មន្រ្តី​ច្រានចោល​សារ​លោក សម រង្ស៊ី ដែល​ចង់​ឃើញ​នាយករដ្ឋមន្ត្រី​ចេញ​ពី​ជីវិត​នយោបាយ​ក្នុង​វ័យ​៧០ឆ្នាំ

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

មន្រ្តីនាំពាក្យរដ្ឋាភិបាលបានបដិសេធចំពោះការលើកឡើង​​របស់​លោក សម រង្ស៊ី ដែល​ចង់​​ឃើញ​​​​នាយករដ្ឋមន្ត្រីចាកចេញ​ពីឆាកជីវិតនយោបាយ​​ក្នុង​​វ័យប្រមាណ៧០ឆ្នាំ

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឱ្យដឹងនៅថ្ងៃចន្ទនេះថា ក្នុងនាម​​រដ្ឋា​​ភិបាល មិនអាចកំណត់ថានាយករដ្ឋមន្ត្រី ​ត្រូវ​ចុះ​ចេញឬបន្ត​ត្រឹម​ឆ្នាំ​នេះឬ​ឆ្នាំនោះ​​បានទេ។ លោក​បន្តថា ជា​ការ​​​ពិត រដ្ឋាភិបាលគឺមានអាណត្តិរបស់ខ្លួន ហេតុនេះការអំពាវនាវណាមួយរបស់លោក សម រង្ស៊ី ដែលចង់ឱ្យលោកនាយករដ្ឋមន្រ្តីចាកចេញពីជីវិតនយោបាយនៅត្រឹមអាយុ៧០ឆ្នាំនេះ ពិតជាមិន​​អាច​​ទៅរួចឡើយ។

ក្នុង​​នាមជាយោបល់ផ្ទាល់ខ្លួន លោក ​ផៃ ស៊ីផាន យល់​​ឃើញ​​​ថា សារ​អំពាវ​​​នាវ​​​របស់អតីត​ប្រធានបក្សប្រឆាំង ​ដែល​​ចង់ឱ្យអ្នកនយោបាយ​​​ដែល​មាន​វ័យកាន់​​តែចាស់​​​ណាស់​​ទៅហើយ មានពេល​​សម្រាក គឺជា​​គំនិតផ្ដួច​ផ្ដើម​​ល្អមួយ។

លោកបន្តថា៖ ​«ខ្ញុំឱ្យតម្លៃដែល​ថា​​អាយុ​៧០[ឆ្នាំ]ហើយ​ លោក សម រង្ស៊ី ចង់បញ្ចប់នយោបាយរុកកួនខ្មែរ និង​ប្រមែប្រមូល​បរទេស​​​ឱ្យមក​​ធ្វើបាបខ្មែរ អាហ្នឹងគឺខ្ញុំសូមស្វាគមន៍។ នេះជាកាយវិកាមួយដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ​ ក៏ដូចជាជាតិ​ ដើម្បីឱ្យជាតិនិងប្រជាពលរដ្ឋមានអនាគត​ឆ្ពោះទៅមុខថែម​ទៀត តាមរយៈ​​ថ្នាក់​​ដឹក​នាំថ្មីជំនាន់ក្រោយ។ នេះខ្ញុំសូមស្វាគមន៍ដែលគាត់និយាយអ៊ីចឹង»។

បើទោះជាបែបណា លោក ផៃ ស៊ីផាន លើកឡើងថា ការ​​​អំពាវ​​នាវ​​របស់​លោក សម រង្ស៊ី នេះ វាពិតជា​ពិបាកកើតឡើងណាស់​ ហើយ​មិនគួរយកមកប្រៀបធៀបនោះទេ ព្រោះ​​ក្នុងស្ថានភាព​ចំពោះ​​មុខ​នេះ ​អតីត​មេបក្សប្រឆាំងរូបនេះ​ត្រូវហ៊ុមព័ទ្ធ​ទៅដោយប​ណ្ដឹង​តាម​ផ្លូវ​​តុលាការរាប់មិនអស់​​ ខណៈលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺជាប្រមុខ​រដ្ឋាភិបាល ហើយ​ស្ថិត​នៅក្នុងអំណាច​​​ថែម​​ទៀត​​ផង។

ទាក់ទងរឿងនេះ មន្រ្តីដែលស្និទ្ធនឹងលោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្ទ្រ បញ្ជាក់ថា ជា​​ឆន្ទៈ​​ពិតប្រាកដរបស់លោក សម រង្ស៊ី គឺលោកពិតជាគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​​​ចង់​​ឱ្យមានឈាមថ្មី ជាអ្នកបន្តវេននយោបាយ។ លោក​បន្តថា អតីតប្រធានគណ​​បក្ស​​ប្រ​​ឆាំង​​សន្យា​ថា លោកនឹងចាកចេញពីជីវិតនយោបាយដែរ ឱ្យតែ​លោក ហ៊ុន សែន ព្រមបញ្ចប់​​នយោ​​បាយ​​របស់លោកត្រឹមអាយុ៧០ឆ្នាំនេះ។

លោកបន្តថា​​៖ «គាត់ [លោក សម រង្ស៊ី] និយាយ​​ហើយ ច្បាស់ហើយ […] ថាគាត់ឱ្យក្មេងជំនាន់ក្រោយធ្វើវិញម្ដង។ ប៉ុន្តែគណបក្សសង្រ្គោះជាតិ គេក៏មានអ្នកដែលបន្តវេនក្រោមតាមហ្នឹងដែរ យើងមានដូចគ្នា ហើយយើងនឹងរៀបអ្នកបន្តវេនដូចគ្នា»។

គិតត្រឹមឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអាយុ៦៩ឆ្នាំ ខណៈ​​លោក សម រង្ស៊ី មានអាយុ៧២ឆ្នាំ។

ជារឿយៗ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែងប្រកាសជំហរថា លោកនឹងនៅតែជាបេក្ខភាពនាយករដ្ឋមន្រ្តីរ​ហូតដល់ពេលណាដែ​លលោកលែងចង់ធ្វើ។ ថ្វីត្បិត​លោក​បានប្រកាសបែបនេះក្ដី ប៉ុន្តែ​កាលពីដើមខែធ្នូនេះ លោក ហ៊ុន សែន បែរជាប្រកាសគាំទ្របេក្ខភាពកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយក​​រដ្ឋ​​មន្រ្តីក្នុង​ចំណោម​បេក្ខភាពផ្សេងទៀតនៅក្នុងបក្ស​សម្រាប់ថ្ងៃអនាគត។

អ្នកវិភាគនយោបាយនិងសង្គម លោក គឹម សុខ យល់ឃើញ​ថា ការ​សម្រេចចិត្តរបស់​​​អតីត​​​ប្រធាន​​មេ​​បក្សប្រឆាំង​នេះ ទំនងជាមិនអាចកើតឡើងបានទេ ព្រោះអ្នកសម្រេច​​ចិត្តដ៏ធំក្នុងរឿង​​នេះ គឺ​​លោ​ក ហ៊ុន សែន ឯណោះទៅវិញទេ។ លោកបន្តថា ការប្រើប្រាស់យុទ្ធសាស្រ្តដូច្នេះរបស់​លោក សម រង្ស៊ី ច្រើនតែហុចផ្លែផ្កាឱ្យលោកនាយករដ្ឋមន្រ្តីច្រើនជាង។

លោកបន្តថា៖ «ខ្ញុំមើលឃើញថា សេចក្ដីស្នើរបស់លោក សម រង្ស៊ី ទំនង​ជាមានមូលហេតុ​​២យ៉ាង​ ​ទី១ គាត់​ហាក់​ដូចជា​លោត​ខុស​ពី​យុទ្ធសាស្រ្តនយោបាយច្រើនពេក។ ហេតុដូច្នេះហើយ វាធ្វើឱ្យ​​លោក ហ៊ុន សែន មានប្រៀបនៅក្នុងនយោបាយ បានន័យថា ការលោតខុសយុទ្ធសាស្រ្ត​​ច្រើនដង​​របស់​គាត់ កាន់តែហុចឱកាសឱ្យលោក ហ៊ុន សែន មានប្រៀបខ្លាំង។ ចំណុចទី២ នៅក្នុងដំណាក់​​កាល​នេះ គាត់ដឹងអំពីការវិវត្តនយោបាយ។ ម៉្លោះហើយ ការកំណត់ពីអាយុចូល​​និវត្តន៍របស់​​អ្នកនយោ​​​បាយ ទំនងជាលោក សម រង្ស៊ី មើលឃើញថា គាត់បាត់បង់​​លទ្ធភាពឱកាសធំ​​ក្នុងការប្រ​ឡូក​​ក្នុង​​ឆាក​​​នយោបាយកម្ពុជាឡើងវិញ »។

បើទោះជាបែបណា សម្រាប់លោក គឹម សុខ លើកឡើងថា ចំពោះច្បាប់កម្ពុជា មិនមាន​​កំណត់​​អាយុ​​សម្រាប់អ្នកនយោបាយចូលនិវត្តន៍នៅឡើយទេ ប៉ុន្តែបើមាន​ការកំណត់អាយុចូលនិវត្តន៍នេះ អ្នកនយោ​​បាយគួរជំរុញឱ្យមានការកំណត់អាណត្តិសម្រាប់នាយករដ្ឋមន្រ្តីវិញល្អជាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ