សង្គមស៊ីវិលនិងព្រះសង្ឃរិះគន់សេចក្ដីព្រាងច្បាប់ស្ដីពីសាសនា ដែលហាមព្រះសង្ឃចូលរួមបាតុកម្ម

ក្រុមយុវជន និងព្រះសង្ឃ អង្គុយនិងគង់ដើម្បីរំលឹកដល់ការស្លាប់លោក កែម ឡី នៅមុខស្ដាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

សេចក្ដីព្រាងច្បាប់ថ្មីស្ដី​ពី «​សាសនា​ក្នុងព្រះរាជាណាចក្រកម្ពុជា» ​បានហាមព្រះសង្ឃចូលរួមក្នុងចលនាបាតុកម្ម ខណៈ​ព្រះសង្ឃ អតីតព្រះសង្ឃ និងអង្គការសង្គមស៊ីវិលខ្លះយល់ថា ​ច្បាប់នេះមិនបានបម្រើដល់ផលប្រយោជន៍ទូទៅនោះឡើយ។

មាត្រា​៣៥​ នៃសេចក្ដីព្រាង​ច្បាប់​នេះ ​ចែង​ថា​ «ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​ចេតនា​ចូល​រួម​ធ្វើបាតុកម្ម  កូដកម្ម  កុបកម្ម ដើម្បី​ប្រឆាំងឬ​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ណា​មួយ ​ត្រូវ​ផ្ដន្ទា​ទោសដាក់​ពន្ធនាគារ​ពី​៧ឆ្នាំដល់១៥ឆ្នាំ ​ដោយ​មិន​គិត​ពី​ទោស​ដទៃ​ទៀត​ដែល​​មាន​ចែង​ក្នុង​ក្រមព្រហ្ម​ទណ្ឌកម្ពុជា»។​​​​​

យ៉ាងណាក្ដី ព្រះសង្ឃនិងអតីតព្រះសង្ឃមួយចំនួនបានរិះគន់សេចក្ដីព្រាងច្បាប់នេះ ដែលបាន​ហាមឃាត់សិទ្ធិព្រះសង្ឃក្នុងការចូលរួមធ្វើសកម្មភាពការងារសង្គម។

សកម្មជន​សង្ឃ​ការពារសិទ្ធិមនុ​ស្ស និងកំពុងភៀសព្រះកាយ​នៅបរទេស​ ព្រះតេជគុណ លួន សុវ៉ាត ​បាន​បង្ហោះសាររិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃ៩ ខែ​ធ្នូ ថា​ច្បាប់នេះ​ជាសេ​ចក្ដីបញ្ញត្តិ​​សម្រាប់​ឱ្យ​មនុស្ស​គោរព​ប្រតិបត្តិ​តាមទាំងអស់គ្នា ស្មើភាពគ្នា អាចទទួលយកបានទាំងអស់​គ្នា និង​ប្រដៅមនុស្ស​ឱ្យ​ប្រព្រឹត្ត​ល្អ។ ព្រះតេជគុណ លួន សុវ៉ាត បាន​ចោទ​ជាសំណួរថា​ ប្រសិនបើសេចក្ដីព្រាងច្បាប់ស្ដីពី​សាសនា បាន​រំលោភលើគោលការណ៍​នៃពុទ្ធបញ្ញត្តិ រដ្ឋធម្មនុញ្ញ និងរំលោភទៅលើច្បាប់សិទ្ធិមនុស្សជាសកលថា​តើអាច​ចាត់​ទុ​ក​ជាច្បាប់ដែរ​ឬយ៉ាងណា។

ព្រះអង្គលើកឡើងថា៖ «ត្រង់មាត្រា៤៦ ចែងអំពីការចោទ ការចាប់ ព្រះសង្ឃដែលសកម្មក្នុងកិច្ចការងារសង្គមជាតិ ក្នុងការប្រើសិទ្ធិពលដ្ឋនិងសិទ្ធិនយោបាយ ដាក់គុកពី៧ឆ្នាំដល់១៥ឆ្នាំបែបនេះ តើជាច្បាប់អ្វី? ច្បាប់កុម្មុយនីស្ត ឬច្បាប់សេរី? ច្បាប់ប្រជាធិបតេយ្យ ឬច្បាប់ផ្ដាច់ការ?»

អតីតព្រះសង្ឃមកពីខេត្តបាត់ដំបង លោក កើត សារាយ​ ដែលត្រូវបានអាជ្ញាធរចាប់ផ្សឹកកាលពី​ឆ្នាំមុន​ យល់ឃើញថា ​ប្រសិនបើសេចក្ដីព្រាងច្បាប់ដែលមានចែងដោយមិនអនុញ្ញាត​ព្រះសង្ឃ​​ចូលរួមតវ៉ាដោយសន្តិវិធី នឹងចូលជាធរមានមែន នោះ​នឹងឆ្លុះបញ្ចាំង​ពី​ការរឹតត្បិត​ព្រះសង្ឃ​ដែល​កំពុង​​​តែ​​សកម្មធ្វើការងារសង្គម ហើយមិន​អនុលោម​ទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ​នោះទេ។

លោកលើកឡើងថា​៖ «​ក្នុងច្បាប់​ស្ដីពីបាតុកម្មដោយសន្ដិវិធី ​លើកលែងតែកុបកម្ម​មួយ​ចេញ​ តែបាតុកម្ម និង​កូដកម្ម​ គឺជារឿងត្រឹមត្រូវ ដែលមាន​កំណត់​​សិទ្ធិ​ជាមូល​ដ្ឋាន​របស់​ពលរដ្ឋ​ទាំងពីរភេទ។ ​ដូច្នេះព្រះ​សង្ឃអាចសម្ដែងមតិ​ដើម្បីចូលរួមអភិវឌ្ឍន៍បាន​»

អតីតព្រះមេគុណខេត្តប៉ៃលិន​ លោក​ ញឹម ​សុធន​ មានប្រសាសន៍ថា ​សេចក្ដីព្រាងច្បាប់​នេះ​គួរ​តែ​បង្កើត​ឡើង​ចេញ​ពីគ​ណៈ​សង្ឃ​ មិនមែនចេញពីបុគ្គលមួយក្រុមនោះទេ​ ហើយថា ការធ្វើសេចក្ដីព្រាងច្បាប់នេះគួរតែ​ផ្សព្វផ្សាយ​ទៅ​សាធារណៈ​ដើម្បី​កែលម្អ។ លោកបន្ដថា ​​ក្នុងបាវចនារបស់​កម្ពុជា​មានកំណត់ថា​ «ជាតិ សាសនា ព្រះមហាក្សត្រ» ដូច្នេះ​មិនគួរ​ឱ្យ​ខាងអាណាចក្រមកគ្រប់គ្រងលើផ្នែកពុទ្ធចក្រនោះទេ។

លោកបន្ដថា៖ «ពីព្រោះគណៈសង្ឃ លោកមានច្បាប់​គណៈសង្ឃ​! គណៈ​សង្ឃលោកមានវិន័យរបស់​គណៈសង្ឃ​! ដូច្នេះ ប្រសិនបើមាន​អង្គណាមួយប្រព្រឹត្តទោសកំហុស ​គឺមានគណៈសង្ឃ​លោកកាត់​ក្ដី​ ប្រសិនបើទោសហ្នឹងមានត្រឹមតែក្នុងវិន័យរបស់ព្រះពុទ្ធសាសនា។​ តែបើតាមច្បាប់រដ្ឋ យើងបញ្ជូនទៅអាជ្ញាធរទៅដោះស្រាយទៅ»

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា​​ ​​ព្រះសង្ឃ​មានសិទ្ធិដូចជាពលរដ្ឋទូទៅ​ ដូច្នេះមិនអាចដកសិទ្ធិពីព្រះសង្ឃនោះទេ។ លោកបន្ថែមថា ​ក្នុងកាលៈទេសៈនេះ​មិនគួរធ្វើសេចក្ដីព្រាងច្បាប់នេះ​ទេ ព្រោះ​សមាជិកសភា​សុទ្ធតែជាសមាជិកគណបក្ស​កាន់​អំណាចទាំង​អស់​។ លោកថា ប្រសិន​បើមិន​មាន​​​ធាតុចូល​ឱ្យបានគ្រប់ជ្រុងជ្រោយទេ នោះវានឹងក្លាយទៅជាច្បាប់មួយដែល​មិន​បម្រើផលប្រយោជន៍សាធារណៈឡើយ។

លោកលើកឡើងថា៖ «ដូច្នេះ ​ក្នុងកាលៈទេសៈបែបនេះ មិនគួរធ្វើសេចក្ដីព្រាងច្បាប់នោះទេ​ ពីព្រោះសភាស្ថិតនៅក្នុងឯកបក្ស​ បានន័យថា ​ជាបក្សតែ​មួយ​ ការអនុម័តច្បាប់​ សេចក្ដីព្រាងច្បាប់​ និងការវិសោធនកម្មច្បាប់កន្លងមក ​គឺមានការរិះគន់ច្រើន​ហើយ»

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការនិង​កិច្ចការ​សាសនា លោក សេង សុមុនី បានគូសបញ្ជាក់​ថា​ សេចក្ដី​ព្រាង​ច្បាប់​នេះកំពុង​​ត្រូវបាន​ឆ្លង​យោបល់ និងដាក់ធាតុចូលពីគ្រប់សាសនា អង្គការសង្គម​ស៊ីវិល ​ជា​ដើម​ ដើម្បី​កំណត់លើ​សកម្មភាពបែប​សាសនាដែលធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ​សង្គម​​។

លោកលើកឡើងថា​៖ «ទាក់ទងនឹងទោសទណ្ឌ​ហ្នឹង ចង់សំដៅ ប្រសិនបើមានប្រព្រឹត្តខុស​ឆ្គង​នូវ​ទោស​ ចំណុចហ្នឹង​សំដៅលើសកម្មភាពបែប​សាសនា​ហើយ​ ហើយ​សាសនាហ្នឹង​កុំ​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ​សង្គម​​»

លោកបន្តថា​៖ «ដាក់ធាតុចូលទាំង​អស់​ មានមេដឹកនាំសាសនា​ហ្នឹង​ មានគ្រប់សាសនាទាំងអស់តើ! មិនមែនមានតែគណៈសង្ឃនាយក​ទេ​»

គួរបញ្ជាក់ថា ​សេចក្ដីព្រាងច្បាប់ស្ដីពី «សាសនាក្នុងព្រះរាជាណាចក្រកម្ពុជា» នេះ មាន១២ជំពូក និង៤៣មាត្រា។ ជំពូកទី១ នៃសេចក្ដីព្រាងច្បាប់នេះ ចែងថា ច្បាប់នេះមានគោលបំណងគាំពារ លើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងគ្រប់គ្រងពាហិរ​សាសនា ជំនឿ និងការប្រតិបត្តិជំនឿសាសនា ស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា ព្រមទាំងធានាសិទ្ធិ សេរីភាព ខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនារបស់ប្រជាពលរដ្ឋគ្រប់រូប។ ច្បាប់នេះ ដើម្បីជាប្រយោជន៍ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ