សាលាក្ដី​ខ្មែរក្រហម​បោះពុម្ពផ្សាយ​យុត្តិសាស្ត្រ​របស់​អង្គបុរេ​រយៈពេល​១៤ឆ្នាំ​ទុក​ជា​ឯកសារ​នៅកម្ពុជា

ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបោះពុម្ពផ្សាយឯកសារចំនួនជាង៧០០ទំព័រ (៧៥៣) ស្ដីពី «យុត្តិសាស្ត្ររបស់អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។

ការបោះពុម្ពឯកសារជាលើកទី១នេះ មានពីរភាសា គឺភាសាអង់គ្លេស និងភាសាបារាំង និងអាចរកមើលបាននៅលើគេហទំព័ររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីម្សិលមិញបានឱ្យដឹងថា នៅក្នុងសកម្មភាពការងាររបស់ខ្លួនរយៈពេល១៤ឆ្នាំមកនេះ អង្គបុរេជំនុំជម្រះបានចេញសេចក្ដីសម្រេចជាង២៦០ ដោយដោះស្រាយគ្រប់ដំណាក់កាលទាំងអស់នៃការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌ ចាប់ពីការបើកកិច្ចស៊ើបសួរបឋម រហូតដល់ពេលបិទបញ្ចប់កិច្ចស៊ើបសួរ។

ប្រភពដដែលថា អង្គបុរេជំនុំជម្រះបានពិនិត្យទៅលើផ្នែកចម្រុះពាក់ព័ន្ធនឹងនីតិវិធីព្រហ្មទណ្ឌ និងបញ្ហាសំខាន់ៗ ដូចជា ការឃុំខ្លួនបណ្ដោះអាសន្ន ភាពអាចទទួលយកបាន ឬសុពលភាពនៃភស្តុតាង និងទ្រឹស្តីគតិយុត្តិនៃសហឧក្រិដ្ឋកម្មរួម។ អង្គបុរេជំនុំជម្រះ បានធ្វើការវិភាគអំពីយុត្តាធិការរបស់តុលាការ ក្នុងនាមជាតុលាការពិនិត្យចុងក្រោយនៅដំណាក់កាលស៊ើបអង្កេត ក្រោមក្របខណ្ឌគតិយុត្តិរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

អង្គបុរេជំនុំជម្រះ បានចេញសេចក្ដីសម្រេចចុងក្រោយរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ហើយថ្ងៃ​ម្សិលមិញ​នេះ ជាការផ្សព្វផ្សាយអត្ថបទចងក្រងយុត្តិសាស្ត្រលើកទី១របស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ