កម្ពុជា​រកឃើញ​អ្នកឆ្លង​វីរុស​កូវីដ-១៩​បំប្លែងថ្មី អូមីក្រុង ជា​លើក​ដំបូង​លើ​ស្ត្រីខ្មែរម្នាក់

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

កម្ពុជាបាន​រកឃើញករណីវិជ្ជមាន​កូវីដ-១៩បំប្លែងថ្មីឈ្មោះ «អូមីក្រុង» ជាលើកដំបូង លើ​ស្ត្រី​ខ្មែរ​​ម្នាក់ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា (អាហ្វ្រិក​ខាង​លិច) មកកម្ពុជា។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយកាល​ពី​យប់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បាន​ឱ្យដឹងថា ករណីវិជ្ជមាន​កូវីដ-១៩ អូមីក្រុង នេះ ត្រូវបានរកឃើញ​លើ​ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ២៣​ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយ​រៀង។

ក្រសួងបន្តថា ស្ត្រីរូប​នេះមានផ្ទៃពោះ១៥សប្ដាហ៍ រួចបាន​ធ្វើ​ដំណើរ​តាម​ជើងហោះ​ហើរ​ចេញ​ពី​ប្រទេស​ហ្គាណា ឆ្លងកាត់​តាមឌូបៃ និងថៃ រួចបន្តដំណើរ​មកដល់​ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ហើយ​បច្ចុប្បន្ន អ្នកជំងឺរូបនេះកំពុងសម្រាក​ព្យាបាល​នៅមជ្ឈ​មណ្ឌល​ជាតិកំ​ចាត់​​រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។

ជុំវិញករណីនេះដែរ ក្រសួងសុខាភិបាលក៏បានអំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​បន្តអនុវត្ត​វិធានការ​ការ​ពារ​ខ្លួនឱ្យបានម៉ត់ចត់ ជាពិសេសវិធានការ «៣កុំ ៣ការពារ» និង​ចាក់វ៉ាក់សាំង​កូវីដ-១៩ ដើម្បីរួម​គ្នា​​ទប់​ស្កាត់​​ការ​​ចម្លង​​វីរុស​កូវីដ-១៩ នៅតាម​សហគមន៍។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​អង្គារម្សិល​មិញ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៣៨២​នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៦ ៧៣៤នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៩៩២នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៨៥៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ