សកម្មជន​សង្គម​និង​នយោបាយ​២នាក់​ទៀត​ត្រូវ​បាន​ដោះលែង​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ

លោក ហ៊ុន វណ្ណៈ និងលោក ប៉ែន ច័ន្ទសង្គ្រាម ចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សកម្មជនសង្គមនិងសកម្មជននយោបាយចំនួន២នាក់​ទៀត គឺ​លោក ហ៊ុន វណ្ណៈ និងលោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវបានមន្ត្រីពន្ធនាគារ (ម២) ដោះលែងចេញពីពន្ធនាគារ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកានេះ។

យុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៥ខែ ក្នុងចំណោមទោស២០ខែ ខណៈលោក ប៉ែន ច័ន្ទសង្គ្រាម សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែង​បន្ទាប់ពី​អនុវត្តទោស​ជាប់​ពន្ធនាគារ​រយៈពេល​១០ខែ និង​២០ថ្ងៃ។

ចំណែកយុវជនខ្មែរថាវរៈម្នាក់ទៀត កញ្ញា ឈឿន ដារ៉ាវី ដែលនឹងត្រូវដោះលែងនៅថ្ងៃជាមួយគ្នា​នេះ នៅមិនទាន់ដោះលែង​ចេញពី​ពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅឡើយទេ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ។

លោកស្រី ថាច់ ធីតា ម្ដាយរបស់កញ្ញា ឈឿន ដារ៉ាវី បានប្រាប់ វីអូឌី ថាលោកស្រីកំពុងទន្ទឹងរង់ចាំការដោះលែងកូនស្រីយ៉ាងអន្ទះសារ​នៅមុខពន្ធនាគារ (PJ) នៅថ្ងៃនេះ។ 

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានសម្រេចផ្ដន្ទាទោសយុវជនខ្មែរថាវរៈ កញ្ញា ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ឱ្យជាប់ពន្ធនាគារចំនួន២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន២លានរៀល (២ ០០០ ០០០រៀល) ពីបទ «ញុះញង់» តាម​បញ្ញត្តិ​មាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប៉ុន្តែតុលាការបានបង្គាប់ឱ្យអនុវត្តទោសចំនួន១៥ខែ ខណៈទោស​ដែល​នៅសល់​ត្រូវបាន​ព្យួរ​សាកល្បងរយៈពេល២ឆ្នាំ។

ចំណែកលោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២១ ឱ្យ​ជាប់​​ព​ន្ធនាគារ​១ឆ្នាំ​៦ខែ ក្រោមបទចោទប្រកាន់ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» បន្ទាប់​ពី​លោក​ចូលរួម​តវ៉ា​ទាម​ទារ​​ឱ្យ​​ដោះ​លែង​​លោក រ៉ុង ឈុន និង​ការ​ផ្ដល់​បទ​សម្ភាសជាមួយ​អ្នកសារព័ត៌មាន​អំពី​បញ្ហា​ព្រំដែននិងបញ្ហាសង្គមមួយចំនួនទៀត។

ប៉ុន្តែនៅថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ ចៅក្រមសាលាឧទ្ធរណ៍បានកាត់ទោសតម្រឹមទោសឱ្យ​លោក​អនុវត្តទោស​ជាប់​ពន្ធនាគារ​រយៈពេល​១០ខែ ២០ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងរយៈពេល៣ឆ្នាំ។

នៅថ្ងៃនេះ ក៏មានដំណឹងពីក្រុមមេធាវី​ថា តុលាការនឹងដោះលែងលោក រ៉ុង ឈុន, កញ្ញា ស កណិកា និងលោក តុន និមល ផងដែរ បន្ទាប់ពីសាលាឧទ្ធរណ៍បានកាត់តម្រឹមទោសឱ្យជាប់ពន្ធនាគារម្នាក់ៗជាង១ឆ្នាំរួចមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ