រដ្ឋាភិបាល​លុបចោល​បម្រាម​លើ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​តំបន់​អាហ្វ្រិក​ចំនួន​១០ តែ​តម្រូវ​ឱ្យ​អនុវត្ត​វិធាន​សុខាភិបាល

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)

រដ្ឋាភិបាលកម្ពុជាប្រកាសលុបចោលបម្រាម ដែលហាមមិនឱ្យអ្នកដំណើរឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់​អាហ្វ្រិកចំនួន​១០ចូល​កម្ពុជា ប៉ុន្តែអ្នកធ្វើដំណើរត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី ឬប្រទេសសំណាក់ចុងក្រោយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះផ្សាយ​នៅ​ថ្ងៃទី៥ ខែធ្នូ បាន​​សម្រេចលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជា រួមមាន ប្រទេស Botswana, Eswatini, ​L​esotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia ដោយថា ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង»។

សេចក្ដីប្រកាសព័ត៌មានបន្តថា ការលុបចោលវិធានការនេះ​នឹងត្រូវដាក់ជំនួសមកវិញដោយការអនុវត្តនីតិវិធីបន្ថែមលើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុ​លោម​តាម​ការ​រស់​នៅតាម​គន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេស ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ឬបណ្តាប្រទេសផ្សេងទៀតដែលត្រូវបា​នចា​ត់ទុកថាជា «ប្រទេសដែលមានការព្រួយបារម្ភ» ចម្លងវីរុសបំប្លែងថ្មី «អូមីក្រុង» អំឡុងពេល​២សប្ដាហ៍​មុនធ្វើដំណើរ​ចូលប្រទេស​កម្ពុជា។

ករណីនេះ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ហើយទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី ឬប្រទេសសំណាក់ចុងក្រោយ ​មុនចាកចេញមកកាន់កម្ពុជា។

ក្រសួង​បន្ថែមថា អ្នកដំណើរត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅពេលមកដល់កម្ពុជា ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ «វិជ្ជមាន» ត្រូវយកសំណាកធ្វើតេស្ត PCR បញ្ជាក់ និងត្រូវធ្វើចត្តាឡីស័កដាច់​ដោយឡែកនៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ហើយ​​ករណីទទួលបានលទ្ធផលតេស្ត PCR «វិជ្ជមាន» ត្រូវធ្វើការព្យាបាល ។

ក្រសួងបន្តទៀតថា បើធ្វើតេស្ត PCR ចេញលទ្ធផល​ «អវិជ្ជមាន» ត្រូវបន្តធ្វើចត្តាឡីស័កដាច់ដោយឡែករយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCR នៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័ក ហើយ​ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ «អវិជ្ជមាន» ត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCR នៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័កផងដែរ។

ចំណែកអ្នកដំណើរជាជនបរទេស ក្រសួងថា ត្រូវកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ហើយ​​ក្នុងករណី​អ្នកដំណើរមិនបានកក់សណ្ឋាគារ ត្រូវទៅកាន់បញ្ជរធនាគារ ដើម្បីតម្កល់ប្រាក់១ ០០០ដុល្លារ សម្រាប់ធានា​ចំណាយ​ទាំងអស់​ អំឡុងពេលធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

ដោយឡែក អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា គ្មាន​ជំងឺ​កូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី ឬប្រទេសសំណាក់ចុងក្រោយ មុនចាកចេញមកកាន់កម្ពុជា។

ក្រសួងសុខាភិបាលបាន​បន្ថែមទៀតថា អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានចេញសេចក្ដីសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០នៅទ្វីបអាហ្រ្វិក ឬអ្នកមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ ក្នុងអំឡុងពេល៣សប្ដាហ៍ មុនពេលធ្វើដំណើរចូលប្រទេសកម្ពុជា។

វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ដែលមានសមត្ថភាពចម្លងខ្លាំងជាងវីរុសកូវីដ-១៩ ប្រភេទ Delta ត្រូវបាន​រក​ឃើញ​ដំបូង​គេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ