ក្រសួង​ព្យាករ​ថា ខេត្តមួយចំនួន​នឹង​ចុះ​ត្រជាក់​រយៈពេល​ខ្លី​នៅ​សប្ដាហ៍​ក្រោយ

ចរាចរណ៍តាមដងផ្លូវមួយកន្លែងនៅក្រុងភ្នំពេញ ខណៈមេឃកំពុងបង្អុរភ្លៀងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ (ហង់ សុខហុង)

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ដល់ប្រជាពលរដ្ឋបង្កើន​ការ​​យក​ចិត្ត​ទុក​​​ដាក់​ចំពោះ​​​​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ខណៈខេត្តមួយចំនួន​​នឹងចុះត្រជាក់​នៅ​អំឡុង​សប្ដាហ៍​ក្រោយ ដោយសារព្យុះទី​២២ នឹងអាចមានឥទ្ធិពល​នៅតំបន់​ខ្ពស់​រាបភាគឦសាន​ប្រទេស​កម្ពុជា។

សេចក្ដីជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២១នេះ បាន​លើកឡើងថា ក្នុងសប្ដាហ៍ខាងមុខ កម្ពុជានឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ ទ្រនុង​សម្ពាព​ខ្ពស់​ពីជើង(ចិន) និងខ្យល់​មូសុងឦសាន ហើយ​ព្យុះទី២២ ឈ្មោះ រ៉ាយ (RAI) ដែលមានដំណើរឆ្លងកាត់​ប្រទេសហ្វីលីពីន និងចិន រួចបន្តទៅប្រទេសវៀតណាម អាច​​នឹង​មាន​ឥទ្ធិពល​បន្តិចបន្តួច​មក​លើ​តំបន់​ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។

ក្រសួងបន្តថា ស្ថានភាព​អាកាសធាតុនេះនឹង​ធ្វើឱ្យ​បណ្ដាខេត្តនៅតំបន់​វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២៣ដល់២៥អង្សា និងសីតុណ្ហភាពអតិបរមាពី​៣៤​ទៅ​៣៦​អង្សា ដោយ​ឡែក​នៅ​ថ្ងៃទី​២០ និង​២១ ខែធ្នូនេះ អាកាស​ធាតុ​ចាប់ចុះត្រជាក់ចន្លោះពី១៧ទៅ ២៧អង្សា។ សម្រាប់បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន នឹងមានសីតុណ្ហភាព​អប្បបរមាពី២២ទៅ២៤អង្សា និង​សីតុណ្ហភាពអតិបរមាពី៣៣ដល់៣៦អង្សា ដោយ​ឡែក ​នៅ​ថ្ងៃទី២០ ​និង​២១ ខែធ្នូ អាកាសធាតុនឹងចុះត្រជាក់ចន្លោះ​ពី១៦ទៅ២៧អង្សា។

សម្រាប់តំបន់មាត់សមុទ្រ ក្រសួងថា សីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សារ និងសីតុណ្ហ​ភាព​​អតិបរមាពី៣៣ទៅ៣៥អង្សា ហើយសម្រាប់ថ្ងៃទី២០ និង២១ ខែធ្នូ សីតុណ្ហភាព​ចាប់​ចុះ​ត្រជាក់ក្នុងចន្លោះ១៩ទៅ២៩អង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ