អតីតសមាជិកសហជីពម្នាក់ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» បានបដិសេធក្នុងសវនាការនៅថ្ងៃនេះថា ខ្លួនមិនបានគាំទ្រសកម្មភាពបង្កឱ្យមានហិង្សា និងផែនការវិលត្រលប់ចូលកម្ពុជារបស់លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកានោះទេ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបន្តបើកសវនាការសួរដេញដោលអតីតសកម្មជន និងមេដឹកនាំបក្សប្រឆាំងជាង៤០នាក់ ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»។ ក្នុងចំណោមអ្នកជាប់ចោទជាង៤០នាក់ ចៅក្រមជំនុំជម្រះបានធ្វើការសាកសួរតែលោក ឡេង សេងហុង និងលោក ជា ជីវ ប៉ុន្តែក្នុងសវនាការព្រឹកមិញនេះ លោក ជា ជីវ អវត្តមាន។
ក្នុងបន្ទប់សវនាការ ចៅក្រមជំនុំជម្រះ លោក រស់ ពិសិដ្ឋ និងលោក អ៊ឹម វណ្ណៈ បានសួរដេញដោលអតីតសមាជិកសហព័ន្ធសហជីពកម្ពុជា លោក ឡេង សេងហុង ពាក់ព័ន្ធនឹងការទៅប្រជុំនៅប្រទេសថៃ កាលពីខែតុលា ឆ្នាំ២០១៩ និងនៅប្រទេសម៉ាឡេស៊ី ជាមួយលោក ឃាង វិសេស មន្ត្រីអតីតបក្សសង្គ្រោះជាតិ រួមទាំងផែនការវិលត្រលប់របស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាដើម។
ចៅក្រមបានចោទសួរថា៖ «តើលោក [ឡេង សេងហុង] មានដឹងផែនការវិលត្រលប់របស់លោក សម រង្ស៊ី ទេ? តើលោកយល់យ៉ាងណាដែរ? តើលោកមានគាំទ្រឬកៀរគរឱ្យពលករនៅថៃចូលរួមផែនការវិលត្រលប់របស់លោក សម រង្ស៊ី ទេ? តើលោកទៅថៃធ្វើអីដែរ? ក្រៅពីប្រជុំសហជីព តើមានធ្វើសកម្មភាពអីទៀត? ។ល។»
អតីតសមាជិកសហព័ន្ធសហជីពកម្ពុជា លោក ឡេង សេងហុង បានប្រាប់ទៅចៅក្រមក្នុងបន្ទប់សវនាការថា រូបលោកធ្លាប់ទៅប្រទេសថៃពិតមែន ប៉ុន្តែមិនមែនទៅចូលរួមកិច្ចប្រជុំជាមួយអតីតគណបក្សប្រឆាំង ដើម្បីកៀរគរពលករឱ្យចូលរួមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឡើយ។ លោកថា ដោយកាលនោះ លោកទៅប្រជុំតាមការអញ្ជើញរបស់សហជីពអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងយុវជន និងស្ត្រីជាសហជីព»។
លោកគូសបញ្ជាក់ថា៖ «ខ្ញុំទៅថៃ ប្រជុំការងារសហជីព ដោយមានសហជីព លោក អាត់ ធន់ និងសហជីពមួយទៀតក៏ទៅដែរ។ ខ្ញុំមិនបានទៅប្រជុំនៅអូតែលជាមួយ [បក្សប្រឆាំង]។ ខ្ញុំអត់បានកៀរគរពលករទេ ខ្ញុំអត់ដែលស្គាល់ពួកគេទេ»។
បុរសវ័យ៣៤ឆ្នាំរូបនេះបន្តថា ចំណែកការទៅប្រទេសម៉ាឡេស៊ីជាមួយលោក ឃាង វិសេស ចូលរួមវគ្គបណ្ដុះបណ្ដាលនោះ ដោយសារលោក ឃាង វិសេស ដែលជាមិត្តភក្ដិ មិនបានប្រាប់ថាទៅរៀននៅម៉ាឡេស៊ីជាមួយនឹងអតីតមេដឹកនាំបក្សប្រឆាំងឡើយ ហើយពេលទៅដល់ ទើបលោកបានដឹងរឿងនេះ។
លោក ឡេង សេងហុង លើកឡើងថា ត្បិតតែបានទៅម៉ាឡេស៊ីក៏ពិតមែន ប៉ុន្តែរូបលោកមិនបានទៅចូលរួមកិច្ចប្រជុំ និងវគ្គបណ្ដុះបណ្ដាលនោះទេ ក្រោយពីឃើញមានវត្តមានរបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំផ្សេងទៀតនៅក្នុងលិខិតដែលលោក ឃាង វិសេស បានឱ្យលោកបន្ទាប់ពីទៅដល់នៅទីនោះ។
លោកថា៖ «ខ្ញុំបានឃើញវត្តមានលោក សម រង្ស៊ី គេដាក់លិខិតអ្នកចូលរួម ប៉ុន្តែខ្ញុំមិនបានចូលរួមទេ។ ខ្ញុំសម្ងំតែនៅបន្ទប់ទេ។ អ្នកចូលរួមមកពីប្រទេសផ្សេងៗ ប្រហែល៣០នាក់»។
ក្រៅពីចៅក្រម តំណាងអយ្យការ លោក សេង ហៀង ក៏បានសួរលោក ឡេង សេងហុង ប្រហាក់ប្រហែលគ្នាដែរ ក្នុងនោះ តំណាងអយ្យការរូបនេះក៏បានសួរបញ្ជាក់ពាក់ព័ន្ធនឹងការបង្កើតចលនានៅក្រៅប្រទេស ការគាំទ្រឬមិនគាំទ្រ សកម្មភាពលោក សម រង្ស៊ី រួមទាំងសារអំពាវនាវឱ្យពលរដ្ឋកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល អំឡុងពេលលោក សម រង្ស៊ី គ្រោងត្រលប់មកកម្ពុជាវិញ។
តំណាងអយ្យការ លោក សេង ហៀង៖ «តើលោកមានដឹងលោក សម រង្ស៊ី អំពាវនារឱ្យប្រជាពលរដ្ឋ ពលករចូលរួមក្នុងការវិលត្រលប់មកកម្ពុជាវិញទេ? តើផែនការវិលត្រលប់លោក សម រង្ស៊ី ដែលផ្សព្វផ្សាយ លោកមានបានអានទេ? តើលោកគាំទ្រឬយ៉ាងណាដែរ?»
អតីតសមាជិកសហជីព លោក ឡេង សេងហុង បានលើកឡើងថា ចំពោះការបង្កើតចលនានិងសារអំពាវនាវរបស់លោក សម រង្ស៊ី នោះ គឺរូបលោកបានដឹងតាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គម ប៉ុន្តែលោកមិនបានគាំទ្រសកម្មភាពនោះទេ ដោយថាជាសកម្មភាពផ្ទុយពីច្បាប់។
លោកថា៖ «ខ្ញុំបានដឹងតាមប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែខ្ញុំមិនបានអានទេ ព្រោះខ្ញុំជាប់ធ្វើសកម្មភាពការងារខ្ញុំ។ ខ្ញុំគិតថា ផែនការលោក សម រង្ស៊ី មិនត្រឹមត្រូវ ទើបខ្ញុំមិនចូលរួម។ កន្លែងខុសច្បាប់នោះ ព្រោះគាត់ឱ្យប្រជាពលរដ្ឋធ្វើចលនាអ៊ីចឹង អាចបង្កអសន្តិសុខសង្គម»។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ជាប់រវល់ប្រជុំនៅថ្ងៃនេះ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ការសួរដេញដោលរបស់តុលាការលើអតីតសកម្មជននិងអ្នកពាក់ព័ន្ធផ្សេងទៀត ជុំវិញការចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស រួមទាំងសារនិងផែនការវិលត្រលប់របស់លោក សម រង្ស៊ី នោះ មិនមែនមានអ្វីចម្លែកទេ។ លោកថា ដោយសារសំណុំរឿងនេះ ទាំងសហគមន៍ជាតិនិងអន្តរជាតិចាត់ទុកជារឿងនយោបាយ ហើយបញ្ហានេះគឺត្រូវដោះស្រាយតាមផ្លូវនយោបាយ។
លោកថា៖ «រឿងទាំងអស់នេះនៅតែមានបញ្ហាចម្រូងចម្រាសនៅឡើយ ដែលសហគមន៍អន្តរជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្ស គេចាត់ទុកជារឿងនយោបាយ ទោះបីរាជរដ្ឋាភិបាលនិងតុលាការចាត់ទុកជាការអនុវត្តច្បាប់កម្ពុជាក៏ដោយ។ គេមើលទំនាក់ទំនងរឿងទាំងអស់ហ្នឹង កើតចេញពីនយោបាយ។ អ៊ីចឹង ដើម្បីបញ្ចប់រឿងរ៉ាវទាំងអស់ហ្នឹង ជាបទពិសោធន៍កម្ពុជាកន្លងមក អ្នកនយោបាយទាំងអស់ត្រូវស្វែងរកផ្លូវចរចាផ្នែកនយោបាយណាមួយ ដើម្បីឱ្យមានការឯកភាពជាតិ សាមគ្គីភាព ហើយអនុវត្តតាមការប្រកួតប្រជែកគ្នាតាមបែបលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
ក្រោយពីសវនាការសួរដេញដោលរួចហើយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ ប្រកាសបិទសវនាការ ដោយនឹងបន្តសាកសួរអតីតសកម្មជនផ្សេងទៀតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕