កងរាជអាវុធហត្ថ​ឃាត់​ខ្លួន​មន្ត្រី​យោធា​និង​គូកន​សរុប​៦នាក់​បញ្ជូន​ទៅ​តុលាការ ករណី​ជួញដូរ​អាវុធ​ខុសច្បាប់

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់​ខ្លួនមន្ត្រីយោធានិងគូកនសរុប៦នាក់ នៅខេត្តបាត់ដំបង និងកំពុង​តាមចាប់​ខ្លួន​មនុស្ស៤នាក់​ទៀត ​ដើម្បីចាត់វិធានការច្បាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់​។

អគ្គមេបញ្ជាការរង​​នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ចាប់ពីថ្ងៃទី១៩ ​ដល់ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កងរាជអាវុធហត្ថបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៅខេត្ត​បាត់ដំបង សៀមរាប និងខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវចាប់មន្ត្រីយោធា​៣នាក់ រួមមាន ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ, មន្ត្រីយោធា២នាក់​ និងគូកន៣នាក់ទៀត បញ្ជូនទៅសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការច្បាប់បន្ត។

លោក សៅ សុខា បញ្ជាក់ថា មូលហេតុដែលសមត្ថកិច្ចមិនបញ្ជូនជនល្មើសទៅសាលាដំបូង​​ខេត្ត​បាត់ដំបង សៀមរាប និងតុលាការខេត្តកំពង់ឆ្នាំង ចាត់វិធានការ ដោយសារសំណុំរឿងនេះត្រូវបានផ្ទេរសមត្ថកិច្ចឱ្យទៅសាលាដំបូង​​រាជធានីភ្នំពេញចាត់វិធានការជំនួសវិញ។

អគ្គមេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេសរូបនោះ​ អំពាវនាវទៅគូកនចំនួន៤នាក់ទៀតដែលកំពុងរត់គេចខ្លួន ត្រូវចូល​មកតុលាការសារភាពទោសកំហុស ដើម្បីទទួលបានការសម្រាលទោសផងដែរ។

លោកគូសបញ្ជាក់​ថា៖ «ក្នុងដីកាតុលាការប្រគល់មកឱ្យខ្ញុំ មាន​១០នាក់! ឥលូវខ្ញុំឃាត់ខ្លួនបាន៦នាក់ ខ្វះ៤នាក់។ អ៊ីចឹង​ក៏សូមអំពាវនាវ​ចំពោះ៤នាក់ទៀតនោះ មិនបាច់​រត់ទៅណាទេសម័យកូវីដផង រត់ទៅណាក៏មិនរួចដែរ យល់ល្អចេញខ្លួនមកប្រាប់សមត្ថកិច្ចតែម្តង​ទៅ ថាខ្លួនបានធ្វើខុសទៅហើយ សុំមកទទួល​ទោស បង្ហាញខ្លួននៅសមត្ថកិច្ចផងទៅ បញ្ចប់រឿងតែម្ដងទៅ ដើម្បីកុំឱ្យមានរឿងអ៊ីចឹង​កើតឡើងថែមទៀត»។

លោក សៅ សុខា បន្ថែមថា វត្ថុតាងដែលរឹបអូសបាន រួមមាន អាវុធចំនួន៣៣ដើម ក្នុងចម្ការមៀនមួយកន្លែងនៅស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដែលអាវុធទាំងនោះ​ជាប្រភេទ AK ​ចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសាន៍គាំទ្រនឹងវិធានការរបស់កងរាជអាវុធហត្ថដែលបង្ក្រាប​ជនល្មើសជួញដូរអាវុធខុសច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យមានអសន្តិសុខក្នុងសង្គម​។ ប៉ុន្តែលោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធ និងតុលាការ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើជនល្មើសទាំងនោះ ដើម្បីជាគំរូល្អ កុំឱ្យមានរឿបបែបនេះ​កើតឡើងបន្តទៀត ។

លោកជំរុញដូច្នេះថា៖ «ត្រូវរឹតបន្តឹងការគ្រប់គ្រងអាវុធឱ្យមានប្រសិទ្ធភាព។ ទី២ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង គ្មានការលើកលែងចំពោះអ្នកដែលជួញដូរអាវុធ ដែលអាចបង្កហានិភ័យដល់សហគមន៍ដែលប្រជាពលរដ្ឋរស់នៅ​ នាថ្ងៃអនាគត។ ហើយក៏ត្រូវដាក់ទោសទណ្ឌគាត់តាមច្បាប់ កុំឱ្យ​មានការលើកលែង បើមិនអ៊ីចឹង​ទេ វាមិនធ្វើឱ្យអ្នកផ្សេងរាងចាលឡើយ»។

មាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ បានបញ្ញត្តិថា ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យ​ខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃ​ ដំឡើង ជួសជុលនូវអាវុធ​គ្រឿង​ផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២​​ឆ្នាំ និងពិន័យជាប្រាក់ពី៥០០ ០០០ (ហាសិបម៉ឺន) រៀល ដល់២ ០០០ ០០០ (ពីរលាន) រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

ចំណែកឯមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ បានបញ្ញត្តិថា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣​ឆ្នាំ និងពិន័យជាប្រាក់ពី១ ០០០ ០០០ (មួយលាន) រៀល ទៅ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ