អ្នកទោស​៧នាក់​ត្រូវ​ចាប់​បាន​មក​វិញ ក្រោយ​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង

អ្នកទោសដែលបានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែអ ដែលសកម្មភាពរត់គេចនោះធ្វើឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង)

សមត្ថកិច្ចចាប់បានអ្នកទោស២នាក់​ចុងក្រោយ ក្នុងចំណោម​អ្នកទោស​​៧នាក់ដែលរត់​ចេញ​ពី​ពន្ធនាគារខេត្ត​ស្ទឹងត្រែង កាលពីដើមសប្ដាហ៍មុន។

កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោសចំនួន៧នាក់ដែលភាគច្រើនជាអ្នកទោសគ្រឿងញៀន បានវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង ហើយនាំគ្នាលួចរត់គេចខ្លួនបាត់។ តែក្រោយមក សមត្ថកិច្ចបានឡោមព័ទ្ធព្រៃមួយកន្លែងក្នុងខេត្តនេះ ហើយ​ចាប់បាន​អ្នក​ទោស​ទាំង​នោះ​​បានវិញ៥នាក់​ជាបន្តបន្ទាប់។​

តែយ៉ាងណា ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថា ប្រាប់ វីអូឌី ​ថាសមត្ថកិច្ចចាប់បានអ្នកទោស​៧នាក់​នោះមកវិញហើយ ដោយចុងក្រោយចាប់បានអ្នកទោស២នាក់ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។

ស្នងការរូបនេះបញ្ជាក់ថា អ្នកទោស២នាក់​ដែលចាប់បានមកវិញក្រោយគេនេះ មានឈ្មោះ ឡា វ៉ាន់កាវង់ផេង ត្រូវជាប់ពន្ធនាគារ២៨ឆ្នាំ ពីបទ «ជួញដូរគ្រឿងញៀន» និង​ឈ្មោះ សៀន ខន ត្រូវជាប់ពន្ធនាគារ៣០ឆ្នាំ ​ពីបទ «ជួញដូរគ្រឿងញៀន» ដូចគ្នា។

ចំណែក​អ្នក​ទោស​៥នាក់ដែលសមត្ថកិច្ច​​ចាប់បានជា​បន្តបន្ទាប់នា​ពេល​កន្លងមក រួមមាន ​ឈ្មោះ ភិត ងិន ត្រូវ​ជាប់​​ពន្ធនាគារ​​៤​ឆ្នាំ ពីបទ «ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន» ឈ្មោះ វ៉ាន់ ភូ ត្រូវ​ជាប់​ពន្ធនាគារ២០ឆ្នាំ ពី​បទ​ «ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» ឈ្មោះ ទូច វ៉ាត ត្រូវ​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ ពី​បទ «ជួញដូរ​គ្រឿង​ញៀន» ឈ្មោះ ចាក់​លី ចឺតាលី ត្រូវជាប់ទោស​មួយ​ជីវិត រឿង «បទល្មើសជួញដូរ​គ្រឿងញៀន» និង​ឈ្មោះ ហន វិមាន ត្រូវជាប់ទោស​២៧​ឆ្នាំ រឿង ​«លួចមាន​ស្ថាន​ទម្ងន់ទោស ដោយ​សារ​ការ​ប្រើ​ទារុណកម្ម និង​អំពើឃោរ​ឃៅ»។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា បានឱ្យដឹងថា ចំពោះអ្នកទោសទាំង៧នាក់ដែលបានរត់ចេញនេះ ប្រឈមនឹងការជាប់ទោសបន្ថែមទៀត។ លោកថា ក្រោយចាប់បានមកវិញនេះ ព្រះរាជអាជ្ញានឹងពិនិត្យលើអង្គហេតុ ហើយដាក់ពាក្យបណ្ដឹង ដើម្បីមានវិធានការតាមនីតិវិធីបន្តទៀត។

កាលពីថ្ងៃទី១២ ខែវិច្ឆិកានេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​​បញ្ជា​ឱ្យ​ធ្វើ​អធិការកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ​ចំពោះ​បញ្ហា​ជន​ជាប់​ឃុំដែលបាននាំគ្នាហែកគុក​រត់​ចេញ​​ពី​ពន្ធនាគារ​នៅ​ខេត្តស្ទឹងត្រែងនេះ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ