កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុសកូវីដ-១៩ បំប្លែង​ថ្មី​ «អូមីក្រុង» ​មួយ​ករណី​ទៀត​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​វីរុសកូវីដ-១៩ បំប្លែង​ថ្មី​ «អូមីក្រុង» លើ​បុរស​ជន​ជាតិ​អៀរ៉ង់​មួយ​ករណី​ទៀត ដែល​គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​ឆ្លង​ជំងឺកូវីដ-១៩ អូមីក្រុង​មាន​ចំនួន ២ ករណីហើយ​នៅ​កម្ពុជា។

សេចក្ដីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹង​ថា បុរសជនជាតិ​អៀរ៉ង់ ដែល​មាន​វិជ្ជមាន​កូវីដ-១៩ បំប្លែងថ្មី​អូមីក្រុង​នេះ បាន​ធ្វើដំណើរ​តាម​ជើង​ហោះហើរ ពី​ប្រទេស​កេនយ៉ា ឆ្ពោះទៅ​កាន់ទីក្រុង​ឌូបៃ និង​បន្ត​ដំណើរ​ពី​ទីក្រុង​ឌូបៃ មក​ប្រទេស​ថៃ ទើប​ហោះហើរ​ពី​ប្រទេសថៃ​មក​ដល់​កម្ពុជា នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ក្រសួង​ដដែល​ថា បុរស​អាយុ  ២៥ ឆ្នាំរូបនេះ បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ក្រសួង​បញ្ជាក់​ថា បច្ចុប្បន្ន​បុរស​ជនជាតិ​អៀរ៉ង់​រូបនេះ ត្រូវ​បាន​ក្រសួងដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់សិន ក្នុង​រាជធានី​ភ្នំពេញ។

នេះជា​ករណី​ទី​២​ហើយ ដែល​កម្ពុជា​បាន​រក​ឃើញ​អ្នកឆ្លង​វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង   ដោយ​កាល​ពីថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា​បាន​​រក​ឃើញ​ជាលើក​ដំបូង​លើ​ស្ត្រី​ខ្មែរ​ម្នាក់ ដែលត្រឡប់​មកពី​ប្រទេស​ហ្គាណា ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​រូប​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ