តុលាការ​អនុវត្ត​ដីកា​លក់​ស្នាក់ការ​កណ្ដាល​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅភ្នំពេញ

ទិដ្ឋភាពនៅពីមុខអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រចលក់​ស្នាក់ការ​កណ្ដាលរបស់​អតីតគណបក្សសង្គ្រោះ​​​ជាតិ​ ដែលជាផ្ទះរបស់លោក សម រង្ស៊ី ប្រធានអតីត​គណបក្សនេះ នៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ។

តាមដីកា​សម្រេច​ចាប់ផ្ដើមការលក់ដោយបង្ខំ​​របស់ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ ដែលត្រូវសមត្ថកិច្ចយកទៅបិទនៅមុខស្នាក់ការកណ្ដាលអតីតគណបក្ស​សង្គ្រោះជាតិ ដែល​មាន​ម្ចាស់​បំណុល​​ចំនួន​​៤ផ្សេងៗគ្នា ​បានលើកឡើង​ថា ការ​ប្រកាស​នេះយោងទៅលើនីតិវិធីមួយចំនួន​ រួមទាំងបានឃើញសំណុំ​រឿងអនុត្តវត្តដោយ​បង្ខំ​របស់សាលាដំបូងរាធានីភ្នំពេញ រវាងម្ចាស់បំណុលនៃការអនុវត្ត​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន, ម្ចាស់បំណុលនៃការអនុវត្ត​របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, ម្ចាស់បំណុលនៃការអនុវត្តរបស់​រាជរដ្ឋាភិបាល, ម្ចាស់បំណុល​នៃការអនុវត្តរបស់រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង និងកូនបំណុលនៃការអនុវត្ត ឈ្មោះ សម រង្ស៊ី និងសហកូនបំណុល លោកស្រី ជូឡុង សូមូរ៉ា។

បើតាមកម្មវត្ថុក្នុង​ដីកាដដែល សុំ​ឱ្យ​អនុវត្ត​តាម​វិធាន​បង្ខំដោយផ្ទាល់ លក់ដោយបង្ខំនូវអចលនវត្ថុមាន​បណ្ណ​សំគាល់​​សិទ្ធិ​កាន់​កាប់​អចលន​វត្ថុ ចេញដោយមន្ទីររៀបចំដែន​ដី​ នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិត​នៅ​សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល។

ក្នុងដីកានីមួយៗបានបញ្ជាក់នូវទឹកប្រាក់ដែលម្ចាស់បំណុលនីមួយៗទាមទារពីកូនបំណុល ក្នុងនោះ លោក ហេង សំរិន បានទាមទារ​នូវទឹកប្រាក់ចំនួន២៥០លានរៀល ឬស្មើប្រមាណ៦២ ៥០០ដុល្លារអាមេរិក, លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន៤ ០០០លានរៀល ឬស្មើប្រមាណ១លានដុល្លារ, រដ្ឋាភិបាលចំនួន១ ៨០០លាន​រៀល ឬស្មើប្រមាណ៤៥ម៉ឺនដុល្លារ និងលោក ស ខេង ចំនួន២ ០០០លានរៀល ឬស្មើប្រមាណ៥០ម៉ឺនដុល្លារ។

អតីត​មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលឡោមព័ទ្ធដោយបណ្ដឹង​នោះ កំពុងនិរទេសខ្លួននៅក្រៅប្រទេស។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រម​កំបាំងមុខដាក់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ហាមមិន​ឱ្យបោះឆ្នោតនិងឈរឈ្មោះ ​ក្រោមបទ​ «ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា»។

ក្រៅពីលោក សម រង្ស៊ី សាលក្រមនៅពេលនោះក៏បានសម្រេចដាក់ទោសលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមូរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់​ពន្ធនាគារក្នុងម្នាក់ៗចំនួន២០ឆ្នាំ។ 

តែយ៉ាងណា ការប្រកាសសាលក្រមនៅពេលនេះជំរុញឱ្យមានប្រតិកម្មពីស្ថានទូតលោកសេរីប្រចាំនៅកម្ពុជា ក្នុងនោះ​មានទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអាល្លឺម៉ង់​ផង​ដែរ ដោយពួកគេចាត់ទុកវិធានការ​នោះថា ជា​ការ​ព្រួយ​បារម្ភអំពី​ការកាត់ទោសក្រុមមេដឹកនាំអតីត​គណបក្សប្រឆាំងនៅកម្ពុជា ដែល «ធ្វើឡើងក្រោមដំណើរការនីតិវិធីខ្វះភាពត្រឹមត្រូវ» និងជំរុញឱ្យបើកចំហនយោបាយឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ