លោក ហ៊ុន ម៉ាណែត ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងខេត្តកណ្ដាល នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Hun Manet)

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានសម្រេច​បន្ត​​គាំទ្រ​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី និងជ្រើស​តាំង​​លោក​ ហ៊ុន ម៉ាណែត ជា​បេក្ខភាពនាយករដ្ឋមន្ត្រី​នាពេល​អនា​គត។

សេចក្ដីប្រកាសរបស់​គណបក្សប្រជាជនកម្ពុជាអំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាល​លើកទី៤៣ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ដោយបាន​សម្រេច​បោះ​ឆ្នោត​បន្ត​គាំទ្រ​លោក ​ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងលោក​ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

សេចក្ដីប្រកាសព័ត៌មាន​ដដែលក៏បានប្រកាសពីការសម្រេច​បោះឆ្នោត​ជ្រើ​ស​តាំង​បន្ថែមលោក ទៀ បាញ់ និងលោកស្រី​ ម៉ែន សំអន ជាអនុប្រធានគណបក្ស និង​ពិភាក្សាអំពីកិច្ចការមួយចំនួនស្ដីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ក្រៅពីនោះ អង្គសន្និបាតក៏បាន​យល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារនៃទស្សនៈសភាពការណ៍ឆ្នាំ២០២១ និងទិសដៅភារកិច្ច​សំខាន់ៗរបស់គណបក្សក្នុងឆ្នាំ២០២២។

អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា មាន​ប្រសាសន៍នៅក្នុងសន្និសីទ​សារព័ត៌មាននៅថ្ងៃសុក្រនេះថា ការបោះឆ្នោត​ជ្រើសតាំង​លោក ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្ត្រីនា​ពេល​អនាគតនេះ ដោយសារ​តែ​សមាជិកសមាជិកា​បក្ស​មើល​ឃើញពីគុណ​សម្បត្តិ​ និងការ​សម្រេច​បាន​នូវ​ភារកិច្ច​ធំៗជា​ច្រើនរបស់​លោក ហ៊ុន ម៉ាណែត ក្នុងផ្នែក​ការ​ពារ​ជាតិ ជាពិសេស​ការ​ចូលរួមស្ដារ​សង្គម និង​ការទប់ស្កាត់​វិបត្តិ​កូវីដ-១៩ ជាដើម​។

លោក​បន្តថា លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេល​អនាគត​តែម្នាក់​ប៉ុណ្ណោះ​ ខណៈមិនមានសមាជិក​បក្ស​ផ្សេង​ទៀតឈរឈ្មោះជា​​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នាពេល​អនាគត នៅ​​ក្នុ​ងការ​បោះឆ្នោតរបស់​អង្គសន្និ​បាតគណបក្ស​​​នោះទេ។

ចំពោះការ​សម្រេច​ជ្រើសតាំង​អនុប្រធានគណបក្ស​បន្ថែមចំនួន២រូបទៀត​នោះ លោក សួស យ៉ារ៉ា បញ្ជាក់ថា​ ដោយសារ​គណបក្ស​នេះមានសាមគ្គីភាពល្អ និង​ត្រូវការ​ព្រឹទ្ធបុរស​បន្ថែម​ទៀតក្នុងការ​ដឹកនាំគណបក្ស​ឱ្យ​កាន់តែរឹងមាំបន្ថែមទៀត។​

ជាមួយគ្នានេះដែរ លោកថា ក្នុងអង្គសន្និបាតនោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធាន​គណបក្សប្រជាជន​កម្ពុជា ក៏បាន​ថ្លែង​នូវ​​សារនយោបាយ​សំខាន់​ៗមួយចំនួន​ផង​ដែរ ក្នុងនោះ ​លោក​នាយករដ្ឋមន្ត្រីបាន​បង្ហាញពីឆន្ទៈ​​ក្នុងការ​​បន្ត​រក្សា​ឱ្យ​​បាន​នូវ​សន្តិ​ភាព ស្ថិរភាព​នយោបាយ​ជូន​ប្រទេស​ជាតិនិងប្រជាជន និង​ការ​ការ​​ពារ​អាយុជីវិត​ប្រជាជន​ក្នុង​អំឡុងវិបត្តិជំងឺកូវីដ-១៩នេះ។

អ្នកនាំពាក្យ​គណបក្សរូបនេះបន្តថា ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​រក្សា​លំនឹងសេដ្ឋកិច្ច ស្ដារសេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋ​ឡើង​វិញពីវិបត្តិកូវីដ-១៩ ព្រមទាំង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ តាមរយៈការ​អនុវត្ត​ជាទៀងទាត់នូវ​ការ​បោះឆ្នោតឃុំ-សង្កាត់ និង​ការបោះឆ្នោតជាតិនៅពេល​ខាងមុខជាដើម។

បើតាម​លោក សួស យ៉ារ៉ា ក្នុង​អង្គសន្និបាតនោះមាន​ការ​ចូលរួមពី​សមាជិកសមាជិកានៃគណៈកម្មាធិការ​កណ្ដាលចំនួន៧៧៥​រូប លើ​បរិមាណ​រួម​៨៦៥រូ​ប។

គណៈកម្មាធិការកណ្ដាល​គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវតាមរយៈសេចក្ដីប្រកាស​ព័ត៌​មាន​របស់​ខ្លួនដល់​​គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែក គ្រប់​ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រីសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា ឱ្យ​ពង្រឹង​សាមគ្គីភាព ឯកភាពផ្ទៃ​ក្នុង​រឹង​មាំ ត្រូវ​ខិត​ខំ​បន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានារបស់​គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បី​បម្រើផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម​របស់​ជាតិនិង​ប្រជាជន។

គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់​ជនរួមជាតិទាំងមូល ទាំងនៅក្នុងប្រទេសនិង​​ក្រៅប្រទេស បន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ​ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ថែរក្សា​ការ​ពារ​សន្តិ​ភាព ឯករាជ្យ អធិប​តេយ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា​ ឱ្យបាន​រឹង​មាំនិងគង់វង្ស។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាអំពាវ​​នាវ​​ដល់​​ជ​​ន​​រួម​​ជាតិបន្ត​​អនុវត្ត​យ៉ាងខ្ជាប់​ខ្ជួន​នូវវិធាន​​សុវត្ថិភាព​​សុខាភិបាល សំដៅការពារ​មិនឱ្យជំងឺ​កូវីដ-១៩អាចឆ្លង​រាល​ដាល​ជាថ្មីទៀតបាន និង​​រួ​ម​គ្នា​​ស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ