លោក សុខ ទូច៖ ព្រៃលិច​ទឹក​ខេត្តកំពង់ធំ​បាត់បង់​ជាង១០ម៉ឺន​ហិកតា មិន​មែន​៣​ពាន់ហិកតា​ដូច​របាយការណ៍​មន្រ្តី​ជំនាញ

លោកបណ្ឌិត សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក?» នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា។ (វេបសាយក្រសួងព័ត៌មាន)

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច បាន​លើកឡើង​ថា ដីព្រៃលិច​ទឹក​បឹង​ទន្លេសាបក្នុង​ខេត្តកំពង់ធំ​ដែល​បាត់បង់​ជាង ១០ ម៉ឺនហិកតា មិនមែន​ជាង ៣ ពាន់​ហិកតា ដូច​របាយការណ៍​ក្រុម​មន្រ្តី​ជំនាញ​អន្តរក្រសួង​រក​ឃើញ​នោះ​ឡើយ។

ក្នុង​ពិធីបិទ​បញ្ចប់​សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​លើកទី១៦ ស្ដីពី «បរិបទ​ថ្មី​នៃ​ទំនាក់ទំនង​អាស៊ាន​ និង​សាធារណរដ្ឋកូរ៉េ» កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក សុខ ទូច ថ្លែង​ថា ដីព្រៃលិច​ទឹកបឹង​ទន្លេសាប​នៅ​ខេត្តកំពង់ធំ​បាន​បាត់បង់​ជាង ១០ ម៉ឺន​ហិកតា ប៉ុន្តែ​មន្ត្រីជំនាញ​ធ្វើ​របាយការណ៍​ដាក់​តែ​ជាង ៣ ពាន់ហិកតា​ប៉ុណ្ណោះ។ លោក​ស្នើទៅ​ក្រុម​មន្ត្រីទាំង​នោះ ឱ្យ​បង្ហាញ​ភាព​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល ដោយ​មិន​ត្រូវ​ធ្វើ​របាយការណ៍​ភូតកុហក​នោះ​ឡើយ។

លោកថា៖ «ខ្ញុំទប់​អត់​បាន តាមមើល​ថា មិន​មែន ៣ ពាន់ហិកតា​ទេ ជាង ១០ ម៉ឺនហិកតា។ សូមឱ្យអ្នកទាំងអស់​នោះមាន​ភាព​ស្មោះត្រង់​ចំពោះ​ប្រជាជន​កម្ពុជា ជាមួយ​រដ្ឋាភិបាល ខ្ញុំ​ទប់​អត់​បាន។ អ៊ីចឹង​ខ្ញុំយក​វេទិកា​នេះ ​ប្រាប់ ហើយ​សូម​ឱ្យអ្នក​ទាំងអស់​នោះ សម្ដែង​ឱ្យ​ខ្ញុំស្គាល់​ម្ចាស់​ភាគច្រើន​ហើយ តែ​សូម​ឱ្យអ្នកទាំង​នោះ​សម្ដែង​ការពិត​ជូន​រាជរដ្ឋាភិបាល។ ខ្ញុំដឹង​ថា មាន​គ្រោះថ្នាក់ ប៉ុន្តែ​ខ្ញុំ​ធ្វើ​ ដើម្បី​បុព្វហេតុ​យុវជន ហើយ​យុវជន​ត្រូវ​ត្រៀមខ្លួន​កុំពោពេញ​និយាយ​ដើម​គេ ត្រូវ​និយាយ​ស្ដីការ​ពិត​ ស្អី​ផលប្រយោជន៍​ជាតិ អាណិត​អង្គរវត្ត​ដែល​ខំ​ឆ្លាក់​ត្រីគ្រប់​រូប​ភាព»

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​រូបនេះ​បន្ត​ថា នៅលើ​ផ្ទាំង​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​មាន​ឆ្លាក់​ត្រីគ្រប់​រូបភាព​ទាំង​អស់ ប៉ុន្តែ​បើសិន​ជា​នៅ​ថ្ងៃក្រោយ ដីព្រៃលិច​ទឹក​នៅ​បឹងទន្លេសាប​ត្រូវ​បានបាត់បង់​អស់​នោះ លោក​ថា ចម្លាក់​ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​អង្គរវត្ត​សំបូរ​ដោយ​ត្រី ​មិន​មាន​ន័យ​អ្វីឡើយ។

ការលើក​ឡើង​របស់​លោក សុខ ទូច នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន  បាន​បង្ហាញ​របាយការណ៍​ក្រុមការងារ​អន្តរក្រសួង ដែល​ដឹកនាំដោយ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគររូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​រកឃើញ​ករណី​កាប់​ទន្រ្ទាន ឈូសឆាយ​ដី​ព្រៃលិច​ទឹក និង​កាន់កាប់​ដីខុស​ច្បាប់​នៅក្នុង​ខេត្តកំពង់ធំ​មាន​ចំនួន ៤០ ករណី លើ​ផ្ទៃដីត្រឹម ៣ ៥៦៦ ហិកតា ចាប់ពី​ឆ្នាំ២០១៩ រហូត​ដល់​ឆ្នាំ ២០២១ ស្ថិត​នៅក្នុង​ស្រុក​ចំនួន​បួន គឺក្រុង​ស្ទឹងសែន ស្រុកបារាយ ស្រុកស្ទោង និង​ស្រុកកំពង់ស្វាយ។

រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន សុំមិន​ធ្វើ​អត្ថាធិប្បាយ ដោយ​បង្វែរ​សំណួរ​នេះ សួរ​ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង​សំណង់វិញ។

លោកថា​៖ «សួរទៅ​ក្រសួង​ដែនដី ខ្ញុំជាកូនចៅ​ក្នុង​ក្រុម​ការងារ​ហ្នឹង​ទេ។ អ៊ីចឹង​សួរ​ទៅ​ក្រសួងដែន​ដី»

រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បាន​ឆ្លើយ​តបជា​មួយ​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​ទេ។

លោកថា៖ «ខ្ញុំអត់​ដឹង​ផង បាន​ហើយ​អរគុណ»

បើតាមអនុក្រឹត្យ​រដ្ឋាភិបាល​ចេញ​​កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ​២០១១ ដោយកំណត់​ដែន​​ព្រៃ​លិច​ទឹក​ប្រមាណ​ ៦៥ ​ម៉ឺន​ហិកតា ​ស្ថិត​ក្នុង​ខេត្ត​ចំនួន ​៦ ​ជុំវិញ​បឹង​ទន្លេសាប​ រួម​មាន ​ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង ​បន្ទាយ​មានជ័យ​ សៀមរាប​ និង​កំពង់ធំ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ២០២១ បញ្ជាក់​ជំហរ​ឡើងវិញ​ថា រដ្ឋាភិបាល​នឹង​បន្ត​ប្ដេជ្ញាចិត្តចាត់​វិធានការ​បង្ក្រាប​បទល្មើសទន្ទ្រាន​យក​ព្រៃលិច​ទឹក ដើម្បីការពារបឹង​ទន្លេសាប ខណៈបទបញ្ជា​របស់​លោកជិត​២០​ថ្ងៃមក​នេះ​ មានមន្ត្រី​មួយរូប​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន។

បើតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលទទួល​ភារកិច្ចស៊ើប​អង្កេត និង​ស្រាវជ្រាវ បាន​ចេញប្រកាស​កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា  អង្គភាព​នេះ​បាន​ឃាត់​ខ្លួនស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ អាយុ ៥១ ឆ្នាំ ដើម្បី​បន្តនីតិ​វិធី​ច្បាប់ ក្រោយពី​ពិនិត្យ​ឃើញ​ថា មន្ត្រីរូបនេះ​ជាប់ពាក់ព័ន្ធ​នឹង​ការ​កាន់​កាប់ និង​ការ​លក់ដី​ព្រៃលិច​ទឹក នៅក្នុង​តំបន់​៣ ស្ថិត​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។

មន្ត្រីកម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ កត់​សម្គាល់​ថា របាយ​ការណ៍​របស់​មន្ត្រីចាប់​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់លើ មិន​សូវ​បង្ហាញ​ពី​ការពិត​ឡើយ ដោយមាន​ការ​ភូតភរ​ច្រើន ដែល​ធ្វើឱ្យ​អ្នក​ប្រព្រឹត្ត​បទល្មើស​រួច​ខ្លួន និង​មិន​មាន​ទោសទណ្ឌ។ លោកបន្តថា កត្តា​ដែល​ជំរុញ​ឱ្យមានការ​លាក់បាំង​របាយការណ៍ និង​ទិន្និន័យ​នេះ គឺ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ផង​ដែរ។

លោកថា៖ «បើសិន​ជា​រដ្ឋាភិបាល​ដាក់​គោលការណ៍​ថា ទៅ​វាស់​ការ​ទន្ទ្រានដី​បឹង​ទន្លេសាប​ដើម្បី​រដ្ឋកាត់ឆ្វៀល​ជូន​មើល ​ខ្ញុំគិត​ថា នោះ​នឹង​ចេញ​របាយការណ៍​ពិត​ហើយ ប៉ុន្តែ​អ្វីជា​វិធានការ​តាម​ផ្លូវ​ច្បាប់ វាប៉ះពាល់​ដល់ការ​ដាក់​ទោសទណ្ឌ ហើយ​វាជា​បទឧក្រិដ្ឋ​បទអីផង។ អ៊ីចឹង​មន្ត្រី​យើងតែង​លាក់បំពួន​នូវរបាយការណ៍​ការ​ពិត ដើម្បី​ឱ្យរួច​ខ្លួន»

មាត្រា៩៨ នៃ​ច្បាប់ ស្ដីពី ជលផល បានចែងថា «ការកាប់​ឆ្ការ គាស់រាន ឈូសឆាយ​ព្រៃលិច​ទឹក និង​ព្រៃកោងកាង ឬ​ការហ៊ុមព័ទ្ធ​កាន់កាប់​ដីព្រៃលិច​ទឹក និង​ព្រៃកោងកាង ត្រូវ​ផ្ដន្ទាទោស​ពី៣ឆ្នាំ​ទៅ​៥​ឆ្នាំ ហើយ​វត្ថុតាងទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិរដ្ឋ​ ឬ​បំផ្លាញ​ចោល»។

ចំណែក​មាត្រា១០២ នៃច្បាប់ដដែល​នេះបាន​បញ្ជាក់​ថា «បើ​បទល្មើសនោះប្រព្រឹត្ត​ឡើង​ដោយអាជ្ញាធរ​ដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និង​មន្ត្រីពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវផ្ដន្ទាទោស​ពី​១ឆ្នាំ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី​៥​លាន​រៀល ទៅ៥០​លានរៀល»។

ក្នុង​មាត្រា​៣ នៃ​អនុក្រឹត្យ​នេះបាន​ចែង​ដែរថា​ «អាជ្ញាធរ​ខេត្ត​មាន​ភារកិច្ច​ កាតព្វ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​​លើ​ការ​​គ្រប់គ្រង​ ការ​ការពារ និង​​​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ ហើយ​ចំពោះ​ការ​បាត់បង់​ដែន​​ព្រៃ​លិច​ទឹក ​និង​ព្រៃ​លិច​ទឹក​ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ខេត្ត​ណា ​គណៈអភិបាល​នៃ​ខេត្ត​នោះ ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ​ចំពោះ​​មុខ​​រដ្ឋាភិបាល»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ