លទ្ធផល​បឋម​បង្ហាញ​ថា ពលរដ្ឋ​ជាង​៤៣ម៉ឺន​នាក់​បាន​ចុះឈ្មោះ​ថ្មី​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ២០២១

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មន្ត្រីជាន់ខ្ពស់​គណៈ​កម្មា​​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​​ឆ្នោត​ (គជប) បានឱ្យដឹងជាបឋមថា ពលរដ្ឋគ្រប់អាយុចុះឈ្មោះ​បោះឆ្នោ​ត​នៅ​ឆ្នាំ​នេះ បានចុះឈ្មោះ​ចំនួនជាង៤៣ម៉ឺននាក់ ​ធ្វើឱ្យពលរដ្ឋចាប់ពី​អាយុ១៨ឆ្នាំ​ឡើងទៅ ដែល​ចុះក្នុង​បញ្ជី​​ឈ្មោះ​បោះឆ្នោត​​កើន​ជាង​៩លាន​នាក់​។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បាន​ប្រាប់ វីអូឌី នៅថ្ងៃ​ចន្ទនេះថា​​ គិតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ ចំនួនអ្នកចុះឈ្មោះបោះឆ្នោត​នៅ​ក្នុងឆ្នាំ២០២១ មានចំនួន៤៣៣ ៦៧៤នាក់​។

លោកបន្ត​ថា៖ «ប្រសិនបើគិតពីបញ្ជីបោះឆ្នោតបណ្ដោះអាសន្ននៅក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០២១នេះ គឺកើនដល់៩ ០៩២ ៩៩៨​នាក់​ហើយ។ បើគិតជា​ភាគរយនៃអ្នកដែលមានអាយុ១៨ឆ្នាំឡើង គឺយើងធ្វើការឈរ​ឈ្មោះបោះឆ្នោត​ ៨៧,៨២% នៃ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ១៨ឆ្នាំឡើង»។

លោកបញ្ជាក់​ថា៖ «បើយើងប្រៀបធៀបនឹងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ ឆ្នាំនេះមានការកើនឡើងចំនួន២,៧៦ភាគរយ។ យ៉ាង​ណាក៏យើង​នៅសល់តួលេខ២ថ្ងៃទៀតដែរ​»។

កាលពី​ថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ២០២១ គ.ជ.ប បានចេញសេចក្ដីប្រកា​សព័ត៌មានស្ដី​​ពីលទ្ធផល​បណ្ដោះ​អាសន្ន​រយៈ​ពេល​៤៣​ថ្ងៃ ​នៃ​​ការ​ពិនិត្យបញ្ជី​ឈ្មោះ​​និងចុះឈ្មោះបោះឆ្នោត​​ឆ្នាំ​២០២១ បាន​ឱ្យដឹងដែរ​​ថា សម្រាប់អ្នក​​​ដែល​ត្រូវ​​លុ​ប​​ឈ្មោះ​​ចេញ​ពីបញ្ជី​ឈ្មោះ​បោះ​ឆ្នោតសរុប​​ចំនួន​​២០១ ៧១៥​នាក់ ហើយអ្នកដែល​​បាន​​កែ​តម្រូវ​​ទិន្នន័យ​​សរុប​មាន​ចំនួន​១៧២ ៧៣៣​នាក់ និងអ្នក​ដែល​បាន​ផ្ទេរ​​លំ​នៅ​ចូល​ក្នុង​ឃុំ-សង្កាត់​ថ្មី សរុ​ប​ចំនួន​១៣២ ២៤១​នាក់។​

យោង​តាម​សេច​ក្ដីប្រកាស​ដដែល​បាន​បន្តថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២១ ប្រព្រឹត្តទៅ​​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​តុលា ដល់​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានេះ លោក ហង្ស ពុទ្ធា ​​អំពាវនាវជាថ្មីទៀតដល់អ្នកមានឈ្មោះក្នុងបញ្ជីដែលមានអាយុ១៨ឆ្នាំ ហើយមិនទាន់មានឈ្មោះក្នុងបញ្ជី ត្រូវរួសរាន់​ចុះឈ្មោះបោះឆ្នោត ដោយពេលវេលានៅសល់តែពីរថ្ងៃទេ បើគ្មានឈ្មោះក្នុងបញ្ជី គឺមិនអាច​បោះឆ្នោតនៅឆ្នាំ២០២២បានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ