អតីត​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​បដិសេធ​ទំនាក់ទំនង​ជាមួយ​បក្សប្រឆាំង​និង​ចលនា​សង្គ្រោះជាតិ

រថយន្តពន្ធនាគារដឹកអ្នកទោសនយោបាយនិងមនសិការ មកសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធ «ចលនាសង្គ្រោះជាតិ» នៅក្រៅប្រទេសនោះ អះអាងថា ​ខ្លួនមិនមានទំនាក់ទំនងណាមួយជាមួយអតីតបក្សប្រឆាំង ហើយក៏មិនបានជាប់ពាក់ព័ន្ធចលនាសង្គ្រោះជាតិនោះដែរ ដោយថា ខ្លួនមិនបានប្រព្រឹត្តបទល្មើសឡើយ ក្រៅពីគាំទ្រនិងស្រឡាញ់រដ្ឋាភិបាលបច្ចុប្បន្ន។

ការបដិសេធនេះធ្វើឡើងអំឡុងពេលដែលសាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការសួរដេញដោលអតីតសកម្មជនបក្សប្រឆាំង៣នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ក្នុងចំណោមជនជាប់ចោទ២១នាក់ ដែលបើកសវនាការនៅថ្ងៃនេះ ក្រោមបទចោទប្រកាន់ «ញុះញង់​យោធិន​មិន​ឱ្យ​ស្ដាប់​បទបញ្ជា​ ញុះញង់ និងរួមគំនិតក្បត់»

ក្នុងចំណោមជនជាប់ចោទទាំង២១នាក់ដែលតុលាការបើកសវនាការ គឺមានចំនួន១៣នាក់កំពុងជាប់ពន្ធនាគារព្រៃស ខណៈលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ហ៊ូ វ៉ាន់, លោក នុត រំដួល, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ, លោក តុ វ៉ាន់ចាន់ កំពុងរស់នៅក្រៅប្រទេស។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ និងលោក អ៊ឹម វណ្ណៈ បានសួរដេញដោលអតីតមន្ត្រីក្រសួងមហាផ្ទៃ លោក ឈុន ប៊ុនឆាត អំពីទំនាក់ទំនងនិងការផ្ដល់ព័ត៌មានថ្នាក់ជាតិទៅឱ្យអតីតបក្សប្រឆាំង ជាដើម។

ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ ទឹកមុខមាំ លោក ឈុន ប៊ុនឆាត ដែលមានតួនាទីជាមន្ត្រីផ្នែកស៊ីវិលនៅក្រសួងមហាផ្ទៃ បានរៀបរាប់ប្រាប់ទៅចៅក្រមក្នុងពេលសវនាការថា រូបគាត់មិនដែលមានទំនាក់ទំនងជាមួយបក្សប្រឆាំងឡើយ ប៉ុន្តែលោកមានបងប្អូនជីដូនមួយម្នាក់ឈ្មោះ ឃិន ឆាន ដែល​ជាអតីតមន្ត្រីបក្សប្រឆាំង។

លោកបញ្ជាក់ថា ទោះបីជារូបគាត់និងលោក ឃិន ឆាន ជាបងប្អូនជីដូនមួយពិតមែន ប៉ុន្តែលោកមិនដែលផ្ដល់ព័ត៌មានថ្នាក់ជាតិ និងជជែករឿងនយោបាយជាមួយគ្នាដែរ ហើយថា ការនិយាយរបស់បងជីដូនមួយរូបនេះ ដោយសារតែមោទកភាពខ្លួនគាត់ពេក ហើយអួតអាង និងប្រាប់អ្នកដទៃដែលមានប្អូនធ្វើការនៅក្រសួងមហាផ្ទៃ។

លោក ឈុន ប៊ុនឆាត បានបដិសេធរាល់ការចោទប្រកាន់អំពីទំនាក់ទំនង ការផ្ដល់ព័ត៌ទៅបក្សប្រឆាំង ការបង្កើតចលនានៅក្រៅប្រទេស រួមទាំងផែនការរបស់លោក សម រង្ស៊ី វិលត្រលប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាដើម។

លោកថា៖ «គាត់មានមោទកភាព[ដែល]ខ្ញុំបានធ្វើការជាមន្ត្រីរាជការ គាត់ដើរអួតប្រាប់គេ ប៉ុន្តែគាត់មិនដឹងថា ការដើរនិយាយរបស់គាត់ធ្វើឱ្យជាប់គុក។ ខ្ញុំដេកក្នុងគុកទាំងឈឺចាប់រឿងហ្នឹង។ ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងទេ។ ខ្ញុំមិនដែលនិយាយរឿងថ្នាក់ជាតិប្រាប់បងជីដូនមួយខ្ញុំដែរ។ ខ្ញុំហ៊ាននិយាយដាក់ជីវិត»។

ក្រៅពីចៅក្រម តំណាងអយ្យការ លោក សេង ហៀង ក៏បានសួរលោក ឈុន ប៊ុនឆាត ពាក់ព័ន្ធនឹងរឿងនេះ រួមទាំងហេតុផលដែលលោកមិនចូលរួម និងនិយាយការងាររបស់ខ្លួនប្រាប់ទៅបងជីដូនមួយនោះ។

លោក ឈុន ប៊ុនឆាត បានរៀបរាប់ប្រាប់នៅក្នុងអង្គសវនាការថា រូបលោកមិនដឹងពីការចងក្រងរចនាសម្ព័ន្ធសម្ងាត់ ក៏មិនបានចូលរួមជាមួយបងជីដូនមួយនោះដែរ ដោយសារខ្លួនជាមន្ត្រីរាជការ ធ្វើការស៊ីប្រាក់ខែរដ្ឋាភិបាល។ លើសពីនេះ លោកក៏មិនដែលចាប់អារម្មណ៍និងចែករំលែកសារលោក សម រង្ស៊ី នៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះឡើយ។

លោកថា៖ «ខ្ញុំធ្លាប់[ជួប]លោក ឃិន ឆាន បាន៣ដង ប៉ុន្តែមិនដែលនិយាយរឿងនយោបាយអីទេ។ ខ្ញុំមិនចូលរួមជាមួយដែរ ព្រោះខ្ញុំធ្វើការមន្ត្រីរាជការ ស៊ីប្រាក់ខែរដ្ឋាភិបាល។ ខ្ញុំពិតជាមិនបានប្រព្រឹត្តបទល្មើសទេ ខ្ញុំមិនដែលជាប់ពាក់ព័ន្ធគណបក្សប្រឆាំងដែរ បើចង់ដឹងគួរតែទៅសួរកន្លែងការងារខ្ញុំ។ កន្លងមក ខ្ញុំស្រឡាញ់រដ្ឋាភិបាលណាស់។ បើមិនជឿ ទៅសួរកន្លែងខ្ញុំស្នាក់នៅ និងស្រុកកំណើតខ្ញុំ។ ខ្ញុំមិនដែលនិយាយថា គណបក្សប្រឆាំងនឹងបានអាសនៈមកវិញ ដូចបងជីដូនមួយខ្ញុំនិយាយទេ។ ខ្ញុំមិនដែលនិយាយសោះ»។

ក្រៅពីលោក ឈុន ប៊ុនឆាត ចៅក្រមនិងតំណាងក៏បានសួរដេញដោលអតីតសកម្មជនបក្សប្រឆាំង២នាក់ គឺលោក យឹម សារ៉េត និងលោក ជុំ ចាន់ ពីទំនាក់ទំនងជាមួយបក្សប្រឆាំងនៅក្រៅប្រទេស ការបង្កើតចលនា និងផែនការវិលត្រលប់របស់លោក សម រង្ស៊ី ព្រមទាំង​រឿងកូវីដ-១៩ ជាដើម។

យ៉ាងណាក៏ដោយ អតីតសកម្មជនបក្សប្រឆាំងទាំង២នាក់បានលើកឡើងប្រហាក់ប្រហែលគ្នាថា ចាប់តាំងពីគណបក្សប្រឆាំងត្រូវបានតុលាការរំលាយ និងដាក់បម្រាមថ្នាក់ដឹកនាំ១១៨នាក់មិនឱ្យធ្វើនយោបាយ៥ឆ្នាំមក ពួកគាត់មិនមានទំនាក់ទំនងគ្នាទៀតឡើយ។

ចំពោះការបង្កើតចលនានៅក្រៅប្រទេស រួមទាំងផែនការវិលត្រលប់របស់លោក សម រង្ស៊ី នោះ ពួកគាត់ដឹងតាមប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនបានចូលរួមឡើយ ដោយជាប់រវល់ការងារនិងរកស៊ី ដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារ។

ដោយឡែក ទាក់ទងនឹងរឿងកូវីដ-១៩ ពួកគាត់ពិតជាជជែកគ្នាមែន ប៉ុន្តែមិនស្ថិតនៅក្រោមការបញ្ជារបស់ថ្នាក់ដឹកនាំបក្សប្រឆាំងឡើយ ដោយគ្រាន់តែបញ្ចេញមតិផ្ទាល់ខ្លួននិងបារម្ភប៉ុណ្ណោះ។

លោក យឹម សារ៉េត ថា៖ «ខ្ញុំមិនដែលមានទំនាក់ទំនង​ជាមួយទេ តាមហ្វេសប៊ុកក៏អត់ តេឡេក្រាមក៏គ្មាន។ ខ្ញុំបានដឹងគេបង្កើតចលនានៅក្រៅប្រទេស និងផែនការត្រលប់លោក សម រង្ស៊ី ៩ វិច្ឆិកា តាមប្រព័ន្ធព័ត៌មាន។ ខ្ញុំមិនបានចូលរួមទេ ខ្ញុំជាប់រវល់ធ្វើការសំណង់»។

ចំណែកលោក ជុំ ចាន់៖ «ចាប់តាំងពីគេរំលាយមក ការទំនាក់ទងគ្នាក៏បានចប់ដែរ ចាប់តាំងគេរំលាយសង្គ្រោះជាតិមក។ ខ្ញុំអត់ដឹង និងមិនបានចូលរួមជាមួយសកម្មភាពអ្វីដែរ ខ្ញុំសូមបដិសេធទាំងស្រុង»។

ក្រោយពីសួរលោក ឈុន ប៊ុនឆាត, លោក យឹម សារ៉េត និងលោក ជុំ ចាន់ នោះ សហមេធាវីការពារក្ដីឱ្យជនជាប់ចោទទាំង២១នាក់ គឺលោក សំ សុគង់ បានសួរលោក កែវ ថៃ បន្ថែម មុនពេលឆ្មាំឬសន្តិសុខយកពួកគាត់ទៅពន្ធនាគារវិញ។

លោក កែវ ថៃ បានរៀបរាប់ថា ចាប់តាំងពីសង្គ្រោះជាតិរំលាយមក លោកឈប់ធ្វើ​សកម្មភាពនយោបាយទាំងស្រុង ដោយគិតតែបង្រៀនសិស្ស ហើយលោកមិនដែលទទួលផែនការពីនរណាដែរ។ លោកចាត់ទុកការចោទប្រកាន់ពួកគាត់ទាំងអស់គ្នា ថាជារឿងនយោបាយ​។

ក្រោយពីសវនាការសួរដេញដោលពេញមួយព្រឹកនាថ្ងៃនេះ ប្រធានក្រុមប្រឹក្សានៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសបិទ ដោយនឹងបន្តសវនាការនៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ ដែលសាកសួរលើលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ហ៊ូ វ៉ាន់, លោក នុត រំដួល, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ, លោក តុ វ៉ាន់ចា​ន់។

ដោយឡែក សកម្មជនទាំង១៣នាក់ លោក ឃិន ធាន, លោក ឡុង ថារី, លោក ឃុត ច្រិក, លោក ងិន ឃាន, លោក យឹម សារ៉េត, លោក ឃឹម ភាណា, លោក ថៃ សុគន្ធា, លោក កែវ ថៃ, លោក ញ៉ែម វាន, លោក ជុំ ចាន់, លោក សុខ ចាន់ថា, លោក ពៀត ម៉ាប់ និង ស៊ុន ធន់ កំពុងជាប់ពន្ធនាគារព្រៃស ត្រូវបានសាកសួររួមនាថ្ងៃព្រហស្បតិ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ