ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត កត់សម្គាល់ថា ការដោះលែងសកម្មជនសង្គម  បរិស្ថាន សិទ្ធិមនុស្ស រួមទាំងអ្នកនយោបាយមួយចំនួននាពេលនេះ ជាការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ​និងសិទ្ធិមនុស្ស ស្របពេលដែលឆ្នាំ២០២២ខាងមុខ កម្ពុជាជាប្រធានអាស៊ាន ខណៈកន្លងមក បញ្ហាសិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា បានរងការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិនោះ។

លោកបន្តថា ការចាប់ខ្លួនសកម្មជនសង្គមនិង​អ្នកនយោបាយ​​ដាក់ពន្ធនាគារ ត្រូវបានស្ថានទូតនានានៅកម្ពុជាបានធ្វើការតាម​ដាន​យ៉ាងយកចិត្តទុកដាក់​។ ​លើសពីនេះទៀត លោកថា ការដោះ​លែងដោយភ្ជាប់ជាមួយលក្ខខណ្ឌនេះនៅមិនទាន់គ្រប់គ្រាន់ឡើយ ដោយអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ទាមទារឱ្យទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងលើពួកគាត់។

លោកថា៖ «ទោះជាមានការដោះលែងក៏ដោយ ពួកគាត់រងភាពអយុត្តិធម៌ទៅហើយ ដោយតុលាការបានផ្ដន្ទាទោសពួកគាត់ដាក់ក្នុងពន្ធនាគារ ហើយទោសនៅសល់ត្រូវព្យួរដោយភ្ជាប់លក្ខខណ្ឌ​ ដែលលក្ខខណ្ឌនេះជាការកម្រិតសេរីភាព​របស់គាត់​ សេរីភាពរបស់គាត់មិនបានពេញលេញដូចមុនទេ ដោយសារជាប់លក្ខខណ្ឌស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ​រយៈពេល២ទៅ៣ឆ្នាំបន្ថែមទៀត។ ​ករណីនេះ ទាំងអង្គការជាតិ អន្តរជាតិ ទទូចឱ្យមានការទម្លាក់ចោទបទប្រកាន់អ្នកទាំងអស់ហ្នឹង ហើយដោះលែងឱ្យមានសេរីភាពវិញ ដោយសារពួកគេគ្រាន់តែបំពេញកាតព្វកិច្ច​ក្នុងនាមជាពលរដ្ឋអនុវត្ត​សេរីភាពជាមូលដ្ឋាន ជាពិសេសសេរីភាពបញ្ចេញមតិដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញនិងបទដ្ឋានអន្តរជាតិ»

ចាប់ពីដើមខែវិច្ឆិកាមក តុលាការកម្ពុជាបានដោះលែងសកម្មជនសង្គម បរិស្ថាន និងនយោបាយជាបន្តបន្ទាប់ ក្រោយពីពួកគេត្រូវបានតុលាការកាត់តម្រឹមទោសនិងព្យួរទោសសាកល្បងជាបន្តបន្ទាប់។

តែយ៉ាងណា នៅថ្ងៃនេះ ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយឱ្យស្ថាបនិកក្រុមចលនាមាតាធម្មជាតិ លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស-ដាវិតសុន (Alejandro Gonzalez-Davidson) ជាប់ពន្ធនាគាររយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល។

លោក អាឡិច ត្រូវបានសា​លាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ពីបទ «ញុះញង់» តែត្រូវប្តូរទៅជាបទ «សមគំនិត» វិញ។

សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់មេធាវីអាឡិច កាលពីថ្ងែទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងអំឡុងពេលសវនាការកំបាំងមុខនៃសាលាឧទ្ធរណ៍ មេធាវីការពារ​ក្ដី​ឱ្យលោក អាឡិច បានស្នើសុំឱ្យតុលាការពិចារណាពិនិត្យលើអង្គហេតុនិងភស្ដុតាងដែលប្រឆាំងនឹងកូនក្ដីរបស់លោកឡើងវិញ ដោយសង្កត់ធ្ងន់ថា មិនមានភស្ដុតាងគ្រប់គ្រាន់ដើម្បីផ្ដន្ទាទោសលោក អាឡិច នោះឡើយ៕

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ចំនួន៣​រូប បានអំពាវនាវចំៗឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការ​ប្រើប្រាស់ប្រព័ន្ធតុលាការ​​​កាត់​ទោស​លើអ្នកហ៊ាន​ក្រោក​ឈរ ដើម្បីសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជាបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ