លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាត់ឆ្វៀលដីតំបន់៣ នៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋឱ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ក្នុងពិធីសំណេះសំណាល និងផ្ដល់ស្រូវពូជជូនដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្លះបានរស់នៅក្នុងតំបន់ទន្លេសាប មិនមែនត្រឹមតែមួយជំនាន់នោះទេ គឺរស់នៅច្រើនជំនាន់មកហើយ ដែលករណីនេះ លោកបញ្ជាទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា រៀបចំកាត់ឆ្វៀលដីតំបន់៣ នៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋ ឱ្យបានមុនចូលឆ្នាំខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៣។
លោកថា៖ «ទោះបីនៅក្នុងតំបន់២ តំបន់៣ យើងអាចសម្រួលឱ្យពលរដ្ឋរបស់យើងរស់នៅកន្លែងនោះ ហើយបន្ថែមទៅដោយការគិតគូរតំបន់៣ខ្លះ កាត់ចេញមកតំបន់២ តំបន់២ខ្លះកាត់ចេញមកតំបន់១។ ខ្ញុំបានធ្វើការណែនាំ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ធ្វើកិច្ចការងារនេះជាមួយបណ្តាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើម៉េច ធ្វើឱ្យហើយសម្រាប់ខ្ញុំ មុនចូលឆ្នាំខ្មែរ។ អ៊ីចឹងនៅសល់ប៉ុន្មានខែទៀត ធ្វើឱ្យបានគ្រប់ […] ហើយនេះជាសារមួយសម្រាប់ផ្ញើជូនទៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំងខ្លួនឯងតែម្តង ដែលនេះគឺជាការដោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋយើងមានស្ថិរភាពនៅក្នុងការកសាងជីវភាពរស់នៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បង្ហាញនូវការសោកស្ដាយ ដែលលោកបានចុះហត្ថលេខាលើអនុក្រឹត្យនៅឆ្នាំ២០១២ ដោយមិនបានយកចិត្តទុកដាក់លើការកែសម្រួលតំបន់៣ តំបន់២ និងតំបន់១ នៅបឹងទន្លេសាប។ ប៉ុន្តែពេលនេះ លោកថា រដ្ឋាភិបាលបានរកឃើញវិធីសាស្ត្រ ដើម្បីអាចឱ្យប្រជាពលរដ្ឋរស់នៅបានផង និងអាចថែទាំបឹងទន្លេសាបបានផង។
មួយវិញទៀត លោកថា កន្លងមក រដ្ឋាភិបាលក៏បានសម្រេចដកហូតយកដីបឹងទន្លេសាបមួយចំនួនមកវិញ ក្រោយមានការទន្ទ្រានពីសំណាក់អ្នកមានអំណាច ឬអ្នកខិលខូចមួយចំនួន ខណៈដីនោះមិនមែនជាភូមិចាស់នោះទេ។ លោកក៏បានអំពាវនាវទៅពលរដ្ឋ ត្រូវដាំកូនឈើឡើងវិញ និងកុំឱ្យកាប់ព្រៃលិចទឹកបន្តទៀត ពីព្រោះព្រៃលិចទឹកនៅតំបន់ទន្លេសាប ជាជម្រកត្រីពងកូន និងជាប្រយោជន៍របស់ប្រជាជន។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ នៅថ្ងៃពុធនេះ។
ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោក ទិត្យ គា បង្ហាញការសាទរការដែលប្រមុខរដ្ឋាភិបាលបញ្ជាឱ្យពន្លឿនការកាត់ឆ្វៀលដីតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋ ដែលកត្តានេះនឹងធ្វើឱ្យរូបលោក ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតកាន់តែមានភាពងាយស្រួលក្នុងការអាស្រ័យផល ដាំដុះដំណាំផ្សេងៗ និងមានសុវត្ថិភាពក្នុងការរស់នៅ។
លោកនិយាយថា៖ «សូមឱ្យគាត់ឆ្វៀលដីនៅតំបន់នោះបានទាំងអស់គ្នា ដើម្បីឱ្យបានទាំងអស់គ្នា ព្រោះដីនោះ ពួកគាត់បានអាស្រ័យផលទាំងអស់គ្នា បើបានកាន់តែឆាប់ កាន់តែល្អ ឆាប់បានធ្វើ ព្រោះខាងខ្ញុំ បើទឹកចុះលឿន មុនខែ១ និងខែ២ និងចុះព្រោះស្រូវហើយ»។
បើតាមពលរដ្ឋរូបនេះ អ្នកភូមិជាង៤០០គ្រួសារ នៅក្នុងភូមិត្រពាំងចាន់ បានខកខានធ្វើស្រែនៅតំបន់នេះចាប់តាំងពីមានការហាមឃាត់ពីរដ្ឋាភិបាលអំឡុងចុងឆ្នាំ២០២១មក។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ការកាត់ឆ្វៀលដីនៅតំបន់៣ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារមិនមានដីធ្វើស្រែចម្ការ។ ប៉ុន្តែលោកជំរុញទៅរដ្ឋាភិបាលធ្វើការកាត់ឆ្វៀលដីតំបន់៣នេះជូនពលរដ្ឋឱ្យមានតម្លាភាព និងកុំប្រកាន់និន្នាការនយោបាយ ដើម្បីកុំឱ្យរងការរិះគន់ជុំវិញបញ្ហានេះ។
លោកមានប្រសាសន៍ថា៖ «សូមឱ្យអាជ្ញាធរមូលដ្ឋានគាត់ឆ្វៀលនិងកាត់ដីជូនប្រជាពលរដ្ឋដោយតម្លាភាពនិងយុត្តិធម៌ បានន័យថា បើដីរបស់ពលរដ្ឋដែលធ្លាប់កាន់កាប់ ប្រើប្រាស់ អាស្រ័យផលកន្លងមកប្រាកដថាបានទៅលើគាត់»។
លោកបន្ថែមថា៖ «បើសិនជាការបែងចែកប្រកាន់និន្នាការ ធ្វើឱ្យមានបញ្ហាកើតឡើងទៅវិញទេ វាអាចអយុត្តិធម៌ ឬក៏រងនូវការរិះគន់ផ្សេងៗវិញ»។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការថ្លែងសារនៅលើបណ្ដាញសង្គម បានចេញបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធសិក្សាពីការកែសម្រួលផ្ទៃដីបឹងទន្លេសាប និងកាត់ដីជូនពលរដ្ឋដែលអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ តាមរូបមន្តស្បែកខ្លា និងប្រកាសប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាចដែលទន្ទ្រានយកដីបឹងទន្លេសាប។
ការប្រកាសនេះ ក្រោយពីលោកបានចេញបញ្ជាកាលពីចុងឆ្នាំ២០២១ ឱ្យកងកម្លាំង និងក្រសួងពាក់ព័ន្ធចុះទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករាប់ម៉ឺនហិកតា នៅតំបន់បឹងទន្លេសាប និងរឹបអូសដីទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ។
ក្រោយវិធានការចុះបង្ក្រាប មន្ត្រីមួយចំនួនត្រូវបានចាត់វិធានការច្បាប់ តែមន្ត្រីខ្លះបានគេចផុតពីសំណាញ់ច្បាប់ តាមរយៈការប្រគល់ដីខ្លះឱ្យទៅរដ្ឋាភិបាលគ្រប់គ្រងវិញ៕