ចាងហ្វាង​កាសែត​ជាតិខែ្មរ ស្នើ​សុំ​តុលាការ​កំពូល​ដោះលែង ខណៈ​លោក​អនុវត្ត​ក្នុង​ពន្ធនាគារ​សល់​១១​ថ្ងៃ​ទៀត​ផុត

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល កាលពីពេលកន្លងទៅ។

ចាងហ្វា​ងកាសែត​ជាតិ​ខែ្មរ​​ម្នាក់​ ស្នើទៅតុលាការកំពូលដោះលែងខ្លួនឱ្យមានសេរីភាព ខណៈទោស​ដែល​ខ្លួន​អនុវត្តក្នុងពន្ធនាគារនៅសល់តែ១១ថ្ងៃទៀតផុតតាមការកំណត់របស់​តុលាការ។

ចាង​ហ្វាង​កាសែតជាតិ​ខែ្មរ​ លោក រស់ សុឃិត ត្រូវ​​​បាន​​សាលា​ដំបូង​រាជធានីភ្នំពេញ បានផ្ដន្ទាទោសចាងហ្វាងកាសែតជាតិខែ្មររូបនេះ ដាក់​​ពន្ធនាគារ១​ឆ្នាំ៨​ខែ និងពិន័យជាប្រាក់ចំនួន២លាន​រៀល ពាក់ព័ន្ធនឹងការបង្ហោះសារ​រិះគន់ប្រមុខរាជរដ្ឋាភិបាលនៅក្នុង​​បណ្ដាញសង្គមកាល​ពី​ឆ្នាំ​២០២០។​

តុលាការកំពូល នៅថ្ងៃសុក្រនេះ បានបើកសវនាការលើ​បណ្ដឹងសារទុក្ខមេធាវីការពារក្ដីឱ្យ​លោក រស់ សុឃិត ក្រោយពីសាលាឧទ្ធរណ៍បានតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។

ឈរនៅរង្វង់ក្រចកសេះក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ លោក រស់ សុឃិត បាន​ប្រាប់​ក្រុម​ប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល​ថា សារ​ដែល​គាត់​សរសេរ​លើទំព័រហ្វេសប៊ុកមិនមានចេតនាញុះ​ញង់​បង្ក​ភាព​វឹក​វរដល់​សង្គម​ឡើយ ដោយថា ការសរសេរសារនេះគ្រាន់តែជាបញ្ចេញមតិ និងចង់ឱ្យអ្នកតាមដានលើហ្វេសប៊ុកចាប់អារម្មណ៍លើផេករបស់ខ្លួនតែប៉ុណ្ណោះ។

លោកបន្ត​ថា ចំពោះ​មូល​ហេតុ​​ដែល​​លោក​​ប្ដឹង​សារទុក្ខ ដោយ​យល់​ថា ការ​សម្រេច​សេចក្ដីរបស់តុលាការ​ថ្នាក់​ក្រោម ដែល​ដាក់​ទោស​លោក​រហូត​ដល់​១ឆ្នាំ៨ខែ​នេះ​ ជារឿង​ធ្ងន់​​ធ្ងរ ទាំង​ដែល​លោកមិន​មាន​ចេតនា​និង​គោល​បំណង​ធ្វើឱ្យសង្គម​វឹកវរ​ដូចការចោទប្រកាន់របស់តុលាការឡើយ។

ករណីនេះ លោកស្នើទៅតុលាការដោះលែង​លោក​ឱ្យមានសេរីភាពវិញ ដោយថា គិតចាប់តាំងពីថ្ងៃចាប់ខ្លួនរហូតដល់ពេលនេះ​ នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ លោកអនុវត្តទោសចប់តាមការកំណត់របស់​តុលាការ។

ក្រោយពីស្ដាប់​សេចក្ដីសន្និដ្ឋានរបស់តំណាងអយ្យការ និងមេធាវីការពារក្ដី រួមទាំងចម្លើយជនជាប់​ចោទរួចមក ​ប្រធាន​ក្រុមប្រឹក្សាជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុន បានសម្រេច​ប្រកាស​សាលដីកា​ នៅថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ២០២១ ខាងមុខ។

បន្ទាប់​ពី​បញ្ចប់​សវនាការ លោក រស់ សុឃិត បាន​ប្រាប់អ្នកសារព័ត៌មានថា ការចោទប្រកាន់និង​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​រហូត​​ដល់១៨ខែនេះ ជា​រឿង​អយុត្តិ​ធម៌​សម្រាប់​រូប​លោក​និងគ្រួសារ។

លោកថា៖ «ទោសក្នុងពន្ធនាគាររបស់ខ្ញុំនៅសល់តែ១១ថ្ងៃទៀតទេ នឹងត្រូវដោះលែងហើយ។ ខ្ញុំនឹងបន្តអាជីពជាអ្នក​សារព័ត៌មាន​បន្ត​ទៀត ព្រោះក្រសួងព័ត៌មាន​មិនទាន់លុបអាជ្ញាបណ្ណផ្ដល់ឱ្យខ្ញុំទេ។ ខ្ញុំបន្ត ព្រោះខ្ញុំចង់លើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជាឱ្យល្អប្រសើរជាងមុន»។

មេធាវីការពារក្ដីឱ្យលោក ​រស់ សុឃិត គឺ​លោក សំ សុគង់ ប្រាប់អ្នកសារព័ត៌មាន​បន្ទាប់ចេញពីសវនាការថា គោលបំណងនៃការប្ដឹងសារទុក្ខនេះ ចង់ស្នើឱ្យតុលាការកំពូលសម្រាលទោស ហើយលុបចោលប្រាក់ពិន័យ២លានរៀល និងសុំសម្ភារ ដូចជា កុំព្យូទ័រ ទូរសព្ទ ដែលសមត្ថកិច្ច​រឹប​អូស​មក​វិញ​ផង​ដែរ។

លោក​បន្ត​ថា គិតមកដល់​ថ្ងៃនេះ​ កូនក្ដីរបស់លោកបានអនុវត្តទោសជិតគ្រប់តាមការកំណត់របស់​តុលាការ ពោល​គឺ​នៅ​សល់​១១ថ្ងៃ​ទៀតនឹងត្រូវ​ដោះ​លែង។​

លោកថា៖ «មកដល់ពេលនេះ គាត់​អនុវត្តទោស១​​ឆ្នាំជិត៦​ខែ​​ហើយ ដោយ​​នៅសល់១១ថ្ងៃ​ទៀត​ទេ នឹង​ផុត​​ទោស។ ​អ៊ីចឹ​​ងចំពោះមេធាវី​ការពារ​ គឺមានបំណង់​ចង់ឱ្យតុលាការ​កំពូល​ពិចារណាសម្រាល​ទោស​គាត់​ដែល​នៅសល់ត្រឹម​ថ្ងៃប្រកាស​សាលដីកា​តែម្ដង។ បើគិតថ្ងៃប្រកាសសាលដីកាដែល​តុលាការ​កំពូលប្រកាសថ្ងៃទី២៤ ខែធ្នូ គាត់នៅសល់តែ៤ថ្ងៃទេ»។

លោក រស់ សុឃិត ត្រូវ​បានចាប់ខ្លួន​កាលពីខែ​មិថុនា ឆ្នាំ២០២០ ដែលការចាប់​ខ្លួន​​នេះបាន​ធ្វើឡើងមួយ​ថ្ងៃក្រោយពីអ្នកកាសែតរូបនេះបាន​បង្ហោះសារ​ចំនួនពីរ​តាមទំព័រហ្វេស​ប៊ុករបស់លោក ដែលក្នុងនោះមានសារមួយសរសេរថា ​«លោក ​ហ៊ុន សែន​ នឹង​បាត់បង់​អ្វីៗ​ទាំងអស់ ​បើ​នៅ​តែ​ចចេស​ចង់​លើក​បន្តុប​កូន​ខ្លួន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ! ​យួន​មិន​គាំទ្រ ​ហ៊ុន ម៉ាណែត​ ឡើយ»។

នាយកប្រតិបត្តិសមាគមអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា ការយកបទ «ញុះញង់» មកចោទប្រកាន់លើអ្នកសារព័ត៌មាននាពេលកន្លងមក វាជាការបំភ័យដល់អ្នកសារព័ត៌មានដែលកំពុងអនុវត្តការងាររបស់ពួកគាត់ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ ដោយថា បើតាមគោលការណ៍ច្បាប់ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពផ្នែកសារព័ត៌មានផងនិងបញ្ចេញមតិផង។

លោកសង្កេតឃើញថា កន្លងមក ការចោទប្រកាន់ពីបទ «ញុះញង់» ភាគច្រើនធ្វើឡើងចំពោះអ្នក​ដែលបាន​ប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ បើទោះបីជាការបញ្ចេញមតិរបស់ពួកគាត់ទាំងនោះ មិនបានបង្កព្យសនកម្មអ្វីក៏ដោយ។

លោកថា៖ «ពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន តុលាការលោកគួរតែប្រើប្រាស់ច្បាប់ដែលជាក់លាក់ ច្បាប់ស្ដីពីរបបសារព័ត៌​មាន​ដែលយើងមានជាធរមាននៅឡើយ។ ចំណុចទី២ ចំពោះករណីនៃការចោទប្រកាន់ប្រឆាំងអ្នកសារព័ត៌មាន ឬអ្នកដែលបានប្រើប្រាស់សេរីភាព ដើម្បីបញ្ចេញមតិ ខ្ញុំយល់ឃើញថា តុលាការលោកគួរតែពិនិត្យនូវគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធផ្សេងៗទៀត ដូចជា សេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ឬកតិកាស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយជាដើម ដែលធានាសិទ្ធិសេរីភាពបញ្ចេញមតិ ហើយរដ្ឋធម្មនុញ្ញ​យើងក៏មានធានាត្រង់ចំណុចទាំងអស់ហ្នឹងដែរ។ អ៊ីចឹងហើយតុលាការលោកគួរតែផ្អែកទៅលើច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់យើង ដើម្បីយកមកពិនិត្យ ចំពោះករណីដែលត្រូវបានចោទប្រកាន់ទាំងអស់ហ្នឹង»។

របាយការណ៍ឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូងរបស់សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេមបូចា) ស្ដី​ពី «ស្ថាន​ភាព​អ្នកសារព័ត៌មាននៅកម្ពុជា» បានរកឃើញថា មាន​អ្នកសារព័ត៌មាន​ជិត១០នាក់បាន​រ​ង​​នូវ​ការ​យាយីនិងជាប់ពន្ធនាគារ ដោយ​សារ​​តែ​រាយការណ៍ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី​ ​ក្នុង​រយៈពេល៣ខែចុងក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ