អាជ្ញាធរធ្វើពិធីរំឭកគុណអង្គរ ដើម្បីបណ្ដុះស្មារតីមោទកភាពជាតិ

ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ ស្របពេលដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ រយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara National Authority)

អាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្តិការណ៍រំឭក​គុណអង្គរជារៀងរាល់ឆ្នាំ ដើម្បីបណ្ដុះស្មារតីមោទកភាពជាតិដល់យុវជន និងជំរុញឱ្យមានការចូលរួមថែរក្សាប្រាសាទអង្គរវត្ត ​ដោយដឹង​គុណចំពោះបុព្វបុរ​សដែលបានកសាងប្រាង្គប្រាសាទជាច្រើន។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ គឺជាឆ្នាំដំបូងដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរនេះឡើង ដោយមានរយៈពេល៥ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ។

លោកថា គោលបំណងនៃព្រឹត្តិការណ៍នេះ ដើម្បីដឹងគុណចំពោះអតីតព្រះមហាក្សត្រគ្រប់អង្គ ដែល​បានកសាង​ប្រាង្គបា្រសាទ​បន្សល់ទុកដល់​មនុ​ស្សជំនាន់ក្រោយ ជាពិសេសប្រា​សាទ​អង្គរ​វត្ត និងដឹងគុណដល់អ្នកដែលបានចូលរួមថែរក្សាអភិរក្ស​ជួសជុលដល់ប្រាង្គបា្រសាទនេះ។

មួយវិញទៀត លោកថា គឺចង់បំផុសឱ្យពលរដ្ឋ ជាពិសេសយុវជនមា​នមោទកភាពជាតិ និងជំរុញឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សាកេរមរតកដែលដូនតាបានបន្សល់​ទុក​មក។

ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ ស្របពេលដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ រយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ ស្របពេលដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ រយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara National Authority)

លោក ឡុង កុសល បញ្ជាក់ថា​៖ «យើងធ្វើហ្នឹងដើម្បីបំផុសមោទកភាពជាតិ ក្នុងនាមយើងជាកូនខ្មែរដែលទទួលបាន​នូវកេរមរតកវប្បធម៌ដ៏អស្ចារ្យពីបុព្វការីជន។ យើងទាំងអស់គ្នា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ត្រូវចូលរួម​បណ្ដុះសា្មរតីយុវជនឱ្យចេះស្រឡាញ់ ចូលរួមថែរក្សា ការពារ បេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដ៏ផូរផង់របស់យើងហ្នឹង»។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះបាន​ឱ្យដឹងទៀត​ថា ក្នុងថ្ងៃនីមួយៗនៃព្រឹត្តិការណ៍នេះ ក៏មាន​រៀបចំ​ពិធី​បួង​សួង រាប់បាត្រ ការធ្វើសមាធិ សម្ដែងសិល្បៈ និងបានបង្ហាញសមិទ្ធផលការ​ងារដែល​អាជ្ញាធរជាតិ​អប្សរា​បានធ្វើនាពេលកន្លងមក ដោយថា ក្នុងរយៈពេល៥ថ្ងៃ មានពលរដ្ឋចូលប្រមាណជាង៤ម៉ឺននាក់ ។

លោកបន្តថា៖ «ឆ្នាំហ្នឹងជាឆ្នាំសាកល្បង ប៉ុន្តែសម្រាប់ឆ្នាំក្រោយទៅ យើងនឹងត្រៀមរៀបចំជាព្រឹត្តិការណ៍ប្រចាំឆ្នាំ អាចនឹងមានជារៀងរាល់ឆ្នាំបន្តទៅ»។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍រំឭកគុណអង្គរ នៅខេត្តសៀមរាប រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក​ស្រី ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏នឹងជំរុញឱ្យមានភ្ញៀវជាតិនិងអន្តរជាតិចូលរួមទស្សនាអង្គរ យ៉ាងហោចណាស់បាន១ដងក្នុងម្នាក់ជារៀងរាល់ឆ្នាំ។ លោកស្រីប​ន្តថា ពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចក្នុងការចូលរួមអភិរក្សនិងការពារប្រាសាទអង្គរវត្ត។

លោកស្រីថ្លែងថា៖ «អត្ថន័យសំខាន់ផ្សេងទៀតនៃព្រឹត្តិការណ៍នេះ ក្រៅពីក្នុងគោលដៅលើកស្ទួយពាក្យស្លោកកម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដើម្បីបង្ហាញនូវមោទកភាពជាតិដែលជាប្រទេសមហាវប្បធម៌ និងមាន​ប្រវត្តិសាស្រ្តយូរលង់ណាស់មកហើយ»។

លោកស្រី សាក់ កន្និការ មន្រ្តីតស៊ូមតិផ្នែកសិល្បៈ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ( YRDP) បានលើកឡើងថា យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការបន្តវេនថែរក្សាមរតកដូន​តា​បាន​បន្សល់​ទុក​មក។ លោកស្រីបង្ហាញ​ការ​សាទរ​ចំពោះអាជ្ញាធរ​ជាតិ​អប្សរាដែល​បានរៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដោយថា ជាផ្នែកមួយដើម្បីលើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនមានស្មារតីជាតិនិយម និងបង្កើននូវមោទកភាព​ជាតិ​ ដែលមាន​ប្រាសាទ​អង្គរ​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក។

ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ ស្របពេលដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ រយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ ស្របពេលដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ រយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara National Authority)

លោកស្រី សាក់ កន្និការ បន្តថា៖ «វាជាប្រយោជន៍របស់​មហាជនទូទៅ​ ​ជាពិសសគឺកូនខ្មែរ អាចឱ្យកូនខ្មែរមើលឃើញពីតម្លៃនិង​សារៈ​សំខាន់ [ប្រាសាទអង្គរវត្ត] ទាំងអស់ហ្នឹង។ ហើយក៏ដូចជាការចូលរួមចំណែកក្នុងការកសាង ការ​ពារ​នូវ​បា្រង្គប្រាសាទ​អង្គរវត្ត ដែលមានតម្លៃសម្រាប់ខ្លួន»។

របាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា រយៈពេល១១​ខែ ក្នុងឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនារមណីយ​ដ្ឋាន​អង្គរ មាន​ចំនួន៩ ៤៨៨នាក់ មាន​ការធ្លាក់ចុះចំនួន​៩៧,៦៣​ភាគ​រយ បើប្រៀប​ធៀប​ក្នុង​ឆ្នាំ២០២០ ហើយទទួលបានចំណូល​សរុបត្រឹមតែជិត៤០ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ (៣៨៥ ៦៩៦ដុល្លារ) ដោយក្នុងឆ្នាំ២០២០កន្លងទៅ កម្ពុជារកចំណូលបានពីរមណីយដ្ឋានអង្គរ ចំនួនជិត២០លានដុល្លារ (១៨ ៦៥៤ ៨២៨ដុល្លារ)។

បើតាមគេហទំព័ររបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ភ្ញៀវទេសចរ​បរទេសម្នាក់​ត្រូវ​ចំណាយថវិកា ៣៧ដុល្លារ អាចចូលទស្សនារមណីយដ្ឋានអង្គរបានរយៈពេល១ថ្ងៃ និង​ត្រូវ​ចំណាយ ៦២​ដុល្លារ រយៈពេល៣ថ្ងៃ ហើយក្នុងការចូល​ទស្សនារយៈពេល៧ថ្ងៃ ត្រូវចំណាយ ៧២​ដុល្លារ។

កាលពីថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) នាទីក្រុង​សាន់ហ្វេ សហរដ្ឋអាមេរិក ហើយគិត​ត្រឹម​ខែធ្នូ​ ឆ្នាំ២០២១នេះ​ គឺជាខួបលើកទី២៩ឆ្នាំហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ