World Bank៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២២​នឹង​កើន​ជាង​៤% បើ​គ្មាន​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩​ជាថ្មី

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ធនាគារពិភពលោក (World Bank) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ នឹងកើន​ឡើង​ជាង​៤% នៅក្នុងករណីដែលកម្ពុជាមិនមានការរាតត្បាតជំងឺកូវីដ-១៩ជាថ្មី ខណៈកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នេះ សម្រេចបានត្រឹមតែ២,២%ប៉ុណ្ណោះ។

យោងតាមរបាយការណ៍ស្ដីពីបច្ចុប្បន្នភាពចុងក្រោយនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោម​ចំណង​ជើង​ថា «រស់ជាមួយកូវីដ-១៩» (Living with COVID-19) ចេញផ្សាយនៅល្ងាចថ្ងៃ​ម្សិលមិញ​ បានឱ្យដឹងថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជា នៅឆ្នាំ២០២១នេះ ត្រូវបានព្យាករថា នឹងមានកំណើនត្រឹមតែ២,២ភាគរយប៉ុណ្ណោះ ហើយ​​មូលហេតុ​ដោយ​​​សារ​វិស័យ​សេវា​កម្ម រួម​មាន វិស័យទេសចរណ៍ វិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនយឺតនៅឡើយ។ ចំណែកឯវិស័យជាប្រពៃណីក្នុងការជំរុញកំណើន ជាពិសេសឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង និងឧស្សាហកម្មផលិតកង់ រួម​ទាំង​វិស័យ​កសិកម្ម​ផង នៅតែបន្តដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ដល់​ការស្ដារសេដ្ឋកិច្ច​ឱ្យងើបឡើង​វិញ​ពី​វិបត្តិ​កូវីដ-១៩។

តាមការព្យាករទុកសម្រាប់​ពេល​ខាង​មុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តងើបឡើងវិញ បន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩ត្រូវបានដកចេញ។ ធនាគារនេះបានព្យាករ​ថា នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងសម្រេចបានកំណើន ៤,៥% ប៉ុន្តែដំណើររើបឡើងវិញនេះនឹងជួបហានិភ័យទៅវិញ ប្រសិនបើមានការសាយភាពនៃវីរុសនេះជាថ្មីម្ដងទៀត។

បើតាមការផ្ដល់អនុសាសន៍របស់​ធនាគារពិភពលោក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកម្លាំង​ស្ទុះងើប​ឡើង​វិញ កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗ​មួយ​ចំនួន ដូចជា ការដាក់​ចេញនូ​វវិ​ធាន​និងបទប្បញ្ញត្តិច្បាស់លាស់ស្ដីពីការរៀនរស់ជាមួយកូវីដ-១៩ ស្របតាម “គន្លងប្រក្រតីភាពថ្មី” វិធានការផ្នែកបទប្បញ្ញត្តិនិងផ្នែកសារពើពន្ធដែលជួយដល់ការរស់រានឡើងវិញរបស់វិស័យទេសចរណ៍ និងការដាក់ចេញជាបន្ទាន់នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់វិនិយោគថ្មី។

របាយការណ៍នេះបានបន្ថែមទៀតថា កាលណាការងើបឡើងវិញនៃសេដ្ឋកិច្ចលេចចេញជារូបរាងហើយ កម្ពុជាអាចចាប់ផ្ដើមរៀបចំកែសម្រួល​លំហសារពើពន្ធរបស់ខ្លួន​ឡើងវិញ ហើយជាមួយគ្នានោះ បន្តតាមដានមើលលើគុណភាពរបស់ធនធាន និងបង្កើន​ភាព​ទុក​ចិត្តលើប្រព័ន្ធធនាគារឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ដូច្នេះថា៖ «យើងទាំងអស់គ្នាបានដឹងហើយថា ពេលនេះ កម្ពុជាកំពុងតែរស់នៅជាមួយជំងឺកូវីដ-១៩ ប្រជាជនចំនួនច្រើនលើសលុបបានចាក់វ៉ាក់​សាំង​ការ​ពារ​រួច ហើយរដ្ឋាភិបាលក៏បានចាប់ផ្ដើមបើកប្រទេសឱ្យដំណើរការឡើងវិញសឹង​តែគ្រប់ផ្នែកហើយដែរ ដោយបន្តអនុវត្តវិធានការការពារសុខភាពដែលមានជាធរមានស្រាប់»

លោកស្រីបន្តថា៖ «នៅធនាគារពិភពលោកពេលនេះ យើងកំពុងតែរៀបចំធ្វើការពិនិត្យឡើងវិញនូវការបំពេញកិច្ច និងបទពិសោធន៍ [Performance and Learning Review] ដែលនឹងអាចឱ្យយើងពង្រឹងនិងសម្របភាពជាដៃគូរបស់យើងជាមួយកម្ពុជាឱ្យបានកាន់តែប្រសើរ​ថែម​ទៀត ខណៈដែលប្រទេសនេះកំពុងខិតខំស្ដារសេដ្ឋកិច្ចឱ្យកាន់តែមានភាពស្វិតស្វាញ បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩»

របាយការណ៍នេះក៏មានជំពូកពិសេសមួយពិនិត្យទៅ​លើផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការរៀនសូត្រ និងការរកចំណូល។ ជំពូកពិសេសនេះបានឱ្យដឹងថា ការបិទសាលារៀនបាននាំមកនូវការខាតបង់ធំធេងនៅទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ