លោក ហ៊ុន សែន ថា​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​គ្មាន​ឥទ្ធិពល​លើ​កម្ពុជា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងថ្ងៃជូនព្រះរាជដំណើរព្រះមហាក្សត្រយាងទៅក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការដែលតំណាងរាស្ត្រសហរដ្ឋអាមេរិក ព្យាយាមធ្វើច្បាប់ដើម្បីដាក់ទណ្ឌកម្មថ្នាក់ដឹកនាំកម្ពុជា ថាជារឿងឥតប្រយោជន៍ ដោយសម្អាងថា គ្មានឥទ្ធិពលអ្វីមកលើការស​ម្រេចចិត្តរបស់លោកនោះទេ។

ការថ្លែងរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីចុះពិនិត្យការសាងសង់ព្រលានយន្តហោះ​ថ្មី នៅខេត្តកណ្ដាល នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ក្នុងពិធីនោះ លោក ហ៊ុន សែន ថ្លែងថា ការប្រកាសពីផែនការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើមេដឹកនាំកម្ពុជា វាគ្រាន់តែជាសញ្ញានយោបាយ តែគ្មានឥទ្ធិពលអ្វីដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលលោកនោះ​ទេ ខណៈលោកនឹងជួបមេដឹកនាំអាមេរិកនៅពេលខាងមុខនេះ។

លោកថា៖ «ច្បាប់ស្អី! លទ្ធិប្រជាធិបតេយ្យនិងរឹបអូសទ្រព្យសម្បត្តិស្អី! ខ្ញុំបន់ឱ្យវាចេញ ឱ្យវាស្រូតទៀតនោះ។ ឌឺហ្អែងទៀតនោះ! កុំឱ្យវាពិបាកពេក វារញ៉េរញ៉ៃម៉េស! ប្រើអាច្បាប់ស្អីមកគាបសង្កត់ខ្មែរ។ ផេះអី! ហើយខ្ញុំនឹងទៅអាមេរិក ហើយទៅអាមេរិកនឹងធ្វើជាសហប្រជាធានជាមួយ ចូ បៃឌិន [ប្រធានាធិបតីអាមេរិក]»។

សេចក្ដីព្រាងច្បាប់ស្ដីពី «​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាឆ្នាំ​២០២១ ឬហៅថា​ H.R.4686» ត្រូវ​បាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នៃ​អាណត្តិ​ប្រធានាធិបតី​ លោក ចូ បៃឌិន អនុម័ត​យល់ព្រមនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ប៉ុន្តែត្រូវឆ្លងកាត់ការយល់ព្រមពីសមាជិកព្រឹទ្ធសភាអាមេរិក និងប្រធានាធិបតីអាមេរិកទៀត ទើបចូលជាធរមាន។

​ច្បាប់​នេះមាន​គោលបំណង​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ជាន់ខ្ពស់និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​រំលោភ​សិទ្ធិមនុស្ស ធ្វើឱ្យខូចដំណើរការ​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រព្រឹត្ត​អំពើពុករលួយ រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ជាដើម។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក ឆាដ រ៉ូដឹម៉ៃយើរ (Chad Roedemeier) បានបង្វែរសំណួរនេះទៅកាន់សមាជិកសភាដែលពាក់ព័ន្ធនឹងការរៀបចំច្បាប់នេះវិញ ដោយបញ្ជាក់ថាមកដល់ពេលនេះ សេចក្ដីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅមិនទាន់ត្រូវបានអនុម័ត ដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅឡើយទេ។

តែយ៉ាងណា លោក Chad Roedemeier ថា៖ «សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភអំពីការបំផ្លិចបំផ្លាញដល់សិទ្ធិមនុស្ស និងការចុះខ្សោយនៃស្ថាប័នប្រជាធិបតេយ្យទាំងឡាយនៅកម្ពុជា»។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោកបណ្ឌិត សាម អ៊ីន មានប្រសាសន៍ថា អ្វីដែលបានកើតឡើងឆ្លុះឱ្យឃើញបញ្ហាពីរដាច់ដោយឡែកពីគ្នា។

បើតាមលោក សាម អ៊ីន សហរដ្ឋអាមេរិក គេមានគោលនយោបាយជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅទូទាំងពិភពលោក ហើយថា ការណ៍នេះ អាមេរិកត្រូវមានវិធានការផ្សេងៗចំពោះអ្នកទាំងឡាយណាដែលគេមើលឃើញថាបានរារាំងដល់ដំណើរការប្រជាធិបតេយ្យ។

ដោយឡែក បញ្ហាកម្ពុជាវិញ លោកសុំមិនធ្វើអត្ថាធិប្បាយជុំវិញជំហររដ្ឋាភិបាល​នោះទេ ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលមានកាតព្វកិច្ចធានាដល់ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ត​បតា​មរដ្ឋ​ធម្មនុញ្ញ និងច្បាប់អន្តរជាតិមួយចំនួនដែលកម្ពុជាបានផ្ដល់សច្ចាប័ន។

លោកថា៖ «អ៊ីចឹងហើយក្នុងនាមអ្នកដឹកនាំរដ្ឋាភិបាលរបស់កម្ពុជា គឺមា​​​នកាតព្វកិច្ចក្នុងការគោរពរដ្ឋធម្មនុញ្ញ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការដាក់ទណ្ឌកម្មណាមួយ វាពិត​ណាស់នឹង​មានទម្ងន់ ពិសេសពាក់ព័ន្ធយន្តការអន្តរជាតិ ដូចជា ការផ្ទេរលុយ ការប្រើប្រាស់ធ​នា​គា​​រ​កណ្ដាល ឬធនាគារអន្តរជាតិ ក្នុងការទូទាត់ប្រាក់ដុល្លារ រួមទាំងការវិនិយោគផ្សេងៗ។

ប៉ុន្តែលោកថា ទម្ងន់នៃផលប៉ះពាល់ធ្ងន់កម្រិតណា វាអាស្រ័យលើផលប្រយោជន៍នៃការទំ​នាក់ទំនងការ​ទូតរវាងអាមេរិកនិងរដ្ឋាភិបាលកម្ពុជា។

លោក ពិសី គិតថា ដើម្បីបញ្ចៀសបញ្ហាទាំងអស់នេះ រដ្ឋាភិបាលត្រូវទប់ស្កាត់បញ្ហាពីខាងក្រៅផង និងបញ្ហាខាងក្នុងផងដែរ។

បើតាមលោក ពិសី បញ្ហាខាងក្រៅ កម្ពុជា ត្រូវពង្រឹងអព្យាក្រឹត្យភាព កុំឱ្យមហាអំណាចណាមួយប្រើប្រា​ស់​កម្ពុជាជាភូមិសាស្ត្រនយោបាយ រីឯបញ្ហាខាងក្នុង ត្រូវផ្សះផ្សាជាតិឡើងវិញ ទប់ស្កាត់ការរំលោភដីធ្លី កា​ររំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងអយុត្តិធម៌សង្គម។

លោកថា៖ «វាជាការបង្ហាញសញ្ញាមិនល្អដែរ ដែលកម្ពុជាយើងអាចប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយ ដែលប្រទាញប្រទង់គ្នារវាងចិននិងអាមេរិកហ្នឹង មិនមែនជារឿងល្អទ។ វាអាចប៉ះពាល់ទៅដល់បញ្ហាផ្សេងៗទៀតក្នុងតំបន់របស់យើង ពិសេសជំហររបស់កម្ពុជានៅក្នុងតំបន់ហ្នឹងតែម្ដង»។

យ៉ាងណា​​ សហរដ្ឋអាមេរិក តាមរយៈការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខរបស់ខ្លួន​ បានដាក់​ទណ្ឌ​កម្ម​​បន្ថែមទៀតមកលើរដ្ឋាភិបាលកម្ពុជា ដែលទណ្ឌកម្មនេះជាវិធានរឹតត្បិត​ការ​លក់​អាវុធនិង​សម្ភារ​យោ​ធា​​ឱ្យ​កម្ពុជា ដោយសម្អាងពី​បញ្ហា​សិទ្ធិមនុស្ស អំពើពុករលួយ​ និង​កំណើន​ឥទ្ធិពល​យោធា​ចិន​នៅ​​កម្ពុជា។

ការិយាល័យឧស្សាហកម្ម និង​សន្តិសុខរបស់អាមេរិក និយាយ​នៅ​ក្នុង​សេចក្ដីសម្រេច​ចុះ​ថ្ងៃ​ទី៨ ខែធ្នូឆ្នាំ២០២១​ ថា​ទណ្ឌកម្ម​​នេះជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​​យោធា​ចិនកាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អាមេរិកបានគូសបញ្ជាក់​ថា សកម្មភាព​បែប​នេះជាការ​គំរាម​កំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់ ព្រមទាំង​កើន​ឡើង​នូវ​អំពើ​ពុក​រលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស ​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា។

សេចក្ដីថ្លែងការណ៍នោះក៏បានដកស្រង់សម្ដីរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក អ្នកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) មកចុះផ្សាយ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ពេញ​ទំហឹងលើរឿង​ឯករាជ្យនិង​បូរណភាព​របស់​កម្ពុជា។

មួយវិញទៀត អាមេរិក​ក៏នៅតែជំរុញរដ្ឋាភិបាលកម្ពុជាឱ្យចាត់​វិធានការ​​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ ​ការ​រំលោភ​សិទ្ធិ​មនុស្ស នូវអ្វីដែលអាមេរិកថា ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​​យោធា​ចិននៅក្នុងប្រទេស​កម្ពុជា និងទប់ស្កាត់ការគំរាមកំហែង​ដល់​សន្តិសុខ​តំបន់​និង​ពិភពលោក។ ទណ្ឌកម្ម​បន្ថែមរបស់សហរដ្ឋអាមេរិកនេះបានធ្វើ​ឡើង​បន្ទាប់ពីអាមេរិក កាលពីខែមុន បាន​ដាក់​ទណ្ឌ​ក​ម្ម​​មន្ត្រី​យោធា​ជាន់​ខ្ពស់​ពីរ​រូបរបស់កម្ពុជា គឺលោក ចៅ ភិរុណ និងលោក ទៀ វិញ ដោយចោទពួកគេថា «ពាក់ព័ន្ធ​រឿ​​ង​ពុក​រលួយ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម» ​ក្នុងខេត្តព្រះសីហនុ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ