មេធាវី​លោក ឡាយ វណ្ណៈ ថា​តុលាការ​ថ្នាក់ក្រោម​ខកខាន​មិន​បាន​ពិចារណា​ភាព​ប្រែប្រួល​នៃ​ចម្លើយ​សាក្សី

លោក ឡាយ វណ្ណៈ កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកលោក ឡាយ វណ្ណៈ)

មេធាវីការពារក្ដីឱ្យអតីតអភិបាលខេត្តតាកែវ និងបងប្រុស អះអាងនៅបន្ទប់សវនាការថា តុលាការថ្នាក់ក្រោម​ខកខានមិនបានពិចារណាភាពប្រែប្រួលនៃចម្លើយសាក្សី និងភស្តុតាង​ភាគច្រើន ដែលបង្ហាញថា​កូនក្ដីរបស់ខ្លួន​ពុំបាន​ប្រព្រឹត្តកំហុសដូចការចោទប្រកាន់។​

តុលាការកំពូល នៅថ្ងៃសុក្រនេះ បានបើកសវនាការ​លើ​​បណ្ដឹងសារទុក្ខអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុស លោក ឡាយ ណារិទ្ធ ក្នុងសំណុំរឿង «ឃាតកម្ម​» លើ​អ្នកនាង ចេវ សុវឌ្ឍនា ក្រោយពីសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រម​សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។

សហមេធាវីការពារក្ដីឱ្យលោក ឡាយ វណ្ណៈ និងលោក ឡាយ  ណារិទ្ធ គឺលោក នី ចាន់ឌី បានលើកឡើងក្នុងសវនាការ​នោះ​ថា បើតាមរបាយការណ៍និង​ភស្តុតាង​របស់​នគរបាលបង្ហាញ​ថា អ្នកនាង ចេវ សុវឌ្ឍនា ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដោយ​សារ​សាក​សព​មិន​មាន​ស្លាក​ស្នាមដែលបញ្ជាក់ថា​មាន​ប្រើអំ​ពើហិង្សានិង​មាន​របួស​ស្នាម​ឡើយ ប៉ុន្តែចំ​ណុច​ក្រោយ​នៃ​សេចក្ដីសន្និដ្ឋានបែរជាថាករណីនេះអាច​ជារឿងឃាតកម្ម​ទៅ​វិញ។

លើសពីនេះ លោកថា បើតាម​ការបញ្ជាក់ពីក្រុមហ៊ុនទូរសព្ទ កូនក្ដីរបស់​លោកបានជួប​ជន​រងគ្រោះ​នៅ​ម៉ោង៦ល្ងាច រួចចេញទៅវិញ ខណៈហេតុការណ៍បាន​កើតឡើងនៅម៉ោង៧យប់​ ហើយ​មន្ត្រី​ជំនាញ​ផ្នែកកោសលវិច័យក៏បង្ហាញដែរ​ថា ការស្លាប់នេះមិនមែនជាអំពើឃាតកម្មទេ។ លោ​កបន្តថា ទោះបីជាមានរបាយការណ៍និងភស្តុតាងជាច្រើនដែលបញ្ជាក់ពីការដោះបន្ទុកក៏ពិតមែន ប៉ុន្តែ​សាលាឧទ្ធរណ៍មិនបានពិចារណានិងពិនិត្យមើលឡើយ។

លោក នី ចាន់ឌី ថា៖ «ចម្លើយសាក្សីមានការប្រែប្រួលច្រើនដង  ហើយឧទ្ធរណ៍បានពិចារណាផ្នែកខ្លះនៃចម្លើយសាក្សី ប៉ុន្តែមិនបានពិចារណាទៅលើភស្តុតាងជាច្រើនដែលជាការដោះបន្ទុកកូនក្ដី។ អ៊ីចឹងខ្ញុំស្នើឱ្យតុលាការទម្លាក់ចោលរាល់បទចោទប្រកាន់លើកូនក្ដីខ្ញុំ»។

ចំណែក មេធាវី សេក សុវណ្ណា ការពារក្ដីឱ្យជនជាប់ចោទឈ្មោះ ម៉ែន សាម៉ៃ, ជឹម វុធ និង ចាន់ រី ក៏បានលើកឡើងថា សាលាឧទ្ធរណ៍មិនបានពិនិត្យមើលចម្លើយសាក្សីដែលឆ្លើយចំនួន៤ដង ប៉ុន្តែចម្លើយនោះបានខុសគ្នា ដោយចម្លើយទី១ និង២ សាក្សីបានរៀបរាប់ហេតុការណ៍កើតឡើងថា អ្នកនាង ចេវ សុវឌ្ឍនា បានធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីមានជម្លោះពាក្យសម្ដីជាមួយលោក ឡាយ វណ្ណៈ។

ប៉ុន្តែចម្លើយទី៣ និង៤ ដែលឆ្លើយនៅក្រសួងមហាផ្ទៃបែរជាឆ្លើយថា ករណីនេះជាអំពើឃាតកម្មវិញ ហើយការឆ្លើយបែបនេះអំឡុងពេលកូនរបស់សាក្សីត្រូវគេយកមករាជធានីភ្នំពេញដោយមិនដឹងមូលហេតុ។

មេធាវី សេក សុវណ្ណា ថា៖ «សាក្សី ចាន់ រី និង ជឹម វុធ ត្រូវបានគេបង្ខាំងរហូតដល់២២ថ្ងៃ ចំណុចនេះ តុលាការគួរពិចារណា។ ហើយមួយទៀត សាក្សី ខេង វណ្ណឌីន ដែលជាមន្ត្រីនគរបាលយុត្តិធម៌ បានទទួលស្គាល់ថាបានយកកូនប្រុសសាក្សីទាំងពីរមកភ្នំពេញ ដែលធ្វើឱ្យឈ្មោះ ចាន់ រី និង ជឹម វុធ ប្ដូរចម្លើយរបស់ខ្លួន។ ខ្ញុំស្នើសុំឱ្យតុលាការពិចារណាការសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដោយសារការសម្រេចនេះ មិនទាន់មានភាពច្បាស់លាស់»។

យ៉ាងណាក៏ដោយ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានបដិសេធ​ការ​ចោទ​ប្រកាន់​របស់តុលាការ ដោយ​ថា លោកមិនបានប្រព្រឹត្តបទល្មើសឡើយ។ លោកបន្តថា មូលហេតុដែលលោកឱ្យអ្នកបើកឡានយកទូរសព្ទនៅផ្ទះអ្នកនាង វឌ្ឍនា បន្ទាប់ពីនាងបានស្លាប់ ដោយសារ​ទូរសព្ទនោះមា​ន​រូប​ភាពរបស់​​លោកនិង​អ្នកនាង វឌ្ឍនា ជាច្រើន ហើយបើសិនជារូបថតទាំង​នេះត្រូវបាន​បែកធ្លាយ​នោះ វានឹងធ្វើឱ្យប៉ះពាល់កិត្តិយស​លោក។

លោកថា៖ «ចំពោះទូរសព្ទ វាជាចំណុចរសើបដែលខ្ញុំជាអភិបាលខេត្ត ព្រោះនៅក្នុងទូរសព្ទមានរូបខ្ញុំនិង វឌ្ឍនា ជាច្រើន។ បើសិនជារូបភាពនៅក្នុងទូរសព្ទបែកធ្លាយលើហ្វេសប៊ុកនោះ។ បើខ្ញុំសម្លាប់ វឌ្ឍនា ហេតុអ្វីខ្ញុំមិន​យកទូរសព្ទមក​តែម្ដង អាវខ្ញុំក៏​នៅ​នោះដែរ ខ្ញុំមិនចាំបាច់ឱ្យអ្នកបើកឡានទៅយកទេ។ បើខ្ញុំសម្លាប់ វឌ្ឍនា មែន​ ប្រាកដជាមានស្លាកស្នាមលើគាត់ហើយ។ វឌ្ឍនា​ ជាមនុស្សដែលមានសាច់សដូច​សំឡី ​ប៉ះបន្តិច​មាន​ស្នាម​ហើយ សូម្បីតែខ្ញុំកាន់ដៃគាត់ខ្លាំង​បន្តិច​ក៏មានស្នាមដែរ ប៉ុន្តែខ្លួនគាត់គ្មានស្នាមទេ។ គាត់មិន​ដេក​ឱ្យ​ខ្ញុំ​សម្លាប់​ស្រួលអ៊ីចឹងដែរ»។

លោក ឡាយ ណារិទ្ធ បានបដិសេធចំពោះការចោទប្រកាន់របស់តុលាការថ្នាក់ក្រោម និងស្នើសុំឱ្យទៅប្រធានក្រុមប្រឹក្សាឱ្យពិចារណាចំពោះរបាយការណ៍នគរបាលយុត្តិធម៌ ដោយថា មិនបានឆ្លុះបញ្ចាំងការពិត។

លោកថា៖ «បើសិនជាប៉ូលិសនៅក្រសួងមហាផ្ទៃមកចោទខ្ញុំអ៊ីចឹង ហេតុអ្វីបានជាមិនឆែក Location ទូរសព្ទដៃខ្ញុំ បើចង់ដឹងថាខ្ញុំនៅណានោះ។ ហេតុអ្វីបានបិទ Location ខ្ញុំ ហើយដាក់នៅក្នុងទូរសព្ទប្អូនខ្ញុំវិញ។ តើមន្ត្រីនគរបាលក្រសួងមហាផ្ទៃមានចេតនាយ៉ាងម៉េច យក Location តែរបស់ប្អូនខ្ញុំ? ហេតុអីមិនយក Location ខ្ញុំ? តើបាត់ទៅណា?»

ចំណែកឪពុករបស់​អ្នកនាង ចេវ សុវឌ្ឍនា គឺលោក ចេវ សារ៉េត បានបដិសេធ​ចំពោះការលើកឡើងរបស់មេធាវីដែលថាកូនស្រីខ្លួនអត្ដចរិតឆេវឆាវនិងចង់ធ្វើអត្តឃាតខ្លួនច្រើន។ លោកស្នើទៅប្រធានក្រុមប្រឹក្សាតុលាការកំពូលឱ្យជួយរកយុត្តិធម៌ដល់គ្រួសារនិងកូនស្រីរបស់លោក។

លោកថា៖ «តុលាការរកឃើញយ៉ាងម៉េច អាស្រ័យលើតុលាការ ព្រោះខ្ញុំមិនបានស្ថិតនៅនិងឃើញហេតុការណ៍នោះទេ។ ខ្ញុំសូមឱ្យតុលាការសម្រេចដោយសុភវិនិច្ឆយ ផ្ដល់យុត្តិធម៌ឱ្យកូនស្រីខ្ញុំ»។

ក្រោយស្ដាប់សេចក្ដីសន្និដ្ឋានមេធាវីការពារក្ដីនិងជនជាប់ចោទនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក និល ណុល បានសម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

​អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក ​ស៊ឹង សែន​ករុណា យល់ថា មេធាវី និងជនជាប់​ចោទ​មាន​សិទ្ធិក្នុងការការពារខ្លួន ប៉ុន្តែការសម្រេចបែបណានោះ អាស្រ័យទៅលើចៅក្រម។

លោកថា៖ «ជាគោលការណ៍យុត្តិធម៌ ភាគីទាំងអស់​មានសិទ្ធិក្នុងការការពារខ្លួន តាមរយៈការលើកឡើងទាំង​សម្អាង​ហេតុ ​ភស្តុតាងផ្សេងៗ ដើម្បីបញ្ជាក់ភាពស្អាតស្អំ​ ថារឿងហ្នឹងវាកើតឡើងរបៀបម៉េច! ​ហើយពាក់​ព័ន្ធបញ្ហាទាំងអស់ហ្នឹង វាមានភាពអយុត្តិធម៌អ្វីខ្លះ ពិតជាមានការលើកឡើងហើយ។ ធម្មតាការសម្រេចសេចក្ដីអាស្រ័យលើចៅក្រមជំនុំជម្រះហ្នឹង ជាអ្នកសម្រេច ជាអ្នកពិចារណាទេ ថាតើជឿជាក់​ទៅលើការលើកឡើងទាំងអស់ហ្នឹងក្នុងកម្រិតណា»។

អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធសំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា កាលឆ្នាំ២០១៨។ ក្រោយមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ផ្ដន្ទាទោសលោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ​ ​ជាប់ពន្ធនាគារ១០ឆ្នាំ ពីបទ«ឃាតកម្ម» ។

ចំណែកបុរស​ឈ្មោះ ម៉ែន សាម៉ៃ ដែល​ជាអ្នក​បើក​បរ​រថយន្ត​ឱ្យ​លោក ឡាយ វណ្ណៈ និង​បុរស​ឈ្មោះ ជឹម វុធ ដែល​ជា​ប្ដីរបស់​ស្ត្រី​អ្នក​បម្រើ​នៅ​ផ្ទះ​របស់​អ្នកស្រី ចេវ សុវឌ្ឍនា ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ២​ឆ្នាំ​ផង​ដែរ ក្រោម​បទ​ចោទ​ថាបាន​លាក់​កំបាំង​តម្រុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ