តុលាការ​សួរដេញដោល​អតីត​សកម្មជន​បក្សប្រឆាំង​២នាក់​ផ្ដោតលើ​ផែនការ​វិលចូលស្រុក​និងសារ​របស់​លោក សម រង្ស៊ី

កញ្ញា សេង ធារី ក្នុងឈុតសម្លៀកបំពាក់អប្សរា នៅក្នុងថ្ងៃចូលសវនាការតាមការកោះហៅពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សាលាដំបូងរាជធានីភ្នំពេញ​ បាន​​សួរដេញដោល​អតីតសកម្មជនបក្សប្រឆាំង២នាក់ទៀតក្នុងចំណោមជាង៤០នាក់​ ពាក់ព័ន្ធផែនការវិលចូលស្រុក​និងសារអំពាវនាវរបស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩។ ​

សវនាការនាព្រឹកថ្ងៃនេះ មានជនជាប់ចោទចំនួន៦នាក់ដែលគ្រោងចូលរួមពាក់ព័ន្ធសំណុំរឿង «​រួមគំនិតក្បត់» និង «ញុះញង់» រួមមាន លោក ហេង ច័ន្ធសុធី, លោក កាក់ កុម្ភា, លោក ទុំ ប៊ុនថន, លោក ឡេង សេងហុង, កញ្ញា សេង ធារី និងលោក ភួង ថា។ ក្នុងចំណោម៦នាក់ មាន៣នាក់កំពុងជាប់ពន្ធនាគារព្រៃស ខណៈលោក ឡេង សេងហុង, កញ្ញា សេង ចាន់ធារី និងលោក ភួង ថា នៅក្រៅឃុំ។

ក្នុងបន្ទប់សវនាការសួរដេញដោលប្រហែល២ម៉ោងនាព្រឹកថ្ងៃអង្គារនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចោទសួរទៅលោក ទុំ​ ប៊ុនថន និងលោក ភួង ថា ប៉ុន្តែលោក ឡេង សេងហុង និងកញ្ញា សេង ធារី ត្រូវចៅក្រមឱ្យត្រលប់ទៅផ្ទះវិញ ដោយនឹងបន្តសួរនៅថ្ងៃក្រោយ។

ចៅក្រមជំនុំជម្រះ លោក រស់ ពិសិដ្ឋ បានចោទសួរដេញដោលលោក ទុំ​ ប៊ុនថន ដោយផ្ដោតទៅលើតួនាទី ទំនាក់ទំនងតាមទូរសព្ទ ប្រព័ន្ធតេឡេក្រាម ហ្វេសប៊ុកឆាត ជាមួយនឹងអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលកំពុងនៅក្រៅប្រទេស។

ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ព៌ណស្លាទុំ លោក ទុំ ប៊ុនថន បានប្រាប់ទៅចៅក្រមថា តួនាទីរបស់លោកគ្រាន់តែអ្នកទ្រទ្រង់គណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនដែលមានទំនាក់ទំនងអ្វីជាមួយថ្នាក់ដឹកនាំបក្សទេ ចាប់តាំងពីគណបក្សត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧មក។

ក្រៅពីសួរជុំវិញទំនាក់ទំនង លោក រស់ ពិសិដ្ឋ ក៏បានសួរលោក ទុំ ប៊ុនថន ពាក់ព័ន្ធនឹងការទៅប្រជុំនៅប្រទេសម៉ាឡេស៊ី រួមទាំងផែនការវិលត្រលប់របស់លោក សម រង្ស៊ី និងថាតើលោកចូលរួមគម្រោងវិលត្រលប់មកកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឬអត់? រួមទាំងសារអំពាវនាវលោក សម រង្ស៊ី ឱ្យកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋងើបឡើង ដើម្បីប្រឆាំងរដ្ឋាភិបាល ជាដើម។

លោកថា៖ «ក្រោយពីមានការរំលាយ CNRP មានចលនាមួយនៅក្រៅប្រទេសបានអំពាវនាវឱ្យកងកម្លាំងបែរចុងកាណុងមករករដ្ឋាភិបាល ប្រកាសឱ្យពលរដ្ឋងើបឡើងប្រឆាំងរដ្ឋាភិបាលស្របច្បាប់? តើខ្លឹមសារដែលឱ្យកងកម្លាំងបែរចុងកាណុង និងឱ្យពលរដ្ឋងើបឡើង រួមទាំងជេរប្រមាថព្រះមហាក្សត្រផ្សេងទៀត តើលោកយល់ថាត្រឹមត្រូវទេ?»

លោក ទុំ ប៊ុនថន បានឆ្លើយទៅចៅក្រមថា រូបលោកបានដឹងពីការប្រកាសរបស់លោក សម រង្ស៊ី ចំពោះការវិលត្រលប់មកកម្ពុជាវិញតាមប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកបានជាប់ពន្ធនាគារហើយ។ លើសពីនេះ ចំពោះការគាំទ្រសារ រួមទាំងសំណួរផ្សេងៗទៀត លោក ទុំ ប៊ុនថន បដិសេធឆ្លើយ។

ក្រោយពីសួរដេញដោលលោក ទុំ ប៊ុនថន ចៅក្រមជំនុំជម្រះ និងតំណាងអយ្យការ លោក សេង ហៀង បានបន្តសាកសួរលោក ភួង ថា អំពីការងារ សកម្មភាព និងទំនាក់ទំនង ខណៈលោកជាប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិនៅខេត្តមួយក្នុងប្រទេសកូរ៉េ កាលពីអំឡុងលោកធ្វើការនៅទីនោះ។

ឈរនៅរង្វង់ក្រចកសេះ ទាំងទឹកមុខមាំ លោក ភួង ថា បានរៀបរាប់បា្រប់ចៅក្រមនិងតំណាងអយ្យការថា រូបលោកត្រូវបានយុវជននៅកូរ៉េចាត់តាំងធ្វើជាប្រធាន ប៉ុន្តែមិនចេញពីរចនាសម្ព័ន្ធឬថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិឡើយ។ លោកបន្តថា តួនាទីដែលលោកធ្វើអំឡុងពេលនោះ គឺជួយដោះស្រាយបញ្ហាពលករដែលថៅកែមិនបើកប្រាក់ឈ្នួល រួមទាំងលក្ខខណ្ឌការងារផ្សេងទៀត។

ចំពោះការប្រកាសវិលត្រលប់មកកម្ពុជា រួមទាំងផែនការផ្សេងៗរបស់លោក សម រង្ស៊ី នោះ លោកបានដឹងតាមសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក ជាដើម ប៉ុន្តែលោកគ្មានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំមន្ត្រីគណបក្សសង្គ្រោះជាតិឡើយ ចាប់តាំងពីលោកឈប់ធ្វើការនៅកូរ៉េ និងមកដល់កម្ពុជាកាលពីឆ្នាំ២០១៩ សូម្បីតែតួនាទីជាប្រធានយុវជននោះក៏បានលាលែងដែរ។

ចំណែកសារនយោបាយវិញ លោក​មិនដែលបញ្ឆេះឱ្យយុវជនប្រើសារនយោបាយហិង្សាឡើយ ហើយលោកក៏មិនគាំទ្រសារអំពាវនាវដែលបង្កអសន្តិសុខសង្គម និងការបង្កើតចលនានៅក្រៅប្រទេសជាដើម។

លោកថា៖ «ខ្ញុំប្រើសារនយោបាយដោយសុជីវធម៌ មិនបញ្ឆោះកំហឹង។ ឧទាហរណ៍ សារលោក សម រង្ស៊ី ៩ វិច្ឆិកា ជាសារបញ្ឆោះកំហឹង ប៉ុន្តែកាលនោះ ខ្ញុំមិនបានចូលរួមទេ ខ្ញុំធ្វើការនៅអ៊ីអន។ ខ្ញុំគិតថា សកម្មភាពនោះ វាមិនស្របទៅតាមច្បាប់នៅប្រទេសកម្ពុជា ព្រោះច្បាប់កម្ពុជា បើយើងចង់ផ្លាស់ប្ដូរ តាមរយៈការបោះឆ្នោត»។

ក្នុងការចូលរួមសវនាការនៅថ្ងៃអង្គារនេះ លោក ភួង ថា ​លើកឡើងថា រូបលោកមិនបានទទួលដីកាកោះហៅចូលរួមសវនាការនោះ​ឡើយ ដោយលោកបានដឹងព័ត៌មានតាមមិត្តភក្ដិនិង​មេធាវី ខណៈឈ្មោះរបស់គាត់​ក៏​សរសេរខុសដែរ។

ចំពោះសារលោក សម រង្ស៊ី វិញ លោកយល់ថា គ្រាន់តែជាការលើកឡើងឱ្យមានសំឡេង ដើម្បីកុំឱ្យស្ងាត់តែប៉ុណ្ណោះ ដោយថា លោក សម រង្ស៊ី គ្មានឥទ្ធិពលអ្វីបញ្ជាកងកម្លាំងនោះទេ ព្រោះកងកម្លាំងជារបស់រដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋាភិបាល។

ក្រោយពីបើកសវនាការសួរដេញដោល២ម៉ោងមក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសផ្អាក ដោយថា នឹងបន្តសវនាការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខទៀត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ