កម្មករ​រោងចក្រ​ម្នាក់​ក្នុង​ខេត្តតាកែវ ត្រូវ​ខ្សែភ្លើងឆក់​ស្លាប់​ពេល​កំពុង​បំពេញ​ការងារ

ជនរងគ្រោះឈ្មោះ ពត ពុត ជាកម្មករបម្រើការងារនៅរោងចក្រ អ៊ីចេង (ខេមបូឌា) ខបភើរេសិន (I CHENG (Cambodia) CORPORATION ) ស្ថិតក្នុងភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ ត្រូវបានភ្លើងឆក់ស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករម្នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ ត្រូវខ្សែ​ភ្លើងឆក់ស្លាប់ ខណៈកំពុងបំពេញការងារជាមួយកម្មករផ្សេងទៀតនៅក្នុងរោងចក្រ។

លោក ហុង អឿន ជាកម្មករបម្រើការងារនៅរោងចក្រ អ៊ីចេង (ខេមបូឌា) ខបភើរេសិន (I CHENG (Cambodia) CORPORATION ) ស្ថិតក្នុងភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ បានប្រាប់វីអូឌីថា កម្មករម្នាក់ឈ្មោះ ពត ពុត ត្រូវបានខ្សែ​ភ្លើងឆក់ស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈកំពុងបំពេញការងារក្នុងរោងចក្រជាមួយកម្មករផ្សេងទៀត។

លោក ហុង អឿន ដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា ពេលលោក ពត ពុត កំពុងបំពេញការងារជាមួយកម្មករផ្សេងទៀតដូចរាល់ដងនោះ ស្រាប់តែខ្សែភ្លើងក្នុងរោងចក្រដែលមានសភាពចាស់ និងពុកផុយស្រោមផងនោះ បានទុស្សេ ហើយឆ្លងទៅប៉ះដែកនៅជាប់ជាមួយកម្មករកំពុងបំពេញការងារ។ លោកថា ពេលទុស្សេខ្សែភ្លើងនោះ កម្មករផ្សេងៗទៀតបានរត់ចេញផុត ខណៈលោក ពត ពុត រត់ទៅប៉ះដែកដែលកំពុងឆ្លងភ្លើងបណ្ដាលឱ្យឆក់ស្លាប់

កម្មកររូបនេះឱ្យដឹងថា ក្រុមកម្មករបានព្យាយាមជួយសង្គ្រោះជនរងគ្រោះដែរ ប៉ុន្តែជួយមិនបាន ហើយជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ លោកថា ពេលនេះ សពជនរងគ្រោះត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងសមត្ថកិច្ចធ្វើកោសលវិច័យបន្ថែម។

លោកបន្ថែមថា៖ «ដំបូងយើងដោតខ្សែភ្លើងដើម្បីធ្វើការងារធម្មតា ហើយយើងធ្វើការបានប្រហែល១០ទៅ២០នាទី ស្រាប់តែទុស្សេ ដល់ទុស្សេ យើងចាប់[ផ្ដើម]រត់ចេញ ដល់ពេលគាត់ហ្នឹងទៅប៉ះដែកដែលឆ្លងភ្លើងនៅក្បែរហ្នឹង ឆក់គាត់យកតែម្តង»

វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងរោងចក្រ អ៊ីចេង បានទេ ពាក់ព័ន្ធករណីនេះ។

ប្រធានមន្ទីរការងារខេត្តតាកែវ លោក ម៉ឹង វីរិយ៉ា មានប្រសាសន៍ថា មន្ត្រី ប.ស.ស. សាខាខេត្តតាកែវ បានចុះពិនិត្យករណីនេះហើយ។ លោកថា ប្រសិនបើកម្មកររូបនោះពិតជាគ្រោះថ្នាក់ការងារពិតមែន នឹងទទួលបានការដោះស្រាយសំណង និងអត្ថប្រយោជន៍ផ្សេងៗស្របទៅតាមច្បាប់។

លោកបន្ថែមថា៖ «ខ្ញុំបានតេទៅប្រធាន ប.ស.ស. ខេត្តហើយ ឱ្យចាត់មន្ត្រីចុះទៅពិនិត្យមើលតាមគោលការណ៍ហ្នឹង ពិតជាគ្រោះថ្នាក់ការងារពិតប្រាកដមែន គាត់ត្រូវតែទទួលបានទូទាត់អត្ថប្រយោជន៍តាមច្បាប់ ហើយមានប្រាក់បូជាសព៤លានរៀល និងប្រាក់ឧបត្ថម្ភកូនៗនៅក្នុងបន្ទុក ជាដើម។ ឥលូវនេះ គេឱ្យមន្ត្រីគេចុះទៅមើលហើយ»

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលតាមដានករណីនេះ បានបង្ហាញការសោកស្តាយចំពោះការបាត់បង់អាយុជីវិតកម្មករពេលកំពុងបំពេញការងារនេះ។ លោកថា នេះជាការធ្វេសប្រហែសរបស់និយោជក ដោយខ្វះការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពជូនកម្មករដែលបម្រើការងារឱ្យក្រុមហ៊ុនរបស់ខ្លួន។

ប្រធានសមាគមរូបនេះបានឱ្យដឹងថា តាមផ្លូវច្បាប់ ពេលដែលគ្រោះថ្នាក់ការងាររហូតបាត់បង់ជីវិត ឬបម្រើការងារលែងកើត ហើយជនរងគ្រោះមានកូនតូច ឬឪពុកម្តាយជរា ស្ថិតក្នុងបន្ទុក គឺជនរងគ្រោះត្រូវទទួលបានប្រាក់បូជាសព៤លានរៀល និងប្រាក់ឧបត្ថម្ភដល់កូនៗរហូតអាយុ១៨ឆ្នាំពី ប.ស.ស. ខណៈឪពុកម្តាយជរាត្រូវទទួលបានការឧបត្ថម្ភរហូតដល់ពួកគាត់អស់ជីវិត។

លោកបន្ថែមថា៖ «កាលណាកូនគាត់នៅតូចៗអ៊ីចឹង ប.ស.ស. គេឧបត្ថម្ភរហូតកូនៗគាត់រៀនចប់ ចង់និយាយរហូតដល់អាយុ១៨ឆ្នាំ។ ហើយបើក្នុងករណីគាត់មានឪពុកម្តាយក្នុងបន្ទុកគ្រួសារគាត់ ដូចជាចាស់ជរា អាហ្នឹងត្រូវឧបត្ថម្ភគាត់រហូតដល់គាត់អស់អាយុជីវិត»

ជុំវិញករណីគ្រោះថ្នាក់ការងារនេះ លោក ព្រុំ ប៊ុនថន បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ច ដោយស្រាវជ្រាវចំពោះករណីកើតឡើងនៅរោងចក្រ អ៊ីចេង នេះ ដើម្បីធានាថាមានស្តង់ដារសុវត្ថិភាពកន្លែងការងារ។ លោកថា បច្ចុប្បន្ននេះ គ្រោះថ្នាក់ការងារនៅតែជាបញ្ហាប្រឈមសម្រាប់កម្មករ ដោយសារកម្មករខ្វះការយល់ដឹង ការបើកបរដឹកកម្មករពេលទៅនិងមកពីធ្វើការងារវិញដោយខ្វះស្តង់ដារសុវត្ថិភាព ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ