បទយកការណ៍៖ ប្រជានេសាទថាទន្និផលត្រីប្រហុកសម្បូរ ខណៈតម្លៃក៏ចុះថោកដែរ

ប្រជាពលរដ្ឋខ្មែរនិងអ៊ីស្លាមប្រមូលទិន្នផលនេសាទត្រី សម្រាប់យកទៅធ្វើផ្អកប្រហុកទុកប្រើប្រាស់ក្នុងគ្រួសារនិងសម្រាប់លក់ដូរ ស្ថិតនៅគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

តាមបណ្ដោយច្រាំងទន្លេសាប​ នៅម្ដុំគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង៩ព្រឹក​ សំឡេង​អ៊ូអរបានបន្ទឺឡើង ស្របពេលក្លិនឆ្អាបត្រី ក៏ចាប់ផ្តើម​សាយ​​ភា​យក្លិន​​​ឡើងដែរ។ ​​មនុស្ស​​ចាស់​ក្មេង ​ស្រី​​ប្រុស​ កំពុង​មមា​ញឹក​ប្រមូល​ផល​ត្រីដែល​បានមកពីអ្នកនេសាទក្នុងរដូវត្រី​​នាឆ្នាំ​នេះ ដោយ​ទឹកមុខ​ញញឹម​ញញែម ខណៈ​ផល​ត្រីនៅឆ្នាំ​នេះ ត្រូវ​បានប្រជានេសាទ​បញ្ជាក់​ថា សម្បូរជាងឆ្នាំមុន ហើយតម្លៃក៏ចុះ​ថោក​ជាងឆ្នាំមុនដែរ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅរដូវនេសាទឆ្នាំ២០២១-២០២២ គន្លង​ដាយ​នៅ​តាម​ដងទន្លេ​សាប​ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើនចាប់​ពី​ខែមិគសិរនេះ​ ពោលគឺ​ចាប់ពី​ថ្ងៃទី១២ ខែ​ធ្នូ រហូត​ដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិន​បើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

ប្រជា​​នសាទ និង​អ្នកឈ្មួញកណ្ដាល ទទួលទិញត្រីពីអ្នកនេសាទគ្នាឯងផងនោះ លោក គង់ បុង​​ បាន​និយាយទាំង​សំឡេងខ្សាវៗ​ថា រដូវត្រី​​នាឆ្នាំនេះ អាច​មានរយៈពេល​ដល់​១០​ថ្ងៃ​ បើ​ទោះបីជាខា​ងរ​ដ្ឋបាលជលផល ប្រាប់ថា ត្រីត្រូវ​មាន​រយៈ​ពេល​តែ​៥ថ្ងៃ​ក្តី។

លោកបន្តថា ទិន្នផលត្រី​អាច​កើន​ឡើង​នា​ឆ្នាំ​នេះ ប៉ុន្តែ​តម្លៃ​ចុះថោកជាង​ឆ្នាំមុនបន្តិច។

លោកថា កាលពីឆ្នាំមុន តម្លៃត្រី​ដែលកាត់ក្បាល និងធ្វើ​រួចសម្រាប់យកទៅធ្វើប្រហុក​តែម្តង ​មាន​តម្លៃចន្លោះពី ៥ ០០០ទៅ ៧ ០០០​រៀល ក្នុងមួយគីឡូ តែឆ្នាំនេះត្រីដែល​កាត់​ក្បាល​និង​ធ្វើរួច​ មាន​តម្លៃពី​ជាង ២ ០០០រៀល​ ទៅ ៤ ០០០រៀលប៉ុណ្ណោះក្នុង​មួយគីឡូ។

លោកលើកឡើងថា៖ « ឆ្នាំទៅ​ត្រីកាត់ហើយ ៤ ០០០ ទៅ ៥ ០០០​​​​រៀល ឆ្នាំទៅត្រីធ្វើហើយ ៦ ០០០រៀល​​ ឆ្នាំនេះ៣ ០០០រៀល​ ​ជាងអី​​ទេ ៤ ០០០អី។​ វាខុសគ្នាឆ្ងាយហ្មងហាស»។

ឈរក្បែរទូកឈើដែលមានផ្ទុកត្រីស្រស់​ក្នុង​កញ្ឆេផង​នោះ ​ឈ្មួញកណ្ដាលម្នាក់ លោក យេប សុបព្រី រស់នៅខណ្ឌឬស្សីកែវ និយាយ​ថា តម្លៃត្រីឆ្នាំនេះ​ធ្លាក់​ចុះ ចំណែក​ឯ​ផលត្រី​ដែល​នេសាទបានភាគច្រើនតូចៗ។ លោកបន្ថែមទៀតថា ត្រីដែលលោកយកទៅលក់​បន្ត​សម្រាប់ធ្វើត្រីប្រហុកមិនទាន់ធ្វើហើយ មាន​តម្លៃ​តែ​ ២ ៨០០រៀល​ក្នុងមួយគីឡូប៉ុណ្ណោះ។

លោកលើកឡើងថា«ត្រីឆ្នាំនេះរកបានជាងឆ្នាំទៅ គ្រាន់តែវាអត់សូវធំ ត្រីច្រើនតែវាតូចៗ។ ឆ្នាំនេះតម្លៃទាបជាងឆ្នាំទៅ ត្រីខ្ញុំដឹកលក់នេះ ២ ៨០០រៀល​ តែបើឆ្នាំទៅត្រីវាតិច»។

រីឯឈ្មួញកណ្តាលម្នាក់ទៀត អ្នកស្រី ឡាស់ ណាត់ ​លើកឡើងថា ចំពោះទិដ្ឋផលត្រីនៅឆ្នាំនេះ​ មានការកើនឡើងជាងឆ្នាំមុនបន្តិច ​ដោយសារអ្នកនេសាទ នេសាទ​ត្រីបា​ន​ច្រើនគួរសម​ ហើយការប្រមូលទិញ​ត្រីពីអ្នកនេសាទ​ ក៏បានច្រើនជាងឆ្នាំមុនដែរ ប៉ុន្តែនៅខ្វះអ្នកទិញ​បន្ត ដែល​នាំឱ្យតម្លៃត្រីចុះថោក។ ​

អ្នក​ស្រីលើកឡើងថា«​ឆ្នាំនេះរៀងគ្រាន់ រៀងសម្បូរតិច ឆ្នាំទៅដូចតែឆ្នាំនេះអ៊ីចឹង ដូចតែគ្នាទេ[…] អ្នកទិញមិនសូវចុះមក អ្នកស្រែគេមិនសូវចុះមកទិញអ៊ីចឹង​! ឆ្នាំទៅ ៦ ០០០រៀលទៅ៧ ០០០រៀល»។

ពលរដ្ឋមកពីខេត្ត​​កំពង់ចាម លោកស្រី ខាត់ ភក្ដី ដែលកំពុងទិញត្រីនៅ​ម្តុំគីឡូម៉ែត្រលេខ​៩ យកទៅធ្វើប្រហុកទុកសម្រាប់​ហូបជាលក្ខណៈគ្រួសារ​ ឱ្យដឹងដែរ​ថា​ ត្រីឆ្នាំនេះ​មានច្រើន ហើយ​​តម្លៃ​​អាចខុសពី​ឆ្នាំមុនតិចតួចប៉ុណ្ណោះ។

ទោះបីជាត្រីឆ្នាំនេះសម្បូរ និងមានតម្លៃសមរម្យក្តី ប៉ុន្តែពលរដ្ឋរូបនេះអះអាង​ថា អ្នកស្រីមិន​បានទិញ​សម្រាប់ធ្វើប្រហុក ផ្អក ច្រើនដូចឆ្នាំមុនៗនោះទេ។

អ្នកស្រី​លើកឡើង​ថា៖ «មាន​អីឆ្នាំនេះគួរសម តម្លៃក៏មិនសូវខុសគ្នាពី​ឆ្នាំមុនប៉ុន្មានដែរ វាប្រហែលៗគ្នាហ្នឹង ខុសគ្នាតិចតួចអីហ្នឹង។ ឆ្នាំនេះមិនសូវទិញទេ ដោយសារបាន​ធ្វើទុកខ្លះតាំងត្រីមិន​ទាន់ត្រូវម្ល៉េះ អ៊ីចឹងយើងចេះតែ​សន្សំទៅលុយមិនសូវមាន​ច្រើន ទិញបានតិចតួចហ្នឹង រាល់ឆ្នាំយ៉ាងតិចក៏​ ៥០ទៅ៦០គីឡូដែរ ឆ្នាំនេះ ​បានតា៣០គីឡូទេ​ លុយមិនដល់ ស្ដាយដែរហ្នឹង»។

នាយក​ខណ្ឌរដ្ឋបាល​ជល​ផល​រាជ​ធានី​ភ្នំ​ពេញ លោក ងិន ឌី ​បាន​ឱ្យដឹង​ថា ​ រយៈពេលបីថ្ងៃ​នៃ​រដូវត្រីត្រូវឆ្នាំនេះ សម្រាប់​ទីតាំង​​នៅ​​ខេត្ត​កណ្ដាល ដែលជាផ្នែកខាងក្រោមទទួល​បាន​ផល​ត្រី​ខ្សោយជាងផ្នែក​​​ខាង​លើ​ បើ​ប្រៀបធៀបតាម​​ជួរដងទន្លេនៃរាជធានី​ភ្នំពេញ​ ដែល​​មាន​ការកើន​ឡើងបន្តិចនោះ​។​​

លោក​លើកឡើងថា៖ «យើង​មិនទាន់​បាន​បូក​សរុបអី​ទេ ព្រោះរយៈបី​ថ្ងៃនេះណា! បើយើងគិតមួយម៉ោង​ វាអាច​បាន​ ៤០០គីឡូ មួយ​ម៉ោង៤០០គីឡូ ក្នុង​ចំណោម​១គន្លងដាយ តែ​បរិមាណ​ហ្នឹង​វា​អាច​ប្រែ​ប្រួល​ ប្រែប្រួល​ទៅ​តាម​គន្លងដាយ​មួយៗ»។

លោកបន្តថា៖ «វាទាក់​ទង​ចរន្ត​ទឹក​ផង ខ្សែ​ទឹកផង ហើយ​បើជួរលេខ​បួន​ដូចជាឃើញ​ថា ត្រូវ​ជាង​ វាអាច​៥០០ទៅ៦០០ក្នុង​មួយលើកចឹងទៅណា។ អ៊ីចឹង​បរិមាណវាអាច​ខុសគ្នាទៅតាម​ចំណុច​មួយៗដោយសារខ្សែទឹក»។

លោក ងិន ឌី ឱ្យដឹងបន្ថែមថា តាមការប៉ាន់ស្មាន់​ត្រីប្រហុក​ អាច​ត្រូវ​​រហូតដល់ថ្ងៃទី១៩ខែធ្នូ។  ​

​ប្រធាន​សមាគម​វារី​វប្ប​ករកម្ពុជា​ លោក សុខ រ៉ាដែន មានប្រសាសន៍ថា ​ឆ្នាំនេះ​ទិន្ន​ផលត្រី​​មាន​ការកើនឡើងជាងឆ្នាំមុន​​ ដែល​បាន​មក​ពីការ​រួម​ចំណែក​ទប់​ស្កាត់​ការនេសាទ​ខុស​​ច្បាប់​​របស់​អាជ្ញាធរ​។ លោកបន្ថែមថា ការកើនឡើងទិន្នផលត្រីប្រហុកនេះ ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​​អាច​ធ្វើ​ប្រហុក​ ផ្អក ​បានច្រើនដើម្បីបម្រុងទុក ក្នុងតម្លៃធូរថ្លៃ។

លោកលើកឡើងថា​៖​ «ខ្ញុំក៏ត្រេកអរ​ចំពោះ​សមិទ្ធផល​ដែល​យើង​​ត្រូ​​វ​ត្រីប្រហុក​​ហ្នឹង​ ប្រជាពលរដ្ឋ​យើង​មានមធ្យោបាយ​ ​ដើម្បី​ធ្វើ​ត្រី​ប្រហុក​ដើម្បី​បម្រុងទុក​ ហើយក៏ធូរថ្ងៃ ហើយក៏ល្អទៅដល់គាត់​»។

កាលពីឆ្នាំមុន រដូវត្រីត្រូវ ឬ​ការនេសាទត្រី​បាន​ច្រើន គឺ​មាន​រយៈ​ពេល​១សប្តាហ៍ ដោយគិត​ចាប់​ពីថ្ងៃទី១៤ ដល់​ទី២០ ខែធ្នូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ