ACUនាំខ្លួនស្នងការរងម្នាក់ និងមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ ទៅសាកសួររឿងឈូសឆាយដីព្រៃលិចទឹក

ដី​ព្រៃកោងកាង និង​ដី​ព្រៃលិចទឹក ក្រោយ​រង​ការ​ឈូស​ឆាយ​បំផ្លាញ​ពី​ជនខិលខូច​មួយចំនួន ស្ថិតនៅ​ភូមិ​ទឹក​ប៉ោង ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង។ (ផ្ដល់​ឱ្យ​)

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង អះអាងថា មន្ត្រីនគបាលជាន់ខ្ពស់២នាក់នៅខេត្តនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុក​រលួយ(ACU) ​ឃាត់​ខ្លួន​នៅព្រឹក​មិញ​នេះ ពាក់ព័ន្ធករណីរឈូស​ឆាយ​ដី​ព្រៃលិច​ទឹក​នៅតំបន់​បឹង​ទន្លេ​សាបក្នុង​ភូមិសាស្ត្រខេត្តកំពង់​ឆ្នាំង។

កាលពីថ្ងៃទី៣ ខែធ្នូនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ​ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងចាត់​វិធាន​ការ​ច្បាប់ ​ចំពោះ​អតី​ត​អភិបាល​ខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និង​ដក​ហូតដី​ជាង​២ ០០០ហិកតា ​ទុក​ជា​សម្បត្តិរដ្ឋវិញ ខណៈមនុស្ស១៣នាក់​ទៀត​​ ក្នុងនោះ មានមន្ត្រីនគរបាល​ផងបាន​ចេញសារភាព និងព្រមប្រគល់ដីជូនរដ្ឋវិញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀ ប៊ុនធឿន ប្រាប់​វីអូឌី​នៅ​រសៀលថ្ងៃព្រហស្បតិ៍នេះ​ថា អង្គភាព​ប្រឆាំងអំពើពុករលួយ បាននាំខ្លួន​ស្នង​ការរង​នគរបាល​ខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ និង​ប្រធានការិយាល័យ​អន្តរាគមន៍​នៃស្នងការនគរបាលខេត្ត លោក កែវ ណារុន នៅព្រឹកមិញ​នេះ ទៅ​សួរនាំពាក់ព័ន្ធការឈូសឆាយដីព្រៃលិចទឹក។

បើតាមកំណត់ហេតុកិច្ចប្រជុំក្រុម​ការងារអនុវត្តបទបញ្ជានាយករដ្ឋមន្ត្រីរបស់អាជ្ញាធរខេត្តកំពង់​ឆ្នាំង កាលពីថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០២១ បាន​បញ្ជាក់​ថា អ្នក​កាន់កាប់​អាស្រ័យ​ផល​ដីព្រៃលិចទឹក​ ១៣នាក់ ដែលបាន​​​សារភាព​និងប្រគល់ដី​ជូន​រដ្ឋ​វិញ​នោះ រួម​មាន ស្នង​ការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ មាន​ដី៦៧៥ហិកតា, ប្រធានការិយាល័យ​អន្តរាគមន៍ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក កែវ ណារុន មានដី​៣២ហិកតា, មេបញ្ជាការសឹករងស្រុកកំពង់លែង លោក យឹម សារ៉ាត់ មានដី​៦០ហិកតា និងពលរដ្ឋផ្សេងទៀត ដែលមានផ្ទៃដីសរុប២ ០៥៨,៥ហិកតា។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បាន​ទេ នៅថ្ងៃព្រសហ្បតិ៍នេះ។

មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា បានសាទរចំពោះ​អង្គ​ភាព​​ប្រឆាំង​អំពើពុករលួយ ដែលបាន​នាំ​ខ្លួន​មន្ត្រី​នគរបាល​ជាន់ខ្ពស់២​នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង ទៅសួរនាំពាក់ព័ន្ធការរំលោភដីព្រៃលិចទឹកដោយខុសច្បាប់នេះ។ ជាមួយគ្នា​នេះ​ដែរ លោក​​​ក៏ជំរុញឱ្យអង្គភាពមួយនេះ នាំខ្លួនមន្ត្រី ឬអ្នកពាក់ព័ន្ធផ្សេងទៀត និងចាត់វិធានការច្បាប់ឱ្យបានតឹងរឹង ប្រសិនបើរកឃើញថា​មានកំហុស។

លោកបន្ថែមថា៖ «ខ្ញុំសុំលើកទឹកចិត្តឱ្យACUពន្លឿននីតិវិធី ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសចំពោះមុខច្បាប់ ពីព្រោះខ្ញុំជឿថា មានជនខិលខូចដែលជាប់ពាក់ព័ន្ធច្រើនក្នុងរឿងនេះ ហើយ ACU ត្រូវតែត្រួតពិនិត្យទៅលើមន្ត្រី​ជំនាញ ឬមន្ទីរដែលមានដែនសមត្ថកិច្ច​នៅក្នុងការគ្រប់គ្រងថែរក្សាព្រៃលិចទឹកហ្នឹង ពីព្រោះប្រសិនបើគ្មានការបើកដៃឬក៏គប់​គិត​គ្នារបស់​ក្រុមមន្ត្រីពាក់ព័ន្ធទេ ក៏មិនអាចប្រព្រឹត្តអំពើរំលោភបំពាន ឬឈូសឆាយដីព្រៃលិចទឹកនេះបានដែរ»។

មាត្រា៩៨ នៃច្បាប់ស្ដីពីជលផល បានចែងថា ការកាប់ឆ្ការ គាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំទៅ៥ឆ្នាំ ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ​ឬបំផ្លាញចោល។ ចំណែកមាត្រា១០២ នៃច្បាប់ដដែលនេះបានបញ្ជាក់ថា បើ​បទល្មើសនោះប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ