អ្នកជំនាញ​បារម្ភ​ថា ខ្មែរ​អាច​នឹង​ថែរក្សា​បាន​តែ​ឧបករណ៍​ចាប៉ីដងវែង តែ​មិន​អាច​ថែ​ទម្រង់​ចាប៉ី​បាន​នា​ពេល​អនាគត

ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បង្ហាញការសម្ដែងចាប៉ីដងវែង នៅក្នុងកម្មវិធី «សិល្បៈ និងវប្បធម៌ហ្វុគុអូកា» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ (ទីស្ដីការគណៈរដ្ឋមន្ត្រី/ pressocm.gov.kh)

សាស្ត្រាចារ្យចាប៉ីដងវែងនៃសាលាមធ្យមវិចិត្រសិល្បៈ បង្ហាញក្ដីបារម្ភថា ​សង្គម​ខ្មែរ​អាចនឹង​ថែ​រក្សា​បាន​តែឧបករណ៍ចាប៉ីដងវែងប៉ុណ្ណោះ តែមិន​អាចថែរក្សា​ទម្រង់​ចាប៉ីនេះបន្តទៅថ្ងៃមុខឱ្យបានផុសផុល ដោយសារបច្ចុប្បន្នយុវជនមិនសូវ​ឱ្យតម្លៃលើឧបករណ៍ចាប៉ីដងវែង​ប៉ុន្មានទេ។

ការលើកឡើងនេះ ចំខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

សាស្ត្រាចារ្យចាប៉ីដងវែងនៃសាលាមធ្យមវិចិត្រសិល្បៈ លោក អ៊ីង វណ្ណា មានប្រសាសន៍ថា បច្ចុប្បន្នយុវជនមិនសូវជាឱ្យតម្លៃលើឧបករណ៍ចាប៉ីដងវែងនេះប៉ុន្មានទេ មិនថាការទស្សនាឬការសិក្សា បើទោះលោកបើកបង្រៀនដោយមិនយកថវិកាក៏ដោយ គឺមានត្រឹមសិស្ស៣ទៅ៤នាក់​ប៉ុណ្ណោះ​ដែល​ចុះឈ្មោះចូលរៀន។

លោក អ៊ីង វណ្ណា គូសបញ្ជាក់ថា៖ «​ខ្ញុំបារម្ភថា​ ខ្លាច​ថា​ថែរក្សាបានតែ​ឧបករណ៍ណាប្អូន! តែ​ថា​រឿង​បទភ្លេង ខ្លាចថាថ្ងែ​ក្រោយ​ទៅ​វា​អាច​បាត់​បង់។​ ថែរក្សាតែ​ឧបករណ៍ ខ្ញុំ​ខ្លាច​តែអ៊ីចឹង! ឃើញតែឧបករណ៍ច្រើន តែជាបទឱ្យចេះផុសផុលដូចជាឧបករណ៍ហ្នឹង បារម្ភថាមិនបាន។ រៀនបទ ឃើញថា រៀន​បានមួយបទ ពីរបទ អាចចេញរកស៊ីបាន តែប្រសិនបើឱ្យថែរក្សា​ឱ្យបានគ្រប់ទម្រង់ចាប៉ីហ្នឹង​ ខ្លាចថាវា​មិនបាន​ដូចចិត្ត»។

សាស្ត្រាចារ្យចាប៉ីដងវែងនៃសាលាមធ្យមវិចិត្រសិល្បៈ បន្ថែមថា បើប្រគល់កិច្ចការចាប៉ីដងវែងនេះឱ្យ​​តែក្រសួងវប្បធម៌ធ្វើការតែឯង វាពិតជាពិបាកណាស់ ដូច្នេះមានតែការដាក់បន្ថែមក្នុង​កម្មវិធី​សិក្សាអប់រំទេ​ ទើបជំរុញឱ្យកូនខ្មែររៀនសូត្រនិងផ្ដល់តម្លៃឱ្យឧបករណ៍បុរាណនេះឡើងវិញ។

សិស្សចាប៉ីដងវែងមួយរូប លោក​ សម​ វឌ្ឍនៈ យល់ឃើញថា ដើម្បីឱ្យចាប៉ីដងវែងមានដង្ហើមបន្តទៅមុខ ​ទាមទាមឱ្យមានការបង្កើត​កម្មវិធីផ្សេងៗសម្រាប់ឱ្យអ្នកលេងមានសកម្មភាពជារឿយៗ និងមាន​កម្លាំង​ចិត្តផងដែរ។ ​លោកថា បើរង់ចាំតែថ្ងៃទី៣០ ខែវិច្ឆិកា ទើបអបអរត្រឹមតែមួយថ្ងៃ ដូចអ្វី​ដែល​ក្រសួង​ពាក់ព័ន្ធ​កំពុងធ្វើនេះ នឹងមិនមានជាសន្ទុះអ្វីនោះឡើយ។

លោថា៖ ​«ខ្ញុំ​សង្ឃឹម​ថា សហគមន៍​ឬស្ថាប័នរដ្ឋ​ គាត់​នឹង​បង្កើត​កន្លែង​ប្រមូល​ផ្ដុំឱ្យ​សិស្ស​រៀន​ផង ​ហើយ​និង​កន្លែង​ដែល​ឱ្យសិស្ស​បាន​ចេញ​សម្ដែង។ ហ្នឹង​ជា​លក្ខណៈថា ​ធ្វើ​ឱ្យចាប៉ីមាន​ទី​ផ្សារ​ ធ្វើ​ឱ្យចាប៉ី វា​មាន​សន្ទុះ​ទៅ​មុខ។ ​គឺ​ត្រូវ​តែ​មាន​ event [ព្រឹត្តិការណ៍ ឬកម្មវិធី] លេង ត្រូវ​តែ​មាន​កម្ម​វិធី​សម្ដែង​តាម​រយៈ​ស្ថាប័ន​ឯក​ជន ​ហើយ​និង​ស្ថាប័ន​រដ្ឋ»។

​អគ្គនាយកបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោក ហាប់ ទូច មានប្រសាសន៍នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ចាប៉ីដងវែងជាអត្តសញ្ញាណរបស់ជាតិ ហើយជាការច្នៃប្រតិដ្ឋរបស់ខ្មែរ ដែលចាំបាច់ត្រូវថែរក្សា។

លោក ហាប់ ទូច ថ្លែងថា៖ «[បើយុវជនមិនស្រឡាញ់ចាប៉ីដងវែង] យើងបាត់បង់ផ្នែកមួយនៃអត្តសញ្ញាណរបស់ដូនតាយើង កេរដំណែលដូនតារបស់យើងគឺបាត់បង់ ហើយវាគួរឱ្យសោកស្ដាយ។ ប៉ុន្តែខ្ញុំសង្ឃឹមថា យើងនឹងខិតខំទាំងអស់គ្នា យើងនឹងបន្តតទៅទៀត ដើម្បីផ្ទេរចំណេះដឹងទៅអ្នកជំនាន់ក្រោយៗទៀត»

​​ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងថា ចាប៉ីមានសំឡេងពិរោះ ខណៈពីអតីតកាលមានការពេញនិយមណាស់ ជាពិសេសនៅជនបទ។ យ៉ាងណា លោកបារម្ភថា ទៅថ្ងៃមុខ កូនខ្មែរជំនាន់ក្រោយអាចនឹងលែងស្គាល់ការសម្ដែងចាប៉ីដោយផ្ទាល់ និងបានត្រឹមឃើញឯកសារចាស់ៗប៉ុណ្ណោះ បើមិនមានការរៀបចំធ្វើបច្ចុប្បន្នភាពធនធានមួយនេះទេ។

លោក យង់ គិមអេង៖ «អ្នកនយោបាយឬក៏រដ្ឋាភិបាលអីហ្នឹង អាវិស័យណាដែលគួរនឹងបាត់បង់ គួរតែដាក់លុយដាក់កាក់ដើម្បីឱ្យមានការប្រកួតប្រជែង ដាក់ថវិកាជាតិមួយចំនួនដើម្បីឱ្យមានដំណើរការនិងដើម្បីអភិរក្ស»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃអង្គារនេះ បានបង្ហោះសារអបអរសាទរខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១។

ក្រសួងវប្បធម៌សរសេរថា៖ «កាលពី៥ឆ្នាំមុន នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី ចាបុីដងវែងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ»។

ចាប៉ីដងវែង​ត្រូវបាន​ប្រជាជន​ខ្មែរ​ស្គាល់​ភាគច្រើនតាមរយៈ​ការសម្ដែង​ទោលឬ​ការសម្ដែង​ដោយ​មានការ​ច្រៀង​ឆ្លើយឆ្លង​គ្នា។​ ឧបករណ៍នេះត្រូវបានគេ​ប្រើប្រាស់​ក្នុង​ទម្រង់​សិល្បៈ​ចំនួន៤ ដូចជា ​ក្នុង​វង់ភ្លេង​អារក្ស វង់ភ្លេង​ការ​បុ​រាណ វង់ភ្លេង​មហោរី និង​ក្នុង​ចម្រៀង​ចាប៉ីដងវែង​ (ចម្រៀងបែបកំណាព្យ)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ