UPDATED៖ តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅឃុំ​របស់​អតីត​មន្ត្រី​បក្សប្រឆាំង​១៤នាក់

ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឃុំ តវ៉ា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​ស្វាមី​ឬសាច់ញាតិ​របស់​ពួក​គេ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ចំនួន១៤នាក់ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំ​សវនាការរយៈពេលជិត២ឆ្នាំ។

ការច្រានចោលនេះធ្វើឡើងបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឱ្យអតីតសកម្មជនគណបក្សប្រឆាំងទាំង១៤នាក់នាព្រឹកថ្ងៃពុធនេះ។ ​

ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ អតីតសកម្មជននិងសមាជិកបក្សប្រឆាំងទាំង១៤នាក់ ប្រាប់​ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ អំពីមូលហេតុដែលពួកគាត់សុំនៅក្រៅឃុំបណ្ដោះអាសន្ន។

ក្នុងចំណោមអ្នកជាប់ឃុំទាំង១៤នាក់ អតីតចៅសង្កាត់​ផ្សារ​ដេប៉ូ​៣ ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃឹម ភាណា ប្រាប់ទៅចៅក្រមថា ការដែលរូបលោកសុំនៅក្រៅឃុំនោះ ដោយសារគាត់​កំពុងមានជំងឺលើសឈាមនិងសន្លាក់ដៃជើង ស្របពេលដែលលោកមានវ័យ៦០ឆ្នាំទៅហើយ។

ក្រៅលោក ឃឹម ភាណា អតីតមន្ត្រីគណបក្សសង្រ្គោះជាតិម្នាក់ទៀត លោក កាក់ កុម្ភារ ក៏បានលើកឡើងដែរថា អំឡុងពេលជាប់ពន្ធនាគារជិត២០ខែមកនេះ គ្រួសារបានផ្ញើថ្នាំឱ្យរូបលោករហូត។ បើមិនដូច្នេះទេ ជំងឺរបស់គាត់នឹងធ្ងន់ធ្ងរមិនខាន ដោយលោកថា នៅពន្ធនាគារមិនមានថ្នាំគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺពួកគាត់ឡើយ។

មិនមែនតែលោក ឃឹម ភាណា និងលោក កាក់ កុម្ភារ នោះទេ ដែលបានលើកឡើងអំពីបញ្ហាសុខភាព។ អ្នកជាប់ឃុំផ្សេងទៀត ក្នុងនោះមានលោក កែវ ថៃ, ថៃ គន្ធា, លោក ជុំ ចាន់, លោក ញែម វាន, លោក ស៊ុន ធន, លោក សុខ ចាន់ថា, លោក ពៀត ម៉ាប់, លោក យឹម សារ៉េត, ឃុត ច្រឹប, លោក ងិន ឃាង, លោក ហេង ចាន់សុធី និងលោក ឡុង ផារី ក៏បានលើកឡើងថា ​​ពួកគាត់កំពុងមានជំងឺលើសឈាម ឡើងជាតិអាស៊ីត ឈឺសន្លាក់ដៃជើង រួមទាំងកៀបសរសៃ ជាដើម។

ការសុំនៅក្រៅឃុំរបស់អតីតសកម្មជន និងសមាជិតគណបក្សប្រឆាំងទាំង១៤នាក់ មិនមែនមានតែបញ្ហាសុខភាពនោះទេ ពួកគេក៏បានលើកពីបញ្ហាលំបាកក្នុងជីវភាពគ្រួសារ ពាក់ព័ន្ធនឹងការជាប់បំណុលធនាគារផងដែរ។

ករណីនេះ អ្នកទាំង១៤នាក់បានស្នើសុំចៅក្រមឱ្យដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីឱ្យពួកគាត់បានជួបជុំគ្រួសារ អាចរកប្រាក់ចំណូលបានសងធនាគារ និងអាចព្យាបាលជំងឺបានងាយស្រួល ដោយពួកគេប្ដេជ្ញាអនុវត្តតាមលក្ខខណ្ឌរបស់តុលាការ មិនរត់គេចខ្លួនទៅក្រៅប្រទេសឡើយ។

ក្រោយពីបានសវនាការដេញដោល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានឱ្យមេធាវីការពារក្ដី និងតំណាងអយ្យការ ធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ។

មេធាវីការពារក្ដីឱ្យអ្នកទាំង១៤នាក់ លោក សំ សុគង់ បានស្នើទៅចៅក្រមឱ្យដោះលែងកូនក្ដីបាននៅក្រៅឃុំ ដោយសារកូនក្ដីរបស់លោកសុទ្ធតែមានបញ្ហាសុខភាព។ លើសពីនេះ កូនក្ដីរបស់លោកទាំង១៤នាក់ ត្រូវបានឃុំខ្លួនរង់ចាំសវនាការម្នាក់ៗមានរយៈពេលជិត២០ខែហើយ ខណៈច្បាប់បានកំណត់ឱ្យឃុំខ្លួនតែ៤ខែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ តំណាងអយ្យការ លោក សេង ហៀង បានស្នើទៅចៅក្រមឱ្យបដិសេធ បណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវី និងកូនក្ដីជាសកម្មជនគណបក្សប្រឆាំង ដោយថា ដើម្បីរក្សាជនជាប់ចោទទុកឱ្យចូលរួមសនាការនាពេលខាងមុខ ដែលលោកថាបានកំណត់ថ្ងៃរួចហើយនោះ។ 

បន្ទាប់ពីស្ដាប់សកម្មជនទាំង១៤នាក់ និងស្ដាប់សេចក្ដីសន្និដ្ឋានរបស់មេធាវីការពារក្ដី រួមទាំងតំណាងអយ្យការរួចហើយនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ​ បានសម្រេចបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឱ្យអ្នកទាំង១៤នាក់នោះ។

ប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ មេធាវីការពារក្ដីឱ្យអ្នកទាំង១៤នាក់ លោក សំ សុគង់ បានបង្ហាញការខកចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការ ដោយថា កូនក្ដីរបស់គាត់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារម្នាក់ៗជិត២០ខែហើយ ដែលជាការឃុំខ្លួនលើសពី​ច្បាប់កំណត់។

លោកថា៖ «អ៊ីចឹងតុលាការគួរតែអនុញ្ញាតឱ្យពួកគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន ទោះបីជាសវនាការអង្គសេចក្ដីនឹងប្រព្រឹត្តទៅខែធ្នូខាងមុខក្ដី។ ការឃុំខ្លួននេះ ចៅក្រមជំនុំជម្រះមិនបានបញ្ជាក់ពី​មូលហេតុនៃការឃុំខ្លួនបន្តដែរ​។ ខ្ញុំខកចិត្ត ទាំងកូនក្ដី ទាំងមេធាវី ​យល់ឃើញថា លក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រា២០៥ អត់មានភាពចាំបាច់​​។ ទី២ ការឃុំខ្លួនគាត់លើស ទី៣ បញ្ហាសុខភាព។ តុលាការគួរតែ​សម្រេចឱ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែតុលាការបែរជាសម្រេចបន្តឃុំខ្លួន»។​

សកម្មជនអតីតគណបក្សប្រឆាំងទាំង១៤នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារកាលពីឆ្នាំមុន ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព កត់សម្គាល់ថា ភាគច្រើនសកម្មជនសង្គមនិងនយោបាយ តុលាការតែងតែឃុំខ្លួនពួកគាត់នៅពន្ធនាគាររង់ចាំសវនាការ ទោះបីជាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិធ្លាប់ទាមទារឱ្យយកការឃុំខ្លួននេះជាជម្រើសចុងក្រោយក៏ដោយ។

លោកស្រីចាត់ទុកការឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំងរយៈពេលយូរនេះ ថាបានធ្វើឱ្យប៉ះពាល់សិទ្ធិ​ទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលជាសិទ្ធិសន្មតគ្មានទោសដរាណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ​។

លោកស្រីថា៖ «សកម្មជន​ឬបុគ្គលទាំងឡាយដែលត្រូវបាន​រងនូវបទចោទ​ ក្រោមករណីតែតុលាការ​អាចដាក់ឱ្យគាត់​​នៅក្រៅឃុំរង់ចាំសវនាការ ប្រសើរជាង​​នៅពេលណាដំណើរការក្ដីនេះ មិនមានភាពច្បាស់លាស់​ ហើយភស្តុតាងទៀតសោតមិនមានទម្ងន់​ក្នុងការដាក់បន្ទុកទៅលើពួកគាត់។ ជាញឹកញយ វិធានការនេះតែងយកមកអនុវត្ត​ចំពោះសកម្មជន។ យើងមើលទៅហាក់បីដូចជាដៅមុខសញ្ញា ​ការទប់ស្កាត់សេរីភាពរបស់សកម្មជន វាប៉ះពាល់សិទ្ធិជំនុំជម្រះដោយយុត្តិធម៌»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីម្សិលមិញ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ​និងមនសិការចំនួន៦០នាក់​បន្ថែមទៀត នៅមុន​ពេល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅចុងខែវិច្ឆិកានេះ ដោយ​ថា ការដោះលែងអ្នកទោសមនសិការកន្លងមកគ្រាន់តែជាការចាប់ផ្ដើមមួយប៉ុណ្ណោះ។

ដោយឡែក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ចំនួន៣​រូប បានអំពាវនាវចំៗឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការ​ប្រើប្រាស់ប្រព័ន្ធតុលាការ​​​កាត់​ទោស​លើអ្នកហ៊ាន​ក្រោក​ឈរ ដើម្បីសិទ្ធិមនុស្សនិងសេរីភាពបញ្ចេញមតិនៅកម្ពុជាបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ