ពលរដ្ឋ​ដែល​ប៉ះពាល់​ពីគម្រោង​ផ្លូវដែក ដាក់ញត្តិ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទាមទារ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋតំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ (ជន ចាន់រ៉ែន)

ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ប្រមាណជិត១០នាក់នាំគ្នាប្រមូលផ្ដុំ និងយកញត្តិដាក់នៅរដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ថ្មី ដើម្បីទាមទារ​ឱ្យលោក​អភិបាលជួយ​ពន្លឿនការ​​ដោះស្រាយបញ្ហា​​ដីធ្លី​ជូនពួកគេឱ្យបានឆាប់ ខណៈពួកគេបារម្ភពីការ​បណ្ដេចេញដោយបង្ខំ។

អ្នកស្រី មាស ស្រីភាព រស់នៅភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក បាន​ឱ្យ​ដឹងថា ដើម​ចម​ដែលនាំឱ្យពួកគេយកញត្តិទៅដាក់​សារជាថ្មីទៀត នៅថ្ងៃអង្គារនេះ​​ ដើម្បី​ទាមទារ​ឱ្យអភិបាលរាជធានី​ភ្នំពេញ លោក ឃួង ស្រេង ពន្លឿនការ​ដោះស្រាយ​បញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ដោយសារតែកន្លងមក អាជ្ញាធរខណ្ឌមិនព្រមដោះស្រាយជូនពួកគេនោះទេ។ ករណីនេះ អ្នកស្រីបារម្ភពីការបណ្ដេញចេញដោយបង្ខំ និងមិនទទួលបានសំណងសមរម្យ ជាដើម។

អ្នកស្រីមានប្រសាសន៍ថា៖ «ទៅខណ្ឌ ពួកខ្ញុំលែងទៅហើយ ព្រោះពួកខ្ញុំទៅប្រហែលជាជិត១០ដងហើយ ប៉ុន្តែពួកគាត់នៅតែជំរុញឱ្យពួកខ្ញុំទៅយកដីនៅតំបន់គោកខ្សាច់​របស់​ក្រុម​ហ៊ុន​​ 7NG ស្ថិត​នៅ​ខេត្ត​កណ្ដាល។ អ៊ីចឹង​ពួកខ្ញុំមិនព្រមយក អ៊ីចឹង​បើសាលាក្រុង​ឱ្យ​ទៅជួប​ខណ្ឌ​វិញ​ ក៏ពួកខ្ញុំឈប់ទៅខណ្ឌហើយ ព្រោះអត់មានដំណោះស្រាយសម្រាប់ពួកខ្ញុំ វានៅតែដដែល»។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ជួបអភិបាលក្រុង លោកពូ ឃួង ស្រេង តែម្តង ដើម្បីឱ្យគាត់ជួយដោះស្រាយជូនពួកខ្ញុំឱ្យបានលឿនបន្តិច ព្រោះអីពួកខ្ញុំដេកមិនលក់ទេ ផ្ទះខ្ញុំមិនដឹងគេរុះរើពេលណា ព្រោះអីផ្ទះខ្ញុំបាក់បែកជិតអស់ហើយ ចង់សាងសង់វិញក៏មិនបាន ចង់ជួស​ជុលឡើងវិញក៏មិនបាន ដូចថាវាពិបាកតែម្ដង»។

លោក អ៊ុង គឹមអូន រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ​បានឱ្យដឹងថា ក្នុងខ្លឹមសារញត្តិដែលពួកគាត់ដាក់នោះ គឺ​ស្នើ​សុំជួប​លោក ឃួង ស្រេង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីជជែកពិភាក្សារកដំណោះស្រាយសម្រាប់គ្រួសារដែលរងផលប៉ះពាល់ទាំងស្រុង និងមួយផ្នែកដោយសារ​ការអភិវឌ្ឍផ្លូវដែក។ ប៉ុន្តែ​លោកថា មន្ត្រីរដ្ឋបាលដែលទទួលយកញត្តិ​ មិនបានប្រាប់ពួកគេថាត្រូវអនុញ្ញាតឱ្យជួបអភិបាលរាជធានី ឬមិនឱ្យជួបនោះទេ។

ទោះជាបែបនេះក្ដី លោកអះអាងថា មុនថ្ងៃកំណត់​ បើមិនឃើញមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ​ជូនដំណឹងដល់ពួកគេទេ នោះពួកគាត់នឹងនាំគ្នាប្រមូលផ្ដុំនៅមុខរដ្ឋបាល​រាជធានីភ្នំពេញជាថ្មី នៅថ្ងៃទី៨ ខែធ្នូ ដើម្បីទាមទាររកដំណោះស្រាយ​។​

លោកមានប្រសាសន៍ថា៖ «បើអត់មានដំណោះស្រាយ ពួកយើងនៅតែបន្តមកជួបជុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីឱ្យគាត់ជួយរកដំណោះស្រាយជូនប្រជាជន បងប្អូនដែលរងផលប៉ះពាល់ទាំងអស់ ឱ្យគាត់ [អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង] ឱ្យគាត់រកដំណោះស្រាយសមស្របណាមួយឱ្យពួកយើងទទួលយកបាន»។

បើតាមពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក កន្លងមក អភិបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ នៅតែចិញ្ចឹមចិត្តជំរុញ​ឱ្យពួកគាត់​​ទទួលយកដីនៅ​តំបន់​អភិវឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​​ 7NG ស្ថិត​នៅ​ខេត្ត​កណ្ដាល និង​តំបន់​គោក​ខ្សាច់ ​ដែលមាន​ចម្ងាយ​ពី​រាជធានីភ្នំពេញ ៥​ទៅ​៦គីឡូម៉ែត្រ និងជា​តំបន់ដែល​​មិន​ទាន់មាន​ទឹកប្រើប្រាស់​នៅ​ឡើយ។

ប៉ុន្តែពលរដ្ឋទាំងនោះបាន​​ច្រានចោលដំណោះស្រាយនេះ និងទាមទារឱ្យអាជ្ញាធរ​ផ្ដល់ដីនៅក្បែរ​ «​វត្តទួល​អស់​លោក» ឬដី​​ក្នុ​ង​​ខណ្ឌ​ទួល​គោក ដែលស្ថិតនៅក្បែរទីប្រជុំជន ដើម្បីឱ្យ​ពួកគាត់​ងាយស្រួល​​រកប្រាក់ទ្រទ្រង់​ជីវភាព​គ្រួសារ និងងាយស្រួលកូនៗទៅសិក្សាជាដើម។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យរដ្ឋបាល​​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ នៅថ្ងៃនេះ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ដែលតាមដានករណីនេះ អះអាងថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលរាជធានីភ្នំពេញ ត្រូវពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋទាំងនោះឱ្យ​បានឆាប់ និងទទួលបានសំណងសមរម្យ ដើម្បីបញ្ចៀសនូវអំពើហិង្សាកើតឡើងជាយថាហេតុ។

ប៉ុន្តែលោកថា បើរដ្ឋបាលរាជធានីភ្នំពេញមិនពន្លឿនដោះស្រាយបញ្ហាដីធ្លី​ជូនពលរដ្ឋ​ឱ្យបានឆាប់ទេ ហើយធ្វើការអភិវឌ្ឍដោយបណ្ដេញ​ពលរដ្ឋទាំងបង្ខំនោះ​ នឹងធ្វើឱ្យមានអំពើហិង្សារវាងពលរដ្ឋនិងសមត្ថកិច្ច ហើយអ្នកដែលរងគ្រោះកាន់តែធ្ងន់ធ្ងរជា​ប្រជាពល​រដ្ឋ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមានការជូនដំណឹងឱ្យពលរដ្ឋរុះរើចេញ និងមានការតវ៉ាពីប្រជាពលរដ្ឋស្នើសុំឱ្យមានដំណោះ​ស្រាយ កុំឱ្យបណ្ដេញពួកគាត់ចេញដោយបង្ខំ បើសិនជាអាជ្ញាធរនៅតែអនុវត្តដោយបង្ខំទៀត យើងបារម្ភថា នឹងមានអំពើហិង្សាកើតឡើង។ កាលណាមានអំពើហិង្សាកើតឡើង នឹងមានការប៉ះទង្គិចគ្នា ហើយអ្នកដែលរងគ្រោះបន្ថែមជាន់លើការបាត់បង់ដីហ្នឹងទៀត គឺពលរដ្ឋ»។

បើតាមការអះអាងរបស់តំណាងពលរដ្ឋ​ ពលរដ្ឋដែល​រងផលប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​នេះមានប្រមាណ៧០គ្រួសារ មកពី​សហគមន៍ចំនួន​៤ រួមមាន សហគមន៍អភិវឌ្ឍន៍ថ្មី សហគមន៍ភូមិ​១៧ សហគមន៍ភូមិ២៣​ ស្ថិតក្នុងខណ្ឌទួលគោក និង​សហគមន៍ភូមិ​២ ក្នុងខណ្ឌដូនពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ