ក្រុម​អ្នកឃ្លាំមើល​ទាមទារ​ឱ្យ​ទម្លាក់​បទចោទ​និង​ដោះលែង​សកម្មជន​សង្គម

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

ក្រុមអង្គការសង្គមស៊ីវិល ទាមទារទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលទម្លាក់​បទចោទនិង​ដោះ​លែងតំណាង​សហគម​ន៍​ដីធ្លី បរិស្ថាន និង​ព្រៃឈើ ដោយ​ថា វិធាន​ទាំង​នោះធ្វើឡើង​​ក្រោម​ឥទ្ធិពល​នយោបាយ​ ដើម្បី​បំបិទ​សំឡេង​រិះគន់ មិន​អនុលោម​តាម​ច្បាប់​ជាតិនិងអន្តរជាតិ។

ការទាមទារនេះធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសមាគមចំនួន៨៥ ដែលបានចេញផ្សាយថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២១នេះ។ សេចក្ដីថ្លែងការណ៍រួម​នេះ ចេញដោយសមាគមការពារសិទ្ធិមនុ​ស្ស​​អាដហុក សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា អង្គការការពារសិទ្ធិមនុស្សលីកាដូ និងមជ្ឈ​មណ្ឌ​លសិទ្ធិមនុស្សកម្ពុជា ជាដើម។

ក្រុមអ្នកឃ្លាំមើលទាំងនោះបាន​លើកឡើង​​​ថា ការ​ចាប់​ខ្លួននិង​ការចោទប្រកាន់សកម្មជនទាំង​នោះ នាពេល​ថ្មីៗ​នេះ ជា​រឿង​អយុត្តិធម៌ ដែលការនេះ ពួកគេ​ទាមទារឱ្យទម្លាក់ចោលបទចោទ និងដោះលែងអ្នក​ទាំងនោះឱ្យមានសេរីភាពវិញ ដោយឥតលក្ខខណ្ឌ។

ក្រុមអ្នកឃ្លាំមើលទាំងនោះបានលើកយកករណី​ចាប់​ឃុំ​ខ្លួន​សកម្មជន​ការ​ពារធ​ន​ធាន​ធម្មជាតិដ៏សកម្ម នៅខេត្ត​រតនគិរី លោក ឆន ផល្លា, ការចាប់ឃុំខ្លួន​តំណាងសហគមន៍ដីធ្លីដ៏លេចធ្លោ​ម្នាក់​ទៀ​ត​នៅ​ឃុំ​ជាំក្រវៀន ខេត្តត្បូងឃ្មុំ លោក ផុន សុផល, សំណុំរឿងសកម្មជនការពារព្រៃឡង់ លោក ចាន់ ធឿន ដែលត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងមនុស្សឃាត» ពីជនល្មើសកាប់ឈើ និងសំណុំរឿងចោទប្រកាន់មួយចំនួនទៀតទៅលើសកម្មជនព្រៃឈើនៅខេត្តព្រះវិហារ។

ពួកគេបានលើកឡើងទៀត​ថា សកម្មជនបរិស្ថានមួយចំនួនដែលត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំនាប៉ុន្មានថ្ងៃនេះ ក៏មិនទាន់ទទួលបានយុត្តិធម៌ដែរ ដោយហេតុថា ពួកគេត្រូវភ្ជាប់ទៅនឹងលក្ខខណ្ឌត្រួតពិនិត្យ​របស់​តុលាការ ដែលថា បញ្ហានេះ ត្រូវទម្លាក់ចោលទាំងស្រុងផងដែរ។

សេចក្ដីថ្លែងការណ៍រួម បញ្ជាក់​ថា៖ «ការចោទប្រកាន់ពីស្ថាប័នតុលាការ ការចាប់ខ្លួនសកម្មជនដីធ្លី បរិស្ថាន អ្នកការពារធន​ធា​នធម្មជាតិ ជាច្រើននាក់ ដោយភាគច្រើន ពួកគេត្រូវរងការចោទប្រកាន់ ពីបទញុះ​ញង់ឱ្យប្រព្រឹត្តបទឧក្រិ​ដ្ឋជាអាទិ៍ ញុះញង់ឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទល្មើសផ្សេងៗទៀតដែលមា​ន​​​​លក្ខណៈនយោបាយ ដើម្បីបំបិទសំឡេងរិះគន់របស់អ្នកទាំងនោះ»។ 

បញ្ហានេះ ពួកគេជំរុញទៅរដ្ឋាភិបាលឱ្យធានាសិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេសសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបជុំ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងស្នើសុំឱ្យទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយដោយមិនមានលក្ខខណ្ឌ ទៅលើសកម្មជនសង្គម បរិស្ថាន និងដីធ្លីទាំងអស់ដែលដោះលែងរួចនាពេលថ្មីនេះ។ ពួកគេក៏បានអំពាវនាវ​យ៉ាង​​​ទទូច​​ស្នើសុំ​​ឱ្យ​​​មាន​ការ​ដោះ​​លែង​​​សកម្ម​​ជនកំពុងជាប់​​ឃុំដោយមិនមានលក្ខខណ្ឌផងដែរ ដើម្បី​​ឱ្យពួកគាត់​​បាន​​ជួបជុំក្រុមគ្រួសារ និងបានបន្តរួម​ចំណែកបម្រើ​​ក្នុង​​ការ​​ជួយ​កិច្ចការងារសង្គមបច្ចុប្បន្ននិងទៅអនាគត។

អ្នកស្រី ចម ចន្ទ្រា ភរិយារបស់ លោក ផុន សុផល ជាតំណាងសហគមន៍ដីធ្លី​នៅឃុំជាំ​ក្រវៀន ខេត្តត្បូងឃ្មុំបាននិយាយថា ស្វាមីរបស់គាត់​ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួន​​ កាលពី​ចុងឆ្នាំ​២០២០ និ​ងត្រូវបានតុលាការចោទ​ពី​បទ ​«សមគំនិត​ក្នុង​អំពើ​ញុះញង់​ឱ្យ​ប្រព្រឹត្ត បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​តាម​​បណ្តាញ​សង្គម​នៅ​ខេត្ត​ត្បូងឃ្មុំ» អាច​ប្រឈម​នឹង​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ៦ខែ​ទៅ២ឆ្នាំ​ តាម​មាត្រា​៤៩៤ និង៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

អ្នកស្រីចាត់ទុកការចោទប្រកាន់ទៅលើ​ស្វាមីរបស់អ្នកស្រី​ ពីសំណាក់តុលាការ ថា​ជារឿងមិន​ត្រឹមត្រូ​វ និងអយុត្តិធម៌ ដោយគ្រាន់តែស្វាមីរបស់គាត់​តវ៉ាទាមទារដី​របស់ខ្លួន​ឯង​មក​វិញ។ ករណីនេះ អ្នកស្រីបានស្នើ​យ៉ាងទទូចទៅតុលាការ​ ដោះលែងស្វាមីអ្នកស្រីឱ្យមានសេរីភាពឡើងវិញ។

អ្នកស្រីបន្ថែមថា៖ «គេឃុំខ្លួនគាត់១ឆ្នាំហើយ​ទាំងដែលគាត់មិនបានធ្វើអីខុសផង។ បើគាត់ទៅលួចឆក់ប្លន់គេ​វាសមដាក់ទោសគាត់ តែនេះគាត់មិនបានធ្វើអីផងគាត់គ្រាន់តវ៉ាទាមទារដីធ្លីខ្លួន​ ដែលក្រុមហ៊ុនរំលោភយកសោះ ដាក់គុក​គាត់ដែរ»

ចំណែក ​អ្នកស្រី ខាំ សាឡុង ភរិយារបស់ លោក ឆន ផល្លា និយាយថា ស្វាមីគាត់ជាអ្នកការពារព្រៃឈើ ហើយ​​ត្រូ​​វ​តុលាការខេត្តរតនគិរី ចោទពី​បទ «កាប់បំផ្លាញព្រៃឈើដោយខុសច្បាប់» និងបានផ្ដន្ទាទោសដាក់ពន្ធនា​គា​​ររយៈពេល៥ឆ្នាំយ៉ាងអយុត្តិធម៌។

អ្នកស្រីបន្ថែមថា៖ «គ្នា[ស្វាមីអ្នកស្រី]អ្នកត្រឹមត្រូវបែរជាថាគ្នាខុស។ ចំណែកប្រព្រឹត្តខុសបែរជាត្រូវវិញ។ ខ្ញុំមិនយល់ពីតុលាការទេ វាអយុធម៌សម្រាប់គ្រួសារខ្ញុំណាស់។ ខ្ញុំសុំសំណូមពរដល់តុលាការ​សុំដោះលែងប្តីខ្ញុំវិញក ប្តីខ្ញុំគ្មានអីទេ»

មន្ត្រីសម្រាបសម្រួលគម្រោងធូរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយ ដោយទម្លាក់បទចោទ និងដោះលែងសកម្មជនសង្គម​ ទៅតាមការទាមទាររបស់សង្គមស៊ីលវិលទេ នឹងធ្វើអន្តរជាតិមើលឃើញថា កម្ពុជាមានការគោរពសិទ្ធិមនុស្សនូវកំរិតទាបនៅឡើយ។

លោក​បន្តថា ពេលដែលអន្តរជាតិមើលឃើញថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សខ្លាំងក្លានោះ គឺប្រទេសមហាអំណាចមួយចំនួន នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្សឡើងវិញ។ លោកថា កាលណាកម្ពុជារងទណ្ឌកម្មពីអន្តរជាតិនោះ វានឹងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋផងដែរ។

លោក វណ្ណ សុផាត ថ្លែងទៀត​ថា៖«យើងបានឃើញស្រាប់​ហើយការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាបអ៊ឺរ៉ុប បន្ទាប់មកសហរដ្ឋអាមេរិក ហើយបន្ទប់មកទៀតក៏មានការដាក់ទណ្ឌកម្មផ្សេងៗ ទៅមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន។ អាហ្នឹងជាផ្នែកមួយនៃការដាក់សម្ពាធ​សេដ្ឋកិច្ចលើប្រទេសកម្ពុជា ហើយវាក៏ប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ»

វីអូឌី បានសុំប្រតិកម្មពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដែរ ប៉ុន្តែលោកប្រាប់ថា ជាប់រវល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ