សន្តិសុខ​យាម​ប្រាសាទ​មិន​អនុញ្ញាត​ឱ្យ​ព្រះសង្ឃខ្មែរ​ក្រោម​ចូល​ទស្សនា​អង្គរវត្ត​ព្រោះ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ

ព្រះតេជព្រះគុណ គឹម ង៉ុកថេរ ទស្សនា ស្ពានព្រះទិស​ឬស្ពានកំពង់ក្តី នៅ​ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Khmer Srey Pheap)

ព្រះសង្ឃ​ខ្មែរក្រោម​ត្រូវបាន​សន្តិសុខ និង​ឆ្មាំយាម​ប្រាសាទអង្គរវត្ត​តម្រូវឱ្យ​ព្រះអង្គ​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ដូច​ ជនបរទេស​ដទៃ​ទៀតដែរ ដោយសារ​តែ​ព្រះអង្គ​មិន​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​។ ​

ព្រះតេជ​ព្រះគុណ គឹម ង៉ុកថេរ ព្រះជន្ម ៣០វស្សា ​មាន​ស្រុកកំណើត​នៅខេត្តព្រះត្រពាំង ដែនដី​កម្ពុជាក្រោម ព្រះអង្គ​បាន​មាន​សង្ឃដីកា​ប្រាប់ វីអូឌី ថា ព្រះអង្គ និង​ព្រះសង្ឃខ្មែរ​ក្រោម​ ៥អង្គផ្សេង​ទៀត បាននិមន្តទៅ​ ខេត្តសៀមរាប​ក្នុងគោលបំណងទស្សនា​ប្រាសាទអង្គរវត្ត ដោយ​ចង់ឃើញ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​បាន​បន្សល់ទុក​ដល់​កូនចៅខ្មែរជំនាន់ក្រោយ​ ប៉ុន្ដែ​សន្ដិសុខ​និងឆ្មាំ​នៅ​ទីនោះ​ ទាមទារ​ឱ្យ​ព្រះអង្គ​ទិញសំបុត្រដើម្បីចូលទស្សនា​។

ព្រះអង្គមាន​សង្ឃដីកា​រំលឹកថា កាលពីព្រឹក​ថ្ងៃទី​​៣០​ ខែ​ឧសភា​ សន្ដិសុខ និងឆ្មាំ​យាមនៅ​ច្រកចូលអង្គរវត្ត​ បាន​ឃាត់​ដំណើរ​នៅពេល​ដែល​ពួកគេ​ដឹងថា ក្រុម​ព្រះអង្គ​ជា​ព្រះសង្ឃ​មកពី​ដែនដី​កម្ពុជាក្រោម​។

ព្រះអង្គ ថា៖ «គេឮថា កម្ពុជា​ក្រោម គេឃាត់​ដំណើរ គេសា​កសួរ​ គេថា មិនអាច​ចូល​អង្គរវត្តទេ ​វាលែង​តែមាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ»។

នៅពេលត្រូវ​សាកសួរនោះ ព្រះសង្ឃខ្មែរក្រោម​​ដែល​គ្មាន​អត្តសញ្ញាណសញ្ជាតិខ្មែរ ដោយសារ​តែ​បានកើត​នៅដែនដីកម្ពុជា​ក្រោម ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាលវៀតណាម ​បានឆ្លើយតប​​ទៅកាន់​​ក្រុមសន្តិសុខ​ទាំងអស់នោះ​ថា ក្រុមព្រះអង្គ​មិនមាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូច​ពលរដ្ឋខ្មែរ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​ព្រះអង្គរស់នៅ​កម្ពុជា​ក្រោម។​

ព្រះអង្គ បញ្ជាក់ថា៖ «​មាន​យ៉ាងម៉េច​ បើអាត្មា​នៅ​យួនហ្នឹង​!»។ ​

ព្រះតេជព្រះគុណ គឹម ង៉ុកថេរ ដែល​និយាយភាសាខ្មែរ​មានសំនៀង​ជាខ្មែរ​មកពី​កម្ពុជាក្រោម អះអាងបន្តថា ទោះជា​ក្រុមព្រះអង្គ​ខំប្រឹង​និយាយ​ប្រាប់​សន្ដិសុខ​នៅទីនោះ​ថា ព្រះអង្គគឺ​ជា​ជនជាតិខ្មែរ និង​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ណាក៏​ដោយ ​ក៏ក្រុមសន្តិសុខ និងឆ្មាំទាំងនោះ​ នៅ​តែ​មិនអនុញ្ញាត​ឱ្យក្រុមព្រះអង្គអាច​ចូល​ទស្សនាប្រាសាទអង្គរវត្ត​បាន​ដែរ ហើយពួកគេ​នៅតែបន្តទាមទារ​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីក្រុមព្រះអង្គដដែល។ ​

ព្រះ​អង្គឱ្យដឹងដែរថា ព្រះអង្គធ្លាប់ចូលទស្សនា​ប្រាសាទអង្គរវត្តបានចំនួន ៤ដងរួចហើយ ដោយនៅពេលមុនៗនោះ ព្រះអង្គ​បាន​បង្ហាញ​អត្តសញ្ញាណ​សញ្ជាតិ​វៀតណាម​ទៅដល់ ក្រុមសន្តិសុខ ហើយនៅ​ក្នុងអត្ត​សញ្ញាណ​ប័ណ្ណដាក់ថា ​ព្រះអង្គមាន​​សញ្ជាតិ​វៀតណាម តែជា​ជន​ជាតិ​​ខ្មែរ ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។ ទោះជា​យ៉ាងណា ព្រះអង្គអះអាងថា នៅក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិវៀតណាម​ប្រភេទថ្មី ​ដែល​រដ្ឋាភិបាលវៀតណាមចេញឱ្យ ពលរដ្ឋ​នៅក្នុង​ប្រទេស​វៀតណាម​ចាប់ពីឆ្នាំ២០២១​ រួមទាំង​ខ្មែរក្រោមផង អត្តសញ្ញាណ​ប័ណ្ណប្រភេទថ្មីនេះ​ មានដាក់​តែ​​សញ្ជាតិ​វៀតណាមមួយ​ប៉ុណ្ណោះ ដោយមិនមានបញ្ជាក់ថា ខ្មែរ​ក្រោមជា​ជនជាតិខ្មែរ ឬមានបញ្ជាក់ពី​ព្រះពុទ្ធសាសនា​ដែលខ្មែរ​ក្រោមគោរពប្រតិបត្តិនោះទេ។​

ព្រះអង្គ មានសង្ឃដីកាថា បើទោះជា​ព្រះអង្គមាន​លទ្ធភាពទិញសំបុត្របានក៏ដោយ តែព្រះអង្គសុខចិត្តមិនទិញទេ ព្រោះ​ព្រះអង្គ​មិនចង់​ឱ្យ​សន្តិសុខ​យាម​ប្រាសាទអង្គរ​ធ្វើដូចនេះ ចំពោះព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមផ្សេងទៀត។

ព្រះអង្គ មានសង្ឃដីកាថា៖ «បើអាត្មាទិញនេះ លើកក្រោយ​ព្រះសង្ឃខ្មែរក្រោម បងប្អូន ខ្មែរក្រោមឡើងមកទៀត គេនឹងចាប់ឱ្យ​ទិញសំបុត្រទៀត ខ្មែរមិន​ដែលទិញ​សំបុត្ររបស់ខ្មែរទេ​ចូលទៅមើលអង្គរវត្ត»។

ព្រះសង្ឃ​​ខ្មែរ​​ក្រោមអង្គ​​នេះបន្តថា៖ «​អាត្មាពូជ​ខ្មែរ ​ពូជអង្គរ អាត្មា​ក៏មានសិទ្ធិចូលរួមថែរក្សានូវមរតកដូនតាខ្មែរដែរ គេ​ធ្វើ​យ៉ាងហ្នឹង​មាន​ការ​រើសអើង​យ៉ាង​ខ្លាំង​ណាស់ កុំឱ្យមានការរើសអើងអី សូម​​បើកបេះដូងឱ្យទូលាយ ​ស្វាគមន៍​រាប់អាន​ដល់បងប្អូនខ្មែរក្រោមដែលមកទស្សនាអង្គរវត្តផង»។​​​​

ឆ្លើយតបចំពោះរឿងនេះ អ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់ វីអូឌី ថា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទស្សនា​អង្គរវត្ត​មិនមាន​ការ​យក​ថ្លៃទេ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «ប្រសិនបើ​លោកប្រាប់គេថា លោកជា​ព្រះអង្គកម្ពុជាក្រោម គ្មាននរណា​គេយកថ្លៃទេ ប្រជាពល​រដ្ឋ​កម្ពុជា​​ក្រោម ​មកពី​កន្លែង​ណាក៏​ដោយ ក៏គេ​អត់​យកថ្លៃ​ទេ ហើយជា​គោលនយោបាយ​រដ្ឋាភិបាលកម្ពុជា​គេអត់យក​ថ្លៃទេ​ឱ្យតែខ្មែរ​​​»។​

ពាក់ព័ន្ធទៅនឹងករណីនេះដែរ លោក សឺន ជុំជួន អគ្គលេខាធិការ​សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានអះអាងថា វាមិនមែន​ជា​លើក​ទីមួយទេ​ ដែលមានករណីដូចនេះ​កើតឡើង​ចំពោះ​ព្រះសង្ឃ​និង​ពលរដ្ឋខ្មែរក្រោម​ចង់ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ហើយ​មិ​ន​ត្រូវបាន​អនុញ្ញាត​ដោយសារ​អ្នកទារលុយ​យល់ថា ពួកគាត់​ជាជនជាតិ​វៀតណាមព្រោះ តែពួកគាត់​គ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បើទោះជា​ពួកគាត់ជា​ខ្មែរក្រោមក្តី។   

ប៉ុន្ដែលោកថា ក្នុងពេលកន្លងទៅ ពួកលោកតែងបានធ្វើការអន្តរាគមន៍ ដោយព្យាយាមបង្ហាញអត្តសញ្ញាណ​របស់ខ្មែរក្រោម ទៅកាន់ អាជ្ញាធរអប្សរា តាម​រយៈការ​និយាយភាសាខ្មែរ ការស្លៀក​សំលៀកបំពាក់ និងការរបៀបតុបតែង​ខ្លួនជាដើម។ លោកថា បុគ្គលិកបម្រើ ការ​ខាងអាជ្ញាធរអប្សរា គួរតែ​យល់ច្បាស់​ពី​អត្តសញ្ញាណ​របស់​ខ្មែរក្រោម។​

ចាប់ពីឆ្នាំ ២០២១ មក រដ្ឋាភិបាលវៀតណាម បានប្តូរទម្រង់ថ្មី​នៃ​អ​ត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម ដែលប្រភេទអត្តសញ្ញាណប័ណ្ណថ្មីនេះ មិនបាន​បញ្ជាក់ថា ខ្មែរក្រោម​ជាជនជាតិខ្មែរ និងជា​អ្នកកាន់ព្រះពុទ្ធសាសនានោះឡើយ។ ករណីនេះ​បានបង្កការ​លំបាកដល់ខ្មែរក្រោម នៅពេល​ពួកគេ​ធ្វើដំណើរទៅ​ក្រៅប្រទេស ព្រោះ​គេមិនដឹងថា ពួកគាត់ជា​ជនជាតិវៀតណាម ឬជនជាតិ​ខ្មែរនោះ​ទេ។  

ត្រង់ចំណុចនេះ លោក សឺន ជុំជួន ឱ្យដឹងថា អង្គការ សមាគមខ្មែរកម្ពុជាក្រោម ធ្លាប់ធ្វើការ​តវ៉ា​ជាមួយ​អាជ្ញាធររដ្ឋាភិបាល​វៀតណាម នៅពេល​ដែល​ចេញ​អត្តសញ្ញាណថ្មី ដែល​ដាក់តែ​សញ្ជាតិវៀតណាម ហើយ​មិនមាន​បញ្ជាក់ខ្មែរក្រោម​ ជាជនជាតិខ្មែរនោះទេ។

យ៉ាងណា លោក សឺន ជុំជួន ថ្លែងថា ពេលរដ្ឋាភិបាលវៀតណាម​ចេញអត្តសញ្ញាណ ប័ណ្ណគំរូថ្មី នៅតំបន់ខ្លះ​​ អាជ្ញាធរវៀតណាម មិនបាន​ដកយក​អត្តសញ្ញាណប័ណ្ណ​គំរូចាស់​នោះ​ទេ ដូច្នេះលោកអំពាវនាវ​ដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលឡើង​មកប្រទេសកម្ពុជា​គួរតែភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណគំរូចាស់ នៅពេល​ចង់ទៅ​ទស្សនានៅតំបន់អង្គរ ឬ​រមណីយដ្ឋានផ្សេងទៀតនៅកម្ពុជា។​

លោក បញ្ជាក់ថា៖ «ព្រះសង្ឃគួរ​តែភ្ជាប់​ជាមួយឆាយា ដើម្បីបង្ហាញឱ្យច្បាស់​ដល់​សមត្ថកិច្ច ឬអាជ្ញាធរអប្សរា ហ្នឹងពិនិត្យ​ឱ្យឃើញថា ពួកគាត់ពិតជាជនជាតិខ្មែរ​ជាដើម»។

ក្នុងពេលជាមួយគ្នានេះដែរ លោក សឺន ជុំជួន សុំការយោគយល់ពីអាជ្ញាធរខ្មែរ ក៏ដូចជា អាជ្ញាធរអប្សរា អនុញ្ញាតឱ្យខ្មែរក្រោម បាន​ចូលទស្សនា​ប្រាសាទនានា​នៅក្នុងតំបន់អង្គរ និងតំបន់ទេសចរណ៍ផ្សេងៗទៀត​នៅក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់តម្រូវឱ្យទិញសំបុត្រចូលទស្សនា បើសង្កេតឃើញថា ពួកគាត់​មានអត្តសញ្ញាណជា ខ្មែរក្រោម តាមរយៈការប្រើប្រាស់ភាសា ការស្លៀកសំលៀកបំពាក់ និងឥរិយាបថជាខ្មែរជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ