លោក ហ៊ុន សែន បញ្ជា​ឱ្យ​យក​អាវុធ​និង​សម្ភារ​យោធា​អាមេរិក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​ឬ​យក​ទៅ​កម្ទេច​ចោល

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅអង្គភាព​ប្រដាប់អាវុធទាំងអស់ ឱ្យ​ត្រួតពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់នូវអាវុធនិងសម្ភារយោធាដែលកម្ពុជាមានបច្ចុប្បន្ន ហើយ​ត្រូវ​ប្រមូល​អាវុធនិងសម្ភារ​យោធាអាមេរិក​ទាំងអស់ទៅ​រក្សាទុកក្នុងឃ្លាំងឬយកទៅកម្ទេចចោល​ ប្រសិន​បើ​មាន។

បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅពេលនេះ ធ្វើឡើង​បន្ទាប់ពីសហរដ្ឋអាមេរិក កាលពី​ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ បាន​ចេញសេចក្ដីសម្រេច​​​ពីការរឹតត្បិត​ការ​លក់​ដូរ​អាវុធនិងសម្ភារយោធាដល់កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងនៅក្នុងទំព័រហ្វេស​ប៊ុករបស់​លោក នៅថ្ងៃ​សុក្រនេះ ថាការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធនិង​សម្ភារយោធា​មក​កម្ពុជា​នាពេលនេះ បាន​ឆ្លុះប​ញ្ចាំង​ពី​ភាព​ត្រឹម​ត្រូវ​នៃការសម្រេចចិត្តរបស់លោកកាលពី​ឆ្នាំ​១៩៩៤ ដែលនៅពេលនោះ លោក​បាន​សម្រេចចិត្ត​មិន​ធ្វើការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​អាវុធ​កម្ពុជាដែល​មាន​ពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។

ករណីនេះ លោកបានចេញបទបញ្ជាទៅដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យ​ត្រួតពិនិត្យ​អាវុធនិង​សម្ភារយោធារបស់ខ្លួនឡើងវិញជាបន្ទាន់ ហើយ​ប្រសិន​បើ​មាន​អាវុធនិងសម្ភារយោធា​អាមេរិក​ អង្គភាពទាំងនោះត្រូវ​យកទៅរក្សា​ទុកក្នុងឃ្លាំងឬយកទៅកម្ទេចចោល​តាមការ​ជាក់​ស្ដែង។​

លោក​បានគូសបញ្ជាក់​ថា៖ «ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណសហរដ្ឋអាមេរិកដែល​​បាន​ជួយ​បញ្ជាក់ថា ការសម្រេចចិត្ត​របស់​ខ្ញុំ​មិនយល់ព្រម​ទិញ​អាវុ​ធ​ពី​អាមេរិក​ ពិតជាត្រឹមត្រូវ​ សម្រាប់​នយោ​បាយការ​ពារ​ជាតិ​របស់​កម្ពុជា។ ហើយ​វា​ក៏​ជា​សារ​ព្រមាន​​មួយ​​ប្រាប់​​ទៅ​​ខ្មែរ​ដែល​គ្រប់​គ្រង​រាជ​​រដ្ឋាភិ​បាល​ជំនាន់​ក្រោយ​ ឱ្យ​បាន​ជ្រាប​ថា បើច​ង់មាន​ឯករាជ្យភាព​លើវិ​ស័យ​ការ​​ពារ​ជាតិ​ សូម​កុំ​ប្រើ​ប្រាស់អាវុធ​របស់អាមេរិក»។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានកត់ចំណាំដែរថា អ្នកដែល​ធ្លាប់​ប្រើ​ប្រព័ន្ធអាវុធអាមេរិក​ជាច្រើនបាន​ចាញ់​សង្រ្គាម ដូច​ជា ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​​របស់លោក លន់ នល់ ដែលពេល​នោះ​បាន​ប្រើប្រ​​ព័ន្ធ​អាវុធ​អាមេរិក និង​បាន​នាំចូ​ល​អាវុ​ធជា​ច្រើន​មក​កម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់​បំណុល​ខ្មៅនេះរហូតមកដល់បច្ចុប្បន្ន។ ថ្មីៗនេះ​ទៀតសោត លោក​ថា ​អ្នក​ប្រើ​ប្រព័ន្ធអាវុធ​អាមេរិក ក៏​បាន​ចាញ់​សង្រ្គាម​នៅ​អាហ្វហ្គានីស្ថានដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ