ធនាគារជាតិ​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ថ្មី​ដល់​ម្ចាស់​អាជីវកម្ម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ

ទិដ្ឋភាពនៅពីមុខធនាគារជាតិនៃកម្ពុជា ស្ថិតនៅក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

ធនាគារជាតិនៃកម្ពុជា សម្រេចឈប់ផ្ដល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបន្តទៀត ដើម្បីពង្រឹងនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះថា បច្ចុប្បន្ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនទាំងគុណភាព ទំហំ និងវិសាលភាព ។

ករណីនេះ ធនាគារជាតិនៃកម្ពុជាសម្រេចឈប់ផ្ដល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបន្តទៀត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីពង្រឹង​នូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

សេចក្ដីជូនដំណឹងដដែល ឱ្យដឹងទៀតថា ធនាគារជាតិនៃកម្ពុជាស្វាគមន៍វិនិយោគិនចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជនផងដែរ។

ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី គាំទ្រវិធានការរបស់ធនាគារជាតិកម្ពុជា ដែល​សម្រេចឈប់ផ្ដល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបន្តទៀត ដោយ​លោក​ថា បញ្ហានេះនឹងផ្ដល់ផលវិជ្ជមានច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានស្រាប់។

លោកជំរុញទៅម្ចាស់អាជីវកម្មមីក្រូហិរញ្ញវត្ថុដែលមានស្រាប់ទាំងនោះ ត្រូវ​ពង្រឹងនិងពង្រីកបន្ថែមលើការផ្ដល់សេវាដល់អតិថិជនរបស់ខ្លួន និងប្រជាពលរដ្ឋផ្សេងទៀតឱ្យចេះសន្សំប្រាក់ ដើម្បីជាផ្នែកមួយជួយដល់សេដ្ឋកិច្ចគ្រួសារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

លោកមានប្រសាសន៍ដូច្នេះថា៖ «ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យចេះសន្សំប្រាក់ គឺនៅតែជាអាទិភាពនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ហើយជាអាទិភាពរបស់ធនាគារជាតិនៃកម្ពុជាដែរ ដោយសារតែគាត់បានដាក់កិច្ចការហ្នឹងចូលទៅក្នុងយុទ្ធសាស្ត្រថ្នាក់ជាតិស្តីពីបរិយាប័ន្ននៃកម្ពុជា»។

លោកបន្ថែមថា៖ «ដោយសារអី? ដោយសារយើងមើលឃើញថា ទម្លាប់នៃការសន្សំប្រាក់របស់ប្រជាជនខ្មែរយើង កាលណាគាត់មានទម្លាប់ល្អ វានឹងជួយកាត់បន្ថយបញ្ហាសង្គមបានច្រើន ក៏ដូចជា​​ហានិភ័យផ្សេងៗ។ ហើយទន្ទឹម​នឹងហ្នឹង វាក៏បានបង្កើតឱកាសដល់ប្រជាពលរដ្ឋយើង មានឱកាសរីកចម្រើនសេដ្ឋកិច្ចផងដែរ នៅពេលដែលគាត់មានទម្លាប់សន្សំ»។

យោងតាមបញ្ជីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន៦ស្ថាប័ន រួមមាន គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រិត, អេអឹមខេ, ដាប់ប៊ែលយូប៊ី ហ្វាយនែន, ប្រាសាក់, អិល​អូអិល​ស៊ី (ខេមបូឌា) ភីអិលស៊ី, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ជាដើម។

កាលពីចុងខែ​មិថុនា ឆ្នាំ២០២១ អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌​កម្ពុជា បា​នចេញសេចក្ដីថ្លែងការណ៍មួយថា គិត​ត្រឹម​ខែធ្នូ ​ឆ្នាំ២០២០​ សមាគម​​មីក្រូ​ហិរញ្ញវត្ថុ​​​នៅកម្ពុជាបាន​​កត់ត្រា​​ឥណទាន​​ប្រ​មាណជិត៣លាន​​កម្ចី ​​មាន​​ទំហំ​ទឹកប្រាក់​សរុបជាង១១លានដុល្លារ (​១១,៨លានដុល្លារ​​) ក្នុងនោះ ទំហំ​កម្ចី​គិតជា​មធ្យមម្នាក់​៤ ២៨០​​ដុល្លារ តែថា ​​ប្រជា​ពលរដ្ឋ​​​​៩៥​ភាគរយ​​មាន​ប្រាក់​​ចំណូល​​ប្រចាំ​​ឆ្នាំ​តិចជាង​​ចំនួន​​​កម្ចី​​គិតជា​​មធ្យមនេះ​​។

សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា ​ប្រជាពលរដ្ឋ​​កម្ពុជាជាច្រើន​កំពុងលង់​ក្នុងបំណុល​ឥណទានខ្នាតតូច​ ដែល​កំពុង​នាំឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ផលប៉ះពាល់​ខ្លាំង​នៅទូទាំង​ប្រទេស ​ហើយមនុស្ស​ជាច្រើន​កំពុង​រងគ្រោះ​យ៉ាងស្ងប់ស្ងាត់ផងដែរ​​​​​​​​។

យ៉ាងនេះក្ដី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍បន្ថែមថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៦ដែលមានអាជ្ញាបណ្ណទទួលប្រាក់បញ្ញើ។ ហើយគ្រឹះស្ថានទាំងនេះទទួលប្រាក់បញ្ញើពីអតិថិជន​ជាង៤ ០០០​លានដុល្លារសហរដ្ឋអាមេរិក ពីអតិថិជនជាង២លាន៨សែននាក់ ទូទាំងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ