អាជីវករ​ផ្សារធំ​តាកែវ ប្រមូល​ផ្ដុំ​នៅ​មុខ​សាលាខេត្ត​ទាមទារ​រក​ដំណោះស្រាយ​រឿង​វិវាទផ្សារ

អាជីវករ​ផ្សារធំ​តាកែវ​ ខេត្តតាកែវ រាប់រយនាក់​លើក​គ្នាទៅ​តវ៉ានៅ​មុខ​សាលា​ខេត្តតាកែវ​ ដើម្បីស្វែងរក​ដំណោះ​ស្រាយ​ករណី​ក្រុមហ៊ុន​ឯកជន​វិនិយោគ​សាងសង់​ផ្សារធំ​តាកែវ​ឡើងវិញ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ (​ផ្តល់​ឱ្យ)

អាជីវករឱ្យដឹងថា ពួកគេប្រមាណ១ ០០០នាក់ដែល​លក់ដូរនៅផ្សារធំតាកែវ បានផ្ទុះការតវ៉ាទ្រង់ទ្រាយធំ​​​ជាថ្មី​ទៀត ដោយនាំគ្នាដើរហែក្បួន​ទៅ​ប្រមូលផ្ដុំនៅមុខសាលាខេត្តតាកែវ នៅថ្ងៃចន្ទនេះ ទាមទារឱ្យ​អាជ្ញាធរ​លុប​ចោល​គម្រោង​សាង​សង់​ផ្សារ​ថ្មី។

អាជីវករម្នាក់ អ្នកស្រី ផូ ស៊ីណាត ប្រាប់ វីអូឌី ថាអាជីវករប្រមាណ១ ០០០នាក់បាននាំគ្នាកាន់​បដា​រូប​ថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដើរហែក្បួនចេញពីផ្សារធំតាកែវ ឆ្ពោះទៅសាលាខេត្ត ដើម្បីស្នើដល់អភិបាលខេត្ត លោក អ៊ូច ភា ជួយដោះស្រាយដោយលុបចោលគម្រោងសាងសង់ថ្មី។

អាជីវកររូបនេះឱ្យដឹងថា ពេលកន្លងមក​ មានឈ្មួញកណ្ដាលស្នើសុំរុះរើផ្សារធំតាកែវ ដើម្បីសាងសង់ថ្មីសម្រាប់លក់ជូនពួកគាត់ និងអាជីវករផ្សេងទៀត ប៉ុន្តែត្រូវបានជំទាស់ដោយក្រុមអាជីវករលក់ដូរនៅទីនោះ។ អ្នកស្រីប្រាប់ពីមូលហេតុថា ការដែលអាជីវករ​ស្នើឱ្យ​លុប​ចោលគម្រោង​នោះ ដោយសារ​​ផ្សារនេះ​នៅថ្មី ហើយ​អាជីវករ​ភាគ​ច្រើន​ពុំមានលទ្ធភាពទិញតូប​មកវិញ ក្រោយផ្សារសាងសង់ថ្មីរួច។

អ្នកស្រីបន្ថែមថា៖ «គេចង់រុះរើផ្សារហ្នឹង​ ហើយធ្វើថ្មីលក់ឱ្យពួកខ្ញុំវិញ និងអាជីវករផ្សេងទៀត។ ពួកខ្ញុំ​យល់ ទាំង​អស់​គ្នាយល់​ថា ការធ្វើបែបនេះមិនល្អសម្រាប់ពួកខ្ញុំទេ ពីព្រោះពួកខ្ញុំលក់ដូរនៅទីនេះ៩៩ភាគរយ គឺជំពាក់​លុយធនាគារម្នាក់ៗច្រើនណាស់។ បើគាត់ធ្វើអ៊ីចឹង ​ដូចសម្លាប់ពួកខ្ញុំទាំងរស់តែម្ដង»

អាជីវកររូបនេះបន្ថែមថា ក្នុងឆ្នាំ២០២១នេះ ក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារធំខេត្តតាកែវ បានផ្ទុះការ​តវ៉ា​ជា​បន្ត​បន្ទាប់ ក្រោយពីទទួលបា​ន​ព័ត៌មានថា ផ្សារ​មួយនេះនឹងត្រូវអភិវឌ្ឍថ្មី ប៉ុន្តែការតវ៉ានោះរហូតមកដល់ពេលនេះពុំមានដំណោះស្រាយឡើយ។

អាជីវករលក់ដូនៅផ្សារ​ធំតាកែវម្នាក់ទៀត អ្នកស្រី ម៉ៅ សុផល និយាយថា ប្រសិនបើផ្សារមួយនេះ​ធ្វើការ​អភិវឌ្ឍថ្មី នោះ​អ្នកស្រីនិងអាជីវករមួយចំនួនបារម្ភ​ពីការធ្លាក់ចុះ​នូ​វ​ចំណូល ការខ្វះខាត​លុយ​សម្រាប់ទិញ​តូប​លក់​ថ្មី និង​ប្រឈមការ​ជំពាក់បំណុលទ្វេ​ដង ខណៈពេលនេះពួកគាត់ជាប់បំណុលនៅធនាគារក្នុងចំនួន​ច្រើនរួចទៅហើយ។

អ្នកស្រីបន្ថែមថា៖ «ពួកយើងជួបបញ្ហាប្រឈមច្រើនណាស់ ពីព្រោះអាជីវករក្នុងផ្សារនេះជាង៩០ភាគរយសុទ្ធ​តែជំពាក់បំណុលគេទាំងអស់ ហើយភាគច្រើនមុខរបរតែមួយមុខទេ។ ហើយមួយទៀត បើកាលណាធ្វើតូប​បន្ថែម​ថ្មី នឹងធ្វើឱ្យយើងពិបាករកស៊ីទៀត ព្រោះអ្នកលក់កាន់តែច្រើន តែគ្មានអ្នកទិញ។ ជំពាក់បំណុលគេច្រើន ហើយចំណូលធ្លាក់ចុះ ដឹងតែវេទនាហើយ ដឹងតែទឹកភ្នែកហើយ»

ខណៈដែលអាជីវករ​កំពុងប្រមូល​ផ្ដុំតវ៉ានោះ អភិបាល​ខេត្តតាកែវ លោក អ៊ូច ភា បានចេញមកជួបក្រុមអ្នកតវ៉ា​​ ដោយ​​​សន្យាថានឹងពាំនាំយកសំណើរបស់​អាជីវករ​​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​ពិនិត្យនិង​​​សម្រេច។

លោកបន្ថែមថា៖ «ខ្ញុំនឹងគោរពទៅតាមសំណូម​ពរបងប្អូន និង​យកសំណូមពរបងប្អូន​រាយ​ការណ៍​ទៅក្រសួង​ ប្រាប់​ថាបងប្អូនមិនអនុញ្ញាត​ឱ្យ​​អភិវឌ្ឍផ្សារនេះតទៅមុខទៀតទេ។ ប៉ុន្តែចំពោះមុខនេះ​ យើងដោះ​ស្រាយ​ការតវ៉ានេះ​ ដោយមិនឱ្យមានសកម្មភាពសាងសង់អ្វីទេ»

នាយករដ្ឋបាលសាលាខេត្ត លោក មាស អ៊ុយ ប្រាប់ វីអូឌី កាលពីខែតុលា ឆ្នាំ២០២១នេះថា អាជ្ញាធរខេត្តចង់អភិវឌ្ឍផ្សារធំតាកែវនេះ ដោយសារតែផ្សារ​នេះចាស់​ ធ្លុះ​ធ្លាយ និង​លិច​ទឹ​កជាដើម ដែលអាជ្ញាធរត្រូវធ្វើការអភិវឌ្ឍថ្មី។

ប៉ុន្តែយ៉ាងណា ក្រោយពីក្រុមអាជីវករផ្ទុះការតវ៉ានៅមុខសាលាខេត្តតាកែវ ខាង​​រដ្ឋបាលខេត្តបានចេញលិខិត​មួយ​នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយប្រាប់ទៅក្រុមអាជីវករ​ថា រដ្ឋបាលខេត្តនឹងធ្វើសំណើទៅក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំលុបចោលគម្រោងសាងសង់ និងជួសជុលផ្សារធំតាកែវ ទៅតាមការស្នើសុំរបស់ក្រុមអាជីវករ។

ក្រុមអាជីវករព្រមានថា ប្រសិនបើពុំមានដំណោះស្រាយទេ ពួកគេនឹងប្រមូលផ្ដុំតវ៉ានៅមុខសាលាខេត្តជាថ្មីម្ដងទៀត និងទៅរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយដោះស្រាយបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ