រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថា ស៊ុយអ៊ែត​នឹង​ជួយ​លើក​កម្ពស់​ទីផ្សារ​ការងារ​កម្ពុជា

លោក Magnus Saemundsson លេខាទី១ ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា រដ្ឋាភិបាលស៊ុយអ៊ែត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ព្រមទាំងអង្គការសហប្រជាជាតិ បានរួមសហការគ្នាបង្កើតគម្រោងមួយក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពផ្ដោតជាពិសេសលើយុវជននិងស្ត្រី។

ការអះអាងនេះធ្វើឡើងក្នុងជំនួបរវាងលោក Magnus Saemundsson លេខាទី១ ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា ​ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អ៊ិត សំហេង ឱ្យដឹងថា រដ្ឋាភិបាលស៊ុយអ៊ែត រាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមសហការគ្នាបង្កើតគម្រោងមួយឈ្មោះថា «ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព»

លោកថា គម្រោងនេះមានរយៈពេល២ឆ្នាំ៣ខែ ដោយចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងារសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពក្នុងការស្វែងរកការងារធ្វើ ដោយផ្ដោតជាពិសេសលើយុវជននិងស្ត្រី។

ហ្វេសប៊ុកលោក អ៊ិត សំហេង បន្តថា៖ «ទាក់ទងទៅនឹងការងារជនពិការនេះដែរ កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីគាំពារដល់ពួកគាត់។ ហើយមានបញ្ហាជាច្រើនទៀតដែលទាមទារឱ្យយើងត្រូវចូលរួមធ្វើការដោះស្រាយ ក្នុងការធ្វើសមាហរណកម្មជនពិការទៅក្នុងសហគមន៍ គឺផ្ដល់ឱកាសការងារជូនដល់ពួកគាត់ឱ្យបានកាន់តែប្រសើរ។ ចំពោះច្បាប់ជនពិការនេះក៏បានធ្វើការកំណត់ផងដែរថា ក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គមដោយរដ្ឋាភិបាលត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុងសហគ្រាសឯកជន»។ 

ប្រភពដដែលបន្តថា ភាគីស៊ុយអ៊ែតនឹងបន្ត​ជួយគាំទ្រថែមទៀតដល់ក្រសួងការងារ ​ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី-ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុងមួយរាជធានី-ខេត្ត ដែលបច្ចុប្បន្ន​​កម្ពុជាមាន១៣មជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័តចំនួន៣​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ