តុលាការ​កោះហៅ​មនុស្ស​២នាក់​ចូល​បំភ្លឺ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ប្រមូល​ស្នាមមេដៃ​ពលរដ្ឋ​ដើម្បី​បង្កើត​បក្ស​ថ្មី

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅមនុស្ស​ពីរនាក់​​ឱ្យចូលបំភ្លឺ​នៅពាក់​កណ្ដាល​ខែ​ធ្នូ​នេះ ពាក់ព័ន្ធ​ការ​​ក្លែងបន្លំ​​ស្នាម​​មេដៃ​​ប្រជា​ពលរដ្ឋដើម្បីយកទៅដាក់នៅក្រសួងមហាផ្ទៃសុំ​បង្កើត​គណបក្សថ្មី​ឈ្មោះ «គណបក្សបេះដូងជាតិ»។

ការកោះហៅនេះធ្វើឡើងបន្ទាប់ពីមេធាវីការពារក្ដីឱ្យ​គណ​បក្ស​បេះដូងជាតិ លោក សំ សុគង់ ​បានដាក់​ពាក្យ​បណ្ដឹងទៅតុលាការ​កំពូល ​កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីសុំឱ្យតុលាការកំពូលទម្លាក់​ចោល​ការចោទ​ប្រកាន់​របស់ក្រសួងមហាផ្ទៃ ហើយបើកផ្លូវឱ្យកូនក្ដីបាន​ចុះ​បញ្ជី​គណបក្សបេះដូងជាតិ​​របស់ខ្លួន​ឡើង​​វិញ​ ដើម្បី​​​បាន​ចូល​រួមបោះ​ឆ្នោត​នៅ​ឆ្នាំ​២០២២​ និង២០២៣ខាងមុខ តាមលក្ខខណ្ឌច្បាប់។

ក្នុងដីកាកោះហៅ​ពីរ​ដាច់ដោយឡែកពីគ្នាដែលចេញកាលពីថ្ងៃទី៦ ខែធ្នូ ហើយ​ទើបផ្សព្វផ្សាយកាលពីថ្ងៃ​​ម្សិលមិញ​នោះ​ ​ព្រះរាជ​អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅឈ្មោះ ស៊ីម ឆាំ រស់​នៅស្រុកសូទ្រ​និគម ខេត្ត​សៀមរាប និងឈ្មោះ ជា អ៊ាន រស់នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលធ្លាប់ជា​អ្នកគាំទ្រអតីត​​​​បក្សសង្គ្រោះជាតិដែរនោះ ឱ្យ​ចូលទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ នៅព្រឹក​​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចូលទៅបំភ្លឺពីដំណើររឿងក្លែងបន្លំស្នាមមេដៃពលរដ្ឋយកទៅសុំក្រសួងមហាផ្ទៃ បង្កើតគណបក្សបេះដូងជាតិ​។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍យ៉ាងខ្លីថា តុលាការការធ្វើតាមច្បាប់ ករណីនេះ អ្នក​ដែលមានឈ្មោះក្នុងដីកាកោះ ត្រូវចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។

នៅពេល​សួរ​ថា តើនឹងមានអ្នកពាក់ព័ន្ធប៉ុន្មាននាក់​ដែលត្រូវតុលាការកោះហៅឱ្យចូលបំភ្លឺជុំវិញសំណុំរឿងក្លែងបន្លំស្នាមមេដៃពលរដ្ឋនោះ? លោក អ៊ី រិន្ទ សុំមិនធ្វើការបកស្រាយនោះទេ។

ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក មានប្រសាសន៍ថា សមាជិកគាំទ្រគណបក្សបេះដូងជាតិដែលប្រមូលស្នាមមេដៃប្រជាពលរដ្ឋដាក់ទៅក្រសួងមហាផ្ទៃ ក្នុងការបង្កើតគណបក្សថ្មីនេះ មិនមានចេតនាទុច្ចរិតបន្លំស្នាម​មេដៃ​ ដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ និងតុលាការនោះទេ។ លោកបន្តថា ពួកគេគ្រាន់តែចង់បង្កើតគណបក្សថ្មី ដើម្បីបានចូលរួមប្រកួតប្រជែងការបោះឆ្នោតមួយនាពេលខាងមុខ ស្របតាមគោលការណ៍ប្រជាធិបតេយ្យតែប៉ុណ្ណោះ។

លោក សៀម ភ្លុក ចាត់ទុកការកោះហៅរបស់តុលាការមកលើសមាជិកគាំទ្រ​គណបក្សដែលគ្រោងបង្កើតថ្មីនេះ ថាមាន​ចេតនានយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាជារឿងនយោបាយ កាលណារឿងនយោបាយត្រូវដោះស្រាយតាមនយោបាយ ពីព្រោះវាអាស្រ័យលើឆន្ទៈអ្នកមានអំណាច។ បើរឿងច្បាប់ ខាងខ្ញុំវាហាក់បីដូចជាមានការជឿជាក់ផ្នែកផ្លូវច្បាប់ ហើយខ្ញុំក៏ជឿជាក់ថា ខ្ញុំអត់មានកំហុសអីទេ ហើយតតាំងគ្នាផ្លូវច្បាប់។ ខ្ញុំគិតថា ខ្ញុំមានសង្ឃឹមច្រើនក្នុងការតតាំងនេះ»។

នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា បើសិនជាក្រសួងមហាផ្ទៃរកឃើញថា សមាជិក​គាំទ្រគណបក្សបេះដូងជាតិក្លែងបន្លំ​ស្នាមមេដៃប្រជាពលរដ្ឋ គួរតែធ្វើការអប់រំណែនាំឬឱ្យធ្វើការកែសម្រួល​រកស្នាមមេដៃបន្ថែម​ឱ្យគ្រប់តាមលក្ខន្តិកៈ ជាជាងប្ដឹងទៅតុលាការ។ លោកថា ការប្ដឹងទៅតុលាការបែបនេះធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិរិះគន់ថា កម្ពុជារឹតត្បិតសេរីភាពប្រជាពលរដ្ឋ​ក្នុងការចូលរួមបង្កើតគណបក្សនយោបាយ ផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញជាដើម។

លោកមានប្រសាសន៍ថា៖ «វាត្រូវតែមានការរិះគន់ហើយ ចៀសវាងមិនរួចទេ បើយើងមិនបើកចំហអ៊ីចឹងផង! អីចឹង​ហើយបានខ្ញុំសំណូមពរឱ្យស្ថាប័នរដ្ឋាភិបាល គឺធានាបរិយាកាសនយោបាយឱ្យវាបានទូលំទូលាយ កុំឱ្យរឹតត្បិត! ហើយបើសិនជាមានបញ្ហាអ្វីជាមួយគណបក្សនយោបាយ ក្រសួងមហាផ្ទៃជួបគ្នាដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ កុំចាំបាច់ទៅតុលាកាកោះហៅអ៊ីចឹង​ យើងដោះស្រាយគ្នាក្រៅប្រព័ន្ធច្បាប់សិនទៅ»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើកឡើងក្នុ​ងលិខិតមួយ​ដាក់ជូនលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពីពេលថ្មីៗនេះ​ថា តាមការធ្វើកោសលវិច័យ​ទៅលើស្នាមមេដៃចំនួន៤ ៧៨១​មេដៃ ​​ដែលគណបក្សបេះដូងជាតិ ផ្ញើទៅក្រសួង​ដើម្បីសុំចុះបញ្ជី​គណបក្សនោះ​ ក្នុងនោះ ក្រសួង​បានរកឃើញ​មានភាពមិនប្រក្រតីមួយ​ចំនួន​ដូច​ជា ស្នាម​មេដៃខ្លះខុស​ទៅ​នឹង​ស្នាម​​មេដៃ​ក្នុង​អត្ត​សញ្ញាណ​បណ្ណ និងស្នាមមេដៃមួយចំនួនទៀតខូចគុណភាព មិ​នអាចធ្វើកោសលវិច័យ​បានជាដើម។

ករណីនេះ គណបក្សបេះដូងជាតិ ធ្លាប់បានលើកឡើង​ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ​​ទី​​២២ ខែវិច្ឆិកា ​​​​ថាខ្លួនមាន​ការ​សោក​ស្ដាយ​ដែលក្រសួងមហាផ្ទៃបដិសេធការសុំចុះបញ្ជីគណបក្ស​របស់ខ្លួន ហើយថែមទាំងចោទប្រកាន់យ៉ាង​​អ​យុ​​ត្តិ​ធម៌។ គណបក្សនេះអះអាង​ថា ស្នាមមេដៃដែល​ខ្លួន​បាន​ដាក់​ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ មាន​ចំនួន​តែ៤ ៦១៨​នាក់ មិន​មែន​ចំនួន៤ ៧៨១​នា​ក់ ដូចការអះអាងរបស់ក្រសួង​នោះទេ។ មួ​យវិញទៀត គណបក្សនេះ​ថា​ ការរកឃើញភាពមិនប្រ​ក្រតីនៃស្នាមមេដៃ គួរតែក្រសួងណែ​នាំ​ពីកំហុស​ឆ្គង ដើម្បីកែសម្រួលទៅ​តាម​លក្ខន្តិកៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ